ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-24-15-j-full

ឥណ្ឌូណេស៊ី បញ្ជា​ឲ្យ​ត្រៀមលក្ខណៈ​ប្រហារជីវិត អ្នករត់ពន្ធ​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី​ទាំងពីរ

ឥណ្ឌូណេស៊ី បាន​បញ្ជា​ឲ្យ​ត្រៀមលក្ខណៈ​សម្រាប់​ការ​កាត់ទោស​ប្រហារជីវិត​ជនល្មើស​រត់ពន្ធ​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី ទាំងពីរ​នាក់។

លោក Andrew Chan និង Myuran Sukumaran មេដឹកនាំ​នៃ​ក្រុម​រត់ពន្ធ​ហេ​រ៉ូ​អ៊ីន “Bali Nine” ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០០៦។

អ្នកនាំពាក្យ​អគ្គ​រដ្ឋអាជ្ញា​របស់​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ត្រូវ​បាន​ប្រាប់​ឲ្យ​ចាប់ផ្តើម​ត្រៀមខ្លួន ប៉ុន្តែ​មិនបាន​កំណត់​កាលបរិច្ឆេទ​ចុងក្រោយ​នោះ​ទេ។ បុរស​ទាំងនេះ​ត្រូវតែ​បាន​ផ្តល់​សេចក្តី​ជូនដំណឹង​រយៈពេល ៧២​ម៉ោង​នៃ​ការប្រហារជីវិត​របស់​ពួកគេ។

លោក Tony Spontana ដែល​ជា​អ្នកនាំពាក្យ​នៃ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​បាន​និយាយ​ថា​សេចក្តី​បញ្ជា​នេះ​ត្រូវ​បាន​ចេញផ្សាយ​ដើម្បី​ឲ្យ​បណ្តា​មន្ត្រី​រៀបចំ​ពី​តួនាទី​របស់​ពួកគេ។

មេធាវី​របស់​អ្នកទោស​ម្នាក់​បាន​សម្តែង​ការព្រួយបារម្ភ​លើ​ការវិវត្ត​ចុងក្រោយ​បំផុត​នេះ។

លោក Peter Morrisey បាន​ប្រាប់​សារព័ត៌មាន ABC ថា ដំណើរការ​ផ្លូវច្បាប់​គឺ​មិនទាន់​បញ្ចប់​ទេ​ប៉ុន្តែ​ថា​វា​មើលទៅ​ហាក់បីដូចជា ការិយាល័យ​មេធាវី​កំណត់​ទៅមុខ​និង​ប្រញាប់ប្រញាល់​ពេក​។​

​ ​បុរស​ទាំងពីរ គឺមាន​បណ្តឹងឧទ្ធរណ៍​សុំ​ការអត់អោន​រួចទៅហើយ ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo កាលពីដើម​ឆ្នាំនេះ។

លោក Widodo ដែល​បាន​ឡើងកាន់តំណែង​នៅក្នុង​ឆ្នាំ​២០១៤ គឺមាន​គោលនយោបាយ​បដិសេធ​មិន​អត់អោន​ចំពោះ​ជនល្មើស​គ្រឿងញៀន​ដោយបាន​និយាយថា ការជួញដូរ​គ្រឿងញៀន​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

អ្នកទោស​ដប់​នាក់​កំពុង​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ប្រហារជីវិត​ចំពោះ​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ដោយ​រួមទាំង​អ្នក​មកពី​ប្រទេស​ប្រេ​ស៊ី​ល បារាំង នី​ហ្សេ​រី​យ៉ា និង ហ្វីលីពីន​ផងដែរ​។​

​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មន្ត្រី​ស្ថានទូត​មួយចំនួន​តំណាង​អ្នកទោស​ត្រូវបាន​កោះហៅ​ឲ្យ​ទៅ​ជួប​ជាមួយ​មន្ត្រី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សៅរ៍។

លោក Spontana ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នកទោស​ដែល​ត្រូវ​មានទោស​ប្រហារជីវិត​ម្នាក់ទៀត​គឺ នាង Mary Jane Fiesta Veloso នឹង​ត្រូវបាន​ផ្លាស់​ទៅកាន់​ពន្ធនាគារ Nusakambangan នៅ​ថ្ងៃ​សុក្រ​នេះ ដែលជា​កន្លែង​កាត់ទោស​ប្រហារជីវិត​។ ចំណែក​ជនជាតិ​អូស្ត្រាលី​ទាំងពីរ​នេះ​ត្រូវបាន​គេ​យកទៅ​ទីនោះ​រួចហើយ។

គួរ​បញ្ជាក់ថា Chan និង Sukumaran ត្រូវបាន​ចាប់ខ្លួន​នៅ​កោះ​បាលី​ក្នុង​ឆ្នាំ​២០០៥ ខណៈពេលដែល​ពួកគេ​ព្យាយាម​រត់ពន្ធ​ហេ​រ៉ូ​អ៊ីន​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ តុលាការ​បានសម្រេច​ថា​ពួកគេ​បានរៀបចំ​ប្រតិបត្តិ​ការរត់ពន្ធ​ដែលមាន​សមាជិក​ប្រាំបួន​នាក់។

​ ​ឥណ្ឌូណេស៊ី បានទទួល​ការរិះគន់​យ៉ាង​ធ្ងន់​ពី​បណ្តា​ប្រទេស​ផ្សេងទៀត ដែលមាន​ពលរដ្ឋ​រប​ស់​ខ្លួន​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស​ប្រហារជីវិត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684