ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-25-15-l-full

ប្រាសាទ លាក់​នាង ក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រា​វរ្ម័ន

នៅ​ខេត្តសៀមរាប​គេ​ឃើញ​មាន​ប្រាសាទ​ពីរ​ដែល​កសាង​ឡើង​ដោយ​សម័យកាល​ខុសគ្នា​តែមាន​ឈ្មោះថា ប្រាសាទលាក់នាង ដូចគ្នា​គឺ ប្រាសាទ លាក់​នាង​កសាង​ដោយ​ព្រះបាទ​រា​ជិ​ន្ទ្រា​វរ្ម័ន​ក្នុង​សតវត្សរ៍​ទី​១០ និង​ប្រាសាទ លាក់​នាង​កសាង​ដោយ​ព្រះបាទ ជ័យ​វរ្ម័នទី​៧ ក្នុង​ចុង​សតវត្សរ៍​ទី​១២​។ ប៉ុន្តែ​ខណៈ​នេះ​ខ្ញុំ​លើក​យកមក​វិភាគ​បង្ហាញ​តែ​ប្រាសាទលាក់នាង ក្នុង​សតវត្សរ៍​ទី​១០ ប៉ុណ្ណោះ​ដើម្បី​ជា​ជំនួយ​នៃ​ការចងចាំ ក្នុងការ​រួមចំណែក​ប​ញ្ជា​ក់អំ​ពី​ប្រវត្តិ​ពត៌មាន​នៃ​ប្រាសាទ​នេះ​។​

​ ​បើតាម​ឯកសារ ជា​សៀវភៅ​មាន​ចំណងជើង​ថា តំបន់​ទេសចរណ៍ នៃ​ព្រះរាជណាចក្រ​កម្ពុជា​បោះពុម្ព​លើក​ទី​២ ឆ្នាំ​២០០៥ របស់លោក កែវ​.​ភួង ទំព័រ​១៤៤ បានឲ្យដឹងថា ប្រាសាទលាក់នាង​មាន​ទីតាំង​ឋិត​នៅ​ជិត ឬ​ស្ទើរ​ជាប់​ប្រាសាទប្រែរូប ផ្នែក​ខាង​ទិសឦសាន​ដែលមាន​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ នៅ​ខាងកើត​ផ្លូវ​ចូលទៅ​ភូមិ​តា​ព្រៃ​។ ប្រាសាទ​នេះ​កសាង​អំពី​ឥដ្ឋ​ដី​ដុត​ហើយ​ដែល​បែរមុខ​ទៅ​ទិសខាងកើត​។ សំណង់​ស្ថាបត្យកម្ម​នេះ​កសាងឡើង​ក្នុង គ​.​ស​៩៦០ ដោយ​ព្រះបាទ​រា​ជិ​ន្ទ្រា​វរ្ម័ន​ក្នុងការ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា​។​

តាម​សេចក្តីពន្យល់ បង្ហាញ​អំពី​ប្រាសាទលាក់នាង​ផ្នែក​ខាង ក្រោម​នៃ​អត្ថបទ​នេះ​បានអោយដឹងថា ប្រាសាទ​ដែល​មាន​ឈ្មោះថា លាក់​នាង ភាគច្រើន​ជា​ប្រាសាទ​រាង​តូច​ហើយ​ស្អាត។ ប៉ុន្តែ​បើ​តាម​ការពន្យល់​អំពី​ប្រាសាទ លាក់​នាង​ជា​ស្នា​ព្រះហស្ត​កសាង​ដោយ​ព្រះបាទ ជ័យ​វរ្ម័នទី​៧ វិញ​បានឲ្យដឹងថា ឈ្មោះ​ប្រាសាទ លាក់​នាង​នោះ​សំដៅ​ឲ្យដឹងថា​ការយក នាង​ទៅ​លាក់ទុក​នៅ​ទីនោះ ដើម្បី​កុំ​អោយគេ​តាម​រក​ឃើញ ដែល​នាង​នោះ​ភាគច្រើន​ជា​កូន​ស្តេច ក្នុង​ពេល​មាន​វិបត្តិ​នានា ដូចជា​វិបត្តិ​ក្នុង​រឿង​ស្នេហា​ជាដើម​។ ចំពោះ​ការពន្យល់​បញ្ជាក់​នេះ​ក៏​ហាក់ដូចជា​មតិ​ទូទៅ​បាន​យល់ស្រប​យ៉ាង​នេះដែរ ឬក៏​ជាការ​ពន្យល់​ដែលមាន​លក្ខណៈ​សម​ហេតុ​សម​ផល​ច្រើន​គួរ​យកជាការបាន។

​ ​យើង​គិត​អំពី​កាលបរិច្ឆេទ​នៃ​ការកសាង​ប្រាសាទ លាក់​នាង និង​ប្រាសាទប្រែរូប គឺ​ខុសគ្នា​តែមួយ​ឆ្នាំ​ទេ​គឺ ប្រាសាទ លាក់​នាង​កសាង​នៅ​គ​.​ស​៩៦០ រីឯ​ប្រាសាទប្រែរូប​វិញ កសាង​ក្នុង​គ​.​ស​៩៦១ ដែលជា​ស្នា​ព្រះហស្ត​ព្រះបាទ​រា​ជិ​ន្ទ្រា​វរ្ម័ន​ដូចគ្នា ហើយក៏​ជាការ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា ក៏​ដូចគ្នា​ដែរ​។ ផ្តើមចេញពី​កាល​បរិច្ឆេទ​នៃ​ការកសាង​ប្រាសាទ​ទាំងពីរ​នេះ​ដែល​នៅ​ជិតគ្នា​បង្កើយ ហើយ​ដែលមាន​ព្រះមហាក្សត្រ ជា​ម្ចាស់​ប្រាសាទ​ដូចគ្នានេះ​គេ​យល់ថា ប្រាសាទ លាក់​នាង​ដែលមាន​ទំហំ​តូច​នេះ​ជា​គំរូ​សម្រាប់​ចម្លង​ទៅ​កសាង​ប្រាសាទប្រែរូប ដ៏​ធំ​នៅក្បែរ​គ្នា​ផងដែរ។

មតិ​វិភាគ​ម្យ៉ាងទៀត​ទៅតាម​ជំនឿ​ពី​បុរាណ​ដែលមាន​មូលដ្ឋាន​ពី ព្រហ្មញ្ញ សាសនា ដែរ​នោះ គឺ​ទិសឦសាន​ជា​ទិស របស់​ព្រះ​ឥសូរ ឬ​ជា​ទិស​នៃ​ពន្លឺ​និង​លម្អ​។ បាន​សេចក្តី​ថា ទាំង​ប្រាសាទ លាក់​នាង និង​ទាំង​ប្រាសាទ ប្រែ​រូប​សុទ្ធតែ​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ ដូចនេះ​ចំពោះ​ការ​និយម​រៀបចំ​ទី​សក្ការបូជា នៅ​ទិសឦសាន​គឺ​តែង​មាន​ជានិច្ច​។ ព្រោះ​ទិសឦសាន​នោះ​ហើយ​ជា​ទិស​ធំ​របស់​ព្រះ​ឥសូរ​។ ជាក់ស្តែង​រហូតមកទល់ នឹង​បច្ចុប្បន្ននេះ​ក៏​ប្រជាពលរដ្ឋ​យើង​និយម​រៀបចំ​ទីកន្លែង​ព្រះ​ភូមិ ឬ​ការយក​សម្ភារៈ​ជា​ដង្វាយ​នានា យកទៅដាក់​នៅ​ទិសឦសាន ពី​ទីលំនៅ​យើង​ដែរ​។ នេះ​ជាការ​សំគាល់ថា ជា​ទិស​ដ៏​ល្អ ប្រកបដោយ​ជោគជ័យ​សិរី​មង្គល ដែល​ដូនតា​និយម តាំងពី​បុរាណកាល​មកទល់នឹង​បច្ចុប្បន្ននេះ​។​

ដូចនេះ​យើង​កាន់តែ​បាន​យល់​អំពី​ទីតាំង​ប្រាសាទ លាក់​នាង ថា​ពិត​ទី​សណ្ឋិត​នៃ​វត្ថុ​សក្តិ​សិទ្ធិ​ក្នុងការ​ថែរក្សា ប្រាសាទ ប្រែ​រូប ក៏មាន​ន័យ​ដូច​តូប​ព្រះ​ភូមិ​សម្រាប់​ជាទី​សក្ការបូជា ក្នុងន័យ​អោយជួយ​ថែរក្សា​លំនៅដ្ឋាន​យើង​ដែរ​។ ការយល់​បន្ថែមទៀត​នោះ​តាមរយៈ​ការ​សន្និដ្ឋានថា ព្រះ​ឥសូរ​ព្រះអង្គ​មាន​មហេសី​ច្រើន​អង្គ (៩​អង្គ​)​ម្ល៉ោះហើយ​ចំពោះ​ប្រាសាទ លាក់​នាង អាចជា​កន្លែង​តំណាង​នូវ​វិមាន ឬ​ព្រះរាជដំណាក់​របស់​ព្រះ​មហេសី​របស់​ព្រះអង្គ​ផងដែរ​។ គេ​យល់​ម្យ៉ាង​ទៀតថា ប្រាសាទលាក់នាង ប្រហែលជា​បូជនីយដ្ឋាន​មួយ​ដែលមាន​តម្កល់​ចម្លាក់​បដិមា​តំណាង ព្រះ​នាង​ឧមា​ទេ​ដឹង​?…៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684