ព័ត៍មានទាន់​ហេតុការណ៏
Search
030

រថយន្ត​អភិបាលខណ្ឌ​៧​មករា​បើក​បុក​ក្លោងទ្វារ​ ច្រកចូល​សាលា​រាជធានី​របួស​បែកក្បាល​លោកនាយក​រដ្ឋ​ខណ្ឌ​ម្នាក់​

ភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស​៤៧០​ជា​របស់​អភិបាលខណ្ឌ​៧​មករា​ខណៈ​បើក​ចេញពី​សាលា​រាជធានី​ប្រហែលជា​តៃកុង​អ្នកបើកបរ​ស្នន់​មួយ​ភ្លែត​ច្រឡំ​ហ្គ័រ​ថា ប្រាំង​ជាន់​ច្រឡំ​ បណ្តាល​ឲ្យ​ហោះ​ស្ទុះ​ទៅ​បុក​របង​ថ្ម​ច្រកចូល​សាលា​រាជធានី​ទាំង​កំរោល​ បណ្តាល​ឲ្យ​លោកនាយក​រដ្ឋបាល​សាលា​ខណ្ឌ​៧​មករា​ម្នាក់​ត្រូវរបួស​បែកក្បាល​ហូរឈាម​ជោក​អាវ​និង​លោក​លីម សុភា ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា ដែល​កំពុង​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​ដែរ​មានសំណាង​ល្អ​មិន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​គ្រាន់តែ​បោក​ផ្ទប់​ និង​ពូករថ​យន្ត​ឈឺខ្លួន​ប្រាណ​តិចតួច​តែប៉ុណ្ណោះ​។​

ហេតុការណ៍​គ្រោះ​ដែល​នឹក​ស្មាន​មិន​ដល់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ​ខែមេសា ឆ្នាំ​២០១៥​នៅ​ចំណុច​ក្លោងទ្វារ​ច្រកចូល​ចំហៀង​ខាងជើង​នៃ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ផ្លូវ​មុនី​វង្ស​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​៤៧០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២W៦៩៩៩ ជា​របស់​លោក​លីម សុភា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា​បាន​បើក​មក​សាលា​រាជធានី​ភ្នំពេញ​មក​ឈប់​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ស្ថិត​ខាងមុខ​ច្រកទ្វារ​កន្លែង​កើតហេតុ​ លុះ​ពេល​លោក​អភិបាលខណ្ឌ​៧​មករា​និង​លោក​ងួន ប៊ុណ្ណា​ន ជា​នាយក​រដ្ឋបាល​សាលា​ខណ្ឌ​៧​មករា បាន​នាំគ្នា​ចេញពី​ក្នុង​សាលា​រាជធានី​ភ្នំពេញ​វិញ​ខណៈ​នោះ​គេ​ឃើញ​តៃកុង​រថយន្ត​របស់​អភិបាលខណ្ឌ​ បាន​បញ្ឆេះ​រថយន្ត​ព្រមទាំង​បើក​ម៉ាស៊ីន​ត្រជាក់​ជាស្រេច​រង់ចាំ​ឲ្យ​លោក​អភិបាលខណ្ឌ​ និង​លោកនាយ​រដ្ឋបាល​នាំគ្នា​ចូលក្នុង​រថយន្ត​ឡិច​ស៊ីស​នោះ​ដោយ​លោក​អភិបាលខណ្ឌ​៧​មករា​អង្គុយ​ខាងក្រោយ​ផ្នែក​ខាងស្តាំ​ដៃ​ និង​លោកនាយក​រដ្ឋបាល​ខណ្ឌ​អង្គុយ​ខាង​ក្រោយផ្នែក​ខាង ឆ្វេង។

ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា ខណៈពេល​ដែល​លោក​អភិបាលខណ្ឌ​និង​លោក​នាយក​រដ្ឋបាល​ខណ្ឌ​ចូល​អង្គុយ​ស្រួលបួល​នៅក្នុង​រថយន្ត ​ហើយ​នោះ​ក៏​អ្នកបើកបរ​(​តៃកុង​រថយន្ត​របស់​លោក​អភិបាលខណ្ឌ​)​បាន​បើក​រ៉ឺ​យ៉ែ​ថយ​ក្រោយ​ចុះ​ពី​ចិញ្ចើម​ផ្លូវ​ ដោយមាន​ទាំង​ក្រុម​សន្តិសុខ​ប្រចាំការ​នៅ​ខាងមុខ​សាលាក្រុង​បាន​ប្រមាណ​៤​ទៅ​៥​នាក់​បាន​ជួយ​ស៊ីញ៉ូ​បើកផ្លូវ​ទៀត​ផង ហើយ​រថយន្ត​នោះ​ពេល​ដែល​បើក​ ចុះ​ពី​ចិញ្ចើមផ្លូវ​ក្នុង​បំណង​បើកចូលទៅ​ក្នុង​បរិវេណ​សាលាក្រុង​ដើម្បី​ចេញ​វិញ​នៅ​ច្រក​កណ្តាល​នោះ​ក៏​ស្រាប់តែ​តៃកុង​ឡាន​រូប​នោះ​ប្រហែលជា​គាត់​ភាំង​ស្មារតី​មួយ​ភ្លែត​ច្រឡំ​ជាន់​ហ្គែរ​ដោយ​ស្មានថា​ប្រាំង​ ទើប​រថយន្ត​ស្ទុះ​ទៅ​បុក​ច្រកទ្វារ​ចំហៀង​ខាងជើង​ទាំង​កំរោល​ផ្ទប់​និង​របង​ថ្ម​ធ្វើ​ឲ្យ​លោក​ងួន ប៊ុណ្ណា​ន នាយក​រដ្ឋបាល​ខណ្ឌ​ដែក​អង្គុយ​ខាងឆ្វេង​ដៃ​ផ្នែក​ខាងក្រោយ​ត្រូវ​បោក​ផ្ទប់​ និង​ពូក​ខាង​មុខរបួស​បែកក្បាល​ហូ​ឈាម​ជោក​អាវ​តែម្តង​។​

ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា ចំណែក​លោក​អភិបាលខណ្ឌ​៧​មករា​វិញ​ដែល​លោក​អង្គុយ​ខាងក្រោយ​ខាងស្តាំ​មានសំណាង​មិន​របួស​ធ្ងន់ធ្ងរ​ឡើយ​ដោយ គ្រាន់តែ​បោក​ផ្ទប់​និង​ពូករថ​យន្ត​ដូចគ្នា​ត្រូវ​ឈឺខ្លួន​ប្រាណ​ខ្លះ​ដែរ​។ រីឯ​អ្នកបើកបរ​វិញ​មិន​ក៏មាន​បញ្ហា​ដែរ​។​បន្ទាប់មក​លោក​នាយក​រដ្ឋបាល​ខណ្ឌ​៧​មករា​រូប​នោះ​ក៏ ត្រូវ​បាន​គេ​ប្រញាប់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ព្យាបាល​របួស​ផងដែរ​។ ក្នុងខណៈ​នោះដែរ​ គេ​ឃើញ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​បាន​ចេញ​មក​ចោមរោម​មើល​ហេតុ​រួច​ប្រញាប់​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល​ព្រោះ​ខូច​ខាត​ផ្នែក​ខាងមុខ​រួច​ចូលគ្នា​ស្ទើរ​ទាំងស្រុង​តែម្តង​ និង​ម្យ៉ាងវិញទៀត ដើម្បី​បញ្ចៀស​នៃ​ការ​កក​ស្ទុះ​ចរាចរណ៍​ក្នុង​ពេល​កើតហេតុ​នោះ​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684