ព័ត៍មានទាន់​ហេតុការណ៏
Search
a3

បញ្ហា​វិវាទ​ដី​នៅ​បឹង​កក់​នឹង​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ក្រោយ​ពេល​ចូលឆ្នាំ ជា​កាដូ​ឆ្នាំ​ថ្មី​

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែ​មេសា បាន​ជួបពិភាក្សា​ជាមួយ​បងប្អូន​នៅ​តំបន់​បឹង​កក់​ចំនួន​២​ក្រុម​ដាច់ដោយឡែក​ពី​គ្នា​ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​បឹង​កក់​ដ៏​រាំ​រៃ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​ជា​កាដូ​ឆ្នាំ​ថ្មី​។

លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តល់​ដី​ឡូត៍​ជា​សំណង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​សង់​លំនៅដ្ឋាន​នៅ​ហ្នឹង​កន្លែង​ទំហំ​៤​ម៉ែត្រ គុណ​នឹង​១៦​ម៉ែត្រ​ សម្រាប់​ប្រជាពលរដ្ឋ​១៦​គ្រូ​សារ​ដែល​រស់នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើង​នៃ​តំបន់​បឹង​កក់​បាន​ឯកភាព​ទទួលយក​ដំណោះស្រាយ​ខាងលើ​នេះ​។ ​ចំណែក​១​ផ្នែក​ទៀត មាន​ប្រជាពលរដ្ឋ​១២​គ្រួសារ​នឹង​ត្រូវ​ទទួល​បាន​ដី​ពី​១​ឡូត៍​ទៅ​៣​ឡូត៍​តាម​លក្ខណៈ​សម្បត្តិ និង​ទំហំ​ដី​ធំ​ឬ​តូច​ក្នុង​១​គ្រួសារៗ​។​ ក្នុង​ចំនួន​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​៦​គ្រួ​សារបាន​ឯកភាព​ទទួលយក​គោលការណ៍​ខាងលើ និង​មាន​៦​គ្រួសារ​មិន​ទាន់​ឯកភាព​ រង់ចាំ​ពិចារណា​សិន​ដោយ​បងប្អូន​ទាមទារ​ដី​ជាង​នេះ​។​

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​បឹង​កក់​នេះ​យ៉ាង​អស់​សមត្ថភាព​ទោះបី​ដឹង​ថា បងប្អូន​មក​រស់​នៅ​លើ​តំបន់​ដី​សាធារណៈ​របស់​រដ្ឋ​ក្តី ហើយ​សាលា​រាជធានី​ភ្នំពេញ​ពិតជា​គ្មាន​លទ្ធភាព​ផ្តល់​ជូន​ដី​ឲ្យ​លើស​ពី​នេះ​នោះ​ទេ​។ លោក​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ក្នុងនាម​មនុស្ស​ធម៌ គឺជា​ការ​ដោះស្រាយ​ទីលំនៅ ​មិនមែន​ដោះ​ស្រាយ​រឿ​ដីធ្លី​នោះ​ទេ​។ ​សាលា​រាជធានី​ភ្នំពេញ​បាន​បិទ​ការ​ចចារ​ដោយ​ទុក​ពេល​ឲ្យ​បងប្អូន​ធ្វើការ​ពិចារណា​ទទួលយក​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​នៅ​ក្រោយ​បុណ្យចូលឆ្នាំ សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ជា​សាធារណៈ​ពី​ការ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​បឹង​កក់​។​ ចំពោះ​បងប្អូន​ដែល​បាន​ឯកភាព​ទទួលយក​ដី​លំនៅដ្ឋាន​ហើយ​នោះ សាលា​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​តែម្តង រួម​ទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684