ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-25-15-n-full

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី – លោក សម រង្សី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត​កម្ពុជា ចំនួន​២៩០ នាក់ ដែល​កំពុងស្នាក់នៅ​បំពេញការងារ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី

នៅ​ទីក្រុង​កូ​ឡា​ឡា​ពួរ ប្រទេស​ម៉ាឡេស៊ី ជាទី​កន្លែង​នៃ​ការ​ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ការងារ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦ នៅ​រសៀល​ថ្ងៃទី​២៥​មេសា មុន​មួយថ្ងៃ​នៃ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក សម រង្សី ប្រធាន​ក្រុម​ភាគតិច​ក្នុង​សភា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត​កម្ពុជា ចំនួន​២៩០​នាក់ ដែល​កំពុង​ស្នាក់​នៅ​បំពេញការងារ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​តាម​បែប​វប្ប​ធម៌​សន្ទនា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់ តំណាង​ស្ថាប័ន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើនរូប។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​តាម​បែប​វប្បធម៌​សន្ទនា​គ្នា​នោះ លោក សម រង្សី និង​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​រួមគ្នា ដោយ​បាន​បង្ហាញ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត​ទាំងអស់ ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ពិសេស​បញ្ជាក់​ជូន​ដល់​សាធារណមតិ​អន្តរជាតិ​ថា ការ​ជួប​ជុំគ្នា​នៅ​ថ្ងៃនេះ គឺ​កើត​ចេញពី​ការដាក់ចេញ​នូវ​វប្បធម៌​សន្ទនា​គ្នា ដែល​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ​និង​លោក សម រង្សី។ សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា លទ្ធផល​នៃ​ការ​បង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​នេះ គឺជា​ជំ ហាន​ថ្មី​មួយទៀត ដែល​ជនជាតិ​កម្ពុជា​ខ្លួន​ឯក​ផ្ទាល់​ជា​អ្នក​បង្កើតឡើង បន្ទាប់ពី​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ មក​នោះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយទៀត របស់​កម្ពុជា​ដើម្បី​ឲ្យ​អន្តរជាតិ​មើលឃើញ ហើយក៏​មាន​មាន​ប្រទេស​ណាមួយ​អាចធ្វើ​បាន​ដូចជា​កម្ពុជា​យើង នេះ​បាន​នោះទេ​។ ការបង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​គ្នា​នេះ ត្រូវបាន​លោក សម រង្សី មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា មិនយូរ​មិនឆាប់​កម្ពុជា​និង​ទទួលបាន​នូវ​ភាព​រីកចម្រើន តាមរយៈ​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា​គ្នា​នេះ ដែល​អ្នកនយោបាយ​លែង​ហែកហួរ​គ្នា និង​នាំគ្នា​ងាក​មក​និយាយ​គ្នា​ពីអ្វី​ដែលជា​ការស្ថាបនា​ជាតិ និង​ការរីកចម្រើន​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។ នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរ ក៏បាន​បើក​ឡើង​នូវ​វេទិកា​ឆ្លើយឆ្លង​គ្នា ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត ដែល​កំពុងស្នាក់នៅ​និង​បន្ត​ការ​សិក្សា​ក្នុង​ប្រ ទេស​ម៉ាឡេស៊ី ពិសេស​ទាក់ទិន​ទៅ​និង​បញ្ហា​នៃ​ការរស់នៅ​បំពេញការងារ និង​ការសិក្សា​ក្នុងប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​លើកឡើង ដោយ​ផ្តល់​នូវ​ភាព​វិជ្ជមាន​និង​ពន្លឺ ថ្មីៗ ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត​កម្ពុជា ក្នុង​ក្របខណ្ឌ​បទដ្ឋាន​ច្បាប់​របស់​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ល្អ​នៃ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី​។ ចំពោះ​ប្រសាសន៍​ប្រកបដោយ​អត្ថន័យ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក សម រង្សី ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ កម្មករ កម្មការិនី និង​និស្សិត​កម្ពុជា ចំនួន​២៩០ នាក់ ដែល​កំពុង​ស្នាក់នៅ​បំពេញការងារ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​ជូន​នៅ​កម្មវិធី​ផ្សាយ​ថ្ងៃស្អែក​ទី​២៦​មេសា អាស្រ័យ​ហេតុ​សូម​រង់ចាំ​ទស្សនា​ដោយ​មេត្រី៕ សូម​អរគុណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684