ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-24-15-m-full

ប្រាសាទ ភ្នំ​បូក ឋិត​ក្នុង​សភាព​ស្ងាត់ជ្រងំ

នៅ​មូលដ្ឋាន​ខេត្តសៀមរាប គេ​បាន​ដឹង​ថា​មាន​ប្រាង្គ​ប្រាសាទ​ប្រកបដោយ​ប្រជាប្រិយភាព​មាន​ភ្ញៀវ​ចូល​ទស្សនា​យ៉ាង​កុះករ រាល់ថ្ងៃ ឬ​រាល់ថ្ងៃ​បុណ្យទាន​។ ប៉ុន្តែ​ក៏មាន​ប្រាង្គ​ប្រាសាទ​តូចតាច​ខ្លះ ឋិត​នៅ​ដាច់ស្រយាល​ពី​គេ បណ្តាលអោយមាន​សភាព​ស្ងាត់ជ្រងំ​ពោលគឺ​មិនសូវ​សំបូរ​ភ្ញៀវ​ចេញចូល​ទស្សនា​នោះទេ​។ ជាក់ស្តែង​ដូច​ប្រាសាទ ភ្នំ​បូក​ជាដើម។

ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព និង​ប្រវត្តិ​ព័ត៌មាន​ពី​ភ្នំ​បូក​នោះ តាមរយៈ​សៀវភៅ​តំបន់​ទេ​សចណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​អ្នកនិពន្ធ កែវ​.​ភួង​ទំព័រ ១៥៣ បានអោយដឹង​ដោយ​សង្ខេប​ថា ភ្នំ​បូក​ឋិត​នៅ​ភាគ​ឦសាន​នៃ​បារាយណ៍​ខាងកើត​។ នៅ​លើ​ភ្នំ​នេះ​មាន​ប្រាសាទ​អំពី​ថ្មភក់​មាន​តួ​ប៉ម​បី​ដែល​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​៩ និង​នៅ​ដើម​សតវត្សរ៍​ទី​១០ ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា​។ ការបង្ហាញ​បន្តទៅទៀត​បានអោយដឹង​ថា ភ្នំ​នេះ​អ្នកស្រុក​ហៅ​សព្វថ្ងៃ​ថា ភ្នំ​បូក ប៉ុន្តែ​មិនដឹងថា ភ្នំ​បូក គឺ​គ្មាន​អ្នកប្រវត្តិសាស្ត្រ ឬ​រឿងព្រេង​ណា​និយាយ​អំពី​ប្រ​វ​តិ្ត​នៃ​ឈ្មោះ ភ្នំ​នេះឡើយ​។ ដោយឡែក​ចំពោះ​ប្រាសាទ​ដែល​ស្តេច​កសាង​លើ​ភ្នំ​នោះ​ក៏​គេ​ហៅ​ឈ្មោះ​តាម​ឈ្មោះ​ភ្នំ​ដែរ គឺ​ប្រាសាទ ភ្នំ​បូក​មកទល់នឹង​បច្ចុប្បន្ននេះ​។​

ទោះជា​ប្រាសាទ ភ្នំ​បូក​មិនសូវ​ល្បីល្បាញ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅមក​ទស្សនា​កំសាន្ត​ក្តី​ក៏​ទីនោះ​ជា​បូជនីយដ្ឋាន​បុរាណ​ដែល​បុព្វបុរស​បាន​កសាង​ក្នុង​រយៈពេល​កន្លងមក​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​។ ជាពិសេស​ប្រាសាទ ភ្នំ​បូក ក៏​ជា​ពពួក​នៃ​ប្រាសាទភ្នំ ធម្មជាតិ​ដូចជា​ប្រាសាទភ្នំ បាខែង​, ប្រាសាទ ភ្នំ​ព្រះវិហារ និង​ប្រាសាទភ្នំ ជី​សូរ​ផងដែរ​។ ជាពិសេស​ចំពោះ​មរតក​វប្បធម៌​នៃ​សំណង់​ប្រាង្គ​ប្រាសាទ ភ្នំ​បូក​គឺ​មិន​សុខ​ពីគ្នា​ប៉ុន្មាន នឹង​សំណង់​ប្រាសាទភ្នំបាខែង​នោះទេ​។ ប្រការ​សំខាន់​គួរ​អោយកត់សំគាល់​ទៀត​នោះ គឺ​ប្រាសាទភ្នំបាខែង​និង​ប្រាសាទ ភ្នំ​បូក មាន​ម្ចាស់​ស្ថាបត្យកម្ម​តែមួយ​ដែល​ជា​ស្នាព្រះហស្ត​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ដូចគ្នា​។ គេ​អាច​ធ្វើការ​សន្និដ្ឋានថា ប្រាសាទ ភ្នំ​បូក​ជា​ពុម្ព​គំរូ​នៃ​ប្រាសាទភ្នំបាខែង​ក៏​ថា​បានដែរ​។ ដ្បិត​ប្រាសាទ ភ្នំ​បាខែង​ជា​ប្រាសាទធំ ស្កឹមស្កៃ និង​ស្តុកស្តម្ភ ជាង​ប្រាសាទ ភ្នំ​បូក​គឺអាច​ព្រះមហាក្សត្រ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ព្រះអង្គ​កសាង​ប្រាសាទតូច​នៅ​ភ្នំ​បូក សម្រាប់​ជា​ការដកពិសោធន៍​ដើម្បី​ប្រើ​កម្លាំង​ធំ​និង​ជាការ​ចំណាយ​ធំ​ដើម្បី​កសាង​ប្រាសាទ ភ្នំ​បាខែង​ទុកជា​ស្នូល ឬ​ជា​មជ្ឈមណ្ឌល​ដ៏​សក្តិ​សិទ្ធ​នៃ​ក្រុង​អង្គរ​។​

ការកត់សំគាល់​ម្យ៉ាងទៀត​បានអោយដឹងថា​កាលណោះ ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​បានទទួល​យក​ជា​មរតក​វប្បធម៌​ក្នុងការ​បន្ត​និយម​កសាង​ប្រាសាទភ្នំ ដែល​ចម្លង​ចេញពី​ប្រពៃណី​ប្រារព្ធ​ពិធី​ទេវរាជ ពី​ភ្នំ​គូលែន​តាមរយៈ​ព្រះបាទ ជ័យ​វរ្ម័នទី​២ កាលពី​គ​.​ស​៨០២​។ ទន្ទឹមនេះដែរ​ក៏​គេ​បានដឹងថា ពពួក​ប្រាសាទភ្នំ​ទាំង​អស់គេ​ចាត់ទុកជា​ភ្នំ​ព្រះ​សុមេរុ ក្នុង​ផ្នត់គំនិត​ដូនតា​ខ្មែរ បាន​ប្រតិស្ឋាន​ទុកជា​លំនៅដ្ឋាន​នៃ ព្រះអាទិទេព ដ៏​មាន​ឥទ្ធិពល​ទាំងបី​អង្គ គឺ​ព្រះ​ឥសូរ​, ព្រះ​នារាយណ៍ និង​ព្រះព្រហ្ម​។ ជាក់ស្តែង​ប្រាសាទ​ដែលមាន​តួ​ប៉ម​ទាំង​៣ កសាង​អំពី​ឥដ្ឋ​ដី​ដុត នៅ​ប្រាសាទ ភ្នំ​បូក​នោះ សម្រាប់​ឧទ្ទិស​ដល់​ព្រះអាទិទេព​ទាំងបី​អង្គ​ហៅថា ត្រី​មូរ​តិ​។ ក្នុង​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​ទេវរាជ​របស់​ព្រះមហាក្សត្រ​នា​សម័យ​នោះ​ព្រះអាទិទេព​ចម្បង​គេ​គឺ ព្រះ​ឥសូរ​ឬ​ព្រះ​សិវលិង្គ​តែម្តង​, បន្ទាប់មក​គឺ​ព្រះ​នារាយណ៍ និង​ព្រះព្រហ្ម​។ បានសេចក្តីថា​សំណង់​នៃ​ប្រាង្គ​ប្រាសាទ​នេះ ដើម្បី​ដំឡើង​បារមី ឬ​ឫទ្ធានុភាព​នៃ​ព្រះមហាក្សត្រ​អោយ​ខ្លាំងពូកែ​ស្មើនឹង​អាទិទេព​ដែល​គ្រប់គ្រង និង​ដឹកនាំ​ផែនដី​។ ជាពិសេស​គេ​តែង​យល់ថា ព្រះមហាក្សត្រ​មានអំណាច​ដូច​ព្រះអាទិទេព​ដែរ ក្នុងការ​ប្រទាន​នូវ​សិរី​មង្គល​ដល់​ប្រជារាស្ត្រ​ក្នុង​ព្រះ​នគរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684