ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-24-15-e-full

ក្លិប West Ham​តាម​ប្រ​ម៉ាញ់​ទិញ​កីឡាករ Javier Hernandez របស់​ក្លិប Real Madrid

ក្លិប West Ham​មាន​គម្រោង​នឹង​ទិញយក​វិ​រ​បុរស​គ្រាប់​បាល់​របស់​ក្លិប Real Madrid​នៅ​ការប្រកួត​អឺរ៉ុប គឺ​កីឡាករ Javier Hernandez ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​ក្រុម​របស់​ពួកគេ​។​

​កីឡាករ Hernandez វ័យ​២៦​ឆ្នាំ ដែលជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប Real Madrid​ពី​ក្លិប បិសាច​ក្រហម Man Utd​នោះ រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Champions League លើ​ក្រុម Atletico Madrid កាលពី​ថ្ងៃ​អង្គារ។

ទោះបីជា​យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ​ម្នាក់នេះ លេង​បានតែ​២​លើក​ប៉ុណ្ណោះ​ឲ្យ​ក្រុម​របស់លោក Carlo Ancelotti នៅ​ការប្រកួត La Liga ហើយ​គាត់​នឹង​វិលត្រឡប់​មកកាន់​ទឹកដី Old Trafford​វិញ នៅ​ដំណាច់​រដូវ​កាល​នេះ ជា​កន្លែង​ដែល​គាត់​សល់​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ​នៅក្នុង​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់គាត់ ហើយ​គាត់​ក៏​មិន​ស្ថិតនៅក្នុង​ផែនការ​លេង​ក្នុង​ក្រុម​របស់លោក Louis van Gaal​ផងដែរ​។ ដូច្នេះហើយ គាត់ នឹង​ត្រូវគេ​ដាក់លក់​ក្នុងតម្លៃ​៧​លាន​ផោន។

សូមបញ្ជាក់ថា មាន​ចំណាប់អារម្មណ៍​ច្រើនណាស់​ពី​ក្លិប​លេង​នៅ​ក្របខណ្ឌ Barclays Premier League លើ​សេវ​កម្ម​លេង​របស់​កីឡាករ​ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​មិ​ក​ស៊ី​កូ ម្នាក់នេះ ប៉ុន្តែ​ក្លិប West Ham បាន​រៀប​ជើង​ព្រួល​រួចជាស្រេច​សម្រាប់​ការ​តាម​ប្រ​ម៉ាញ់​យក​កីឡាករ​ម្នាក់នេះ​ឲ្យ​ខាងតែបាន។

ខណៈនោះ​ដែរ ក្លិប West Ham បាន​សំឡឹងមើល​ការ​តាម​ប្រ​ម៉ាញ់​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Moussa Konate វ័យ​២២ ឆ្នាំ របស់​ក្លិប​ស្វី​ស FC Sion និង​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pedro Obiang វ័យ​២៣​ឆ្នាំ​របស់​ក្លិប Sampdoria ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684