ព័ត៍មានទាន់​ហេតុការណ៏
Search
a12

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​

កណ្ដាល ៖ ស្រប​ពេលដែល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ធ្វើ​ប្រតិបត្តិ​ការ​ចុះពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដល់​ប្រជាពលរដ្ឋ​។ ការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ខាង​លើនេះ ធ្វើឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២ ខាងមុខ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ដោយមាន​សមត្ថកិច្ច​នគរ​បាល​ជានា​រី​ចំនួន​១៥​នាក់​ផងដែរ​ ដែល​យុទ្ធការ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ឧត្តមសេនីយ៍ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល។

លោក​វរសេនីយ៍ឯក​ទោ ឆេង សំអឿន នាយរង​ការិយាល័យ​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​បំណង​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដល់​ប្រជាពលរដ្ឋ និង​ជា​ការ​ពញ្ញាក់​ស្មារតី​ដល់​ពលរដ្ឋ​ជា​អ្នក​បើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ស្រប​ពេល​ដែល​ពិធីបុណ្យ​ចូល​ថ្មី​ឆ្នាំ​២០១៥ នឹង​ចូល​មកដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ ក្នុង​ន័យ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បានជា​អតិបរមា​។ លោក​បញ្ជាក់​ថា​ច្បាប់​ចរាចរណ៍​ថ្មី​នេះ គឺ​តម្រូវ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា​រាប់​តាំងពី​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង ទៅ​ត្បិត​អី​អ្នក​រួមដំណើរ​ជិះ​ខាង​មិនមែន​មានន័យថា គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ។

ជាមួយគ្នានេះដែរ​កញ្ញា សំ សុភាព ដែល​ជា​តំណាង​សមត្ថកិច្ច​ផ្នែក​នារី​ក្នុង​ការ​ចុះ​យុទ្ធនាការ ពង្រឹង​ច្បាប់​ចរាចរណ៍​ខាងលើ ក៏បាន​ជំរុញ​ទៅដល់​អ្នក​បើកបរ​ទាំង​អស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន មាន​អធ្យាស្រ័យ​ដល់​គ្នា​ទៅវិញទៅមក ពិសេស​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​បើក​បរ​ទៅណា​មក​ណា​ម្តងៗ​មិន​ថា ទីជិត​ឬ​ទី​ឆ្ងាយ​នោះ​ឡើយ​។ កញ្ញា​ក៏បាន​ជំរុញ​ទៅ​យុវនារី​កម្ពុជា​ឲ្យ​ចូលរួម​ការងារ​ក្នុង​ជួរ​សមត្ថកិច្ច ព្រោះថា​នារី​ក៏​មាន​សមត្ថភាព​ដូច​បុរស ធ្វើ​កិច្ចការងារ​ចូលរួម​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ដូច​បុរស​ផងដែរ​។​

គួរ​បញ្ជាក់​ផងដែរ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥​ខាងមុខនេះ សមត្ថកិច្ច​ស្នងការ​នគរបាល​ទូទាំង​ខេត្តកណ្តាល​ចំនួន​២០០​នាក់ នឹង​ចូលរួម​បរិច្ចាគ​ឈាម​នៅ​ស្នងការ​នគរបាល ដើម្បី​ត្រៀម​ទុក​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត នៅពេល​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវការ​ឈាម​ជា​ចាំបាច់​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684