ព័ត៍មានទាន់​ហេតុការណ៏
Search
a2

ប្រជាពលរដ្ឋ​រិះគន់​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ជ្រោយចង្វា​ ដាក់​កុងត្រូល​ជជុះ​នៅ​ផ្លូវជាតិ​លេខ​៦

​ភ្នំពេញ ៖ ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​នៅ​តាម​ដងផ្លូវ​ជាតិ​នីមួយៗ​តាម​ជាយក្រុង​ភ្នំពេញ មាន​ប៉ូលិស​ចរាចរណ៍​ដាក់កុង​ត្រូល​ជជុះ​យាម​ចាំ​កាក់​យក​លុយ​ពី​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​ដែល​ឆ្លងកាត់​មិន​ឱ្យ​របូត​១​គ្រឿង​ឡើយ​។ ទង្វើ​ទាំងនេះ​ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ មក​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ជាពិសេស​ប៉ូលិស​ផ្នែក​ចរាចរ​នេះឯង​។​

ជាក់ស្តែង​ប៉ូលិស​ចរាចរណ៍​ដែល​គេ​ដឹង​ថា ​នៅ​ខណ្ឌ​ជ្រោយចង្វា ​បច្ចុប្បន្ន​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ដាក់​ឆ័ត្រ​អង្គុយ​ចាំ​យក​លុយ​នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វា​ខាងកើត​ផ្នែក​ខាងស្តាំ និង​ដាក់​ឆ័ត្រ​កណ្ដាល​ទ្រូង​ផ្លូវជាតិ​លេខ​៦​ ចំណុច​ផ្លូវបត់​ចូល​ស្ពាន​លី​យ៉ុង​ផាត់​។ ចំណែក​ផ្នែក​ខាងជើង​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា ក៏​មាន​ប៉ូលិស​ចរាចរ​ដាក់​ឆ័ត្រ​អង្គុយ​ចាំ​កាក់​រថយន្ត​យក​លុយ​ដែរ តែ​មិនមែន​ប៉ូលិស​ខណ្ឌ​ជ្រោយ​ចង្វា​ទេ គឺជា​ប៉ូលិស​ចរាចរណ៍​ក្រុង ដោយ​គេ​ចែក​គ្នា​រក​លាភ​នៅ​ផ្លូវ​ម្ខាង​ម្នាក់​។​

ភាព​អសកម្ម​ទាំងនេះ​ត្រូវ​បាន​អ្នក​រត់​តាក់ស៊ី​ និង​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​រអ៊ូរទាំ​យ៉ាង​ខ្លាំង ហើយ​បាន​រិប​គន់​មក​លើ​ចំណាត់ការ​របស់​មេៗ​ខាងលើ ​ជាពិសេស​លោក​ ជួន ​សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​លោក​ធ្លាប់​ព្រមាន​ខ្លាំងៗ​ថា​នឹង​ដក​តំណែង ​ឬ​តួនាទី​ចេញពី​អង្គភាព​ឬ​ចេញពី​នគរបាល​តែម្តង បើ​មាន​ប៉ូលិស​ណា​ហ៊ាន​ធ្វើ​បែប​នេះ​។​ ព្រោះ​ប៉ូលិស​ចរាចរណ៍​មាន​ប្រាក់ខែ​លើសគេ ហើយ​បញ្ហា​ដក​តួនាទី​នេះ​លោក​ ជួន​ សុវណ្ណ​ ក៏​ធ្លាប់​អនុវត្ត​រួចហើយ​ផង​ដែរ​។ សកម្មភាព​របស់​ប៉ូលិស​ចរាចរ​ខណ្ឌ​ជ្រោយចង្វា ដែល​ដាក់​កុង​ត្រូល​ជជុះ​នេះ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ធ្លាប់​ព្រមាន​ និង​ដាស់តឿន​ជាច្រើនលើក​ច្រើនសា​ផង​ដែរ ​តែ​គ្មាន​លទ្ធផល​ឡើយ ព្រោះ​ទង្វើ​នេះ​ក៏​ត្រូវ​អាជ្ញាធរ​ទទួលខុសត្រូវ​ផង​ដែរ ក្នុង​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

ម្ចាស់​រថយន្ត និង​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លង​មាត់​ផ្លូវ​នោះ បាន​និយាយ​ថា​ ប៉ូលិស​ចរាចរ​ណ៍​ធ្វើ​បែប​នេះ ​បាន​ប្រឆាំង​នឹង​បាន​ចូលរួម​បង្អាក់​បន្ទុក​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជ​អាណត្តិ​ទី​៥ ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្ដេច​ទាំង​៣​ជា​ប្រមុខ ដែល​លោក​ខំ​កសាង​អំពើ​ល្អ​គ្រប់បែបយ៉ាង​។​

សំណូមពរ​របស់​ប្រជាពលរដ្ឋ​សុំ​ឱ្យ​មេ​កើយ​ឬ​អ្នក​ពាក់ព័ន្ធ​មេត្តា​ជួយ​បំបាត់​ភាព​អសកម្ម​នេះ​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684