ព័ត៍មានទាន់​ហេតុការណ៏
Search
ប្រទេស​សៀរ៉ាឡេអូន​វិលត្រឡប់​

ប្រទេស​សៀរ៉ាឡេអូន​វិលត្រឡប់​ទៅ​បើក​ដំណើរ​ការ​ប្រក្រតី​វិញ​ហើយ​ បន្ទាប់ពី​បម្រាម​គោចរ​Ebola

 

ប្រទេស​សៀរ៉ាឡេអូន​ បាន​ដក​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​រយៈពេល​៣ថ្ងៃ​ហើយ​ដែល​នោះ​ជា​វិធានការ​ដើម្បី​បង្ការ​ការ​កើត​មាន​ឡើង​វិញ​នូវ​វីរុស​មរណៈ​ Ebola នោះ។

ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាង​៦លាន​នាក់​ត្រូវ​រង​ការ​បង្ខាំង​ឲ្យ​នៅ​តែ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​ទូទាំង​ប្រទេស​នោះ ទើប​តែ​ចាប់ផ្ដើម​ធ្វើ​សកម្ម​ភាព​ជា​ថ្មី​វិញ​ កាលពី​ថ្ងៃសុក្រ ដែល​នេះ​ជា​លើក​ទីពីរ​ហើយ​ក្នុងរយៈ​ពេល​៦ខែ ​ទៅ​តាម​ការ​បង្គាប់​បញ្ជា​​ពីប្រធានាធិបតី​លោក Ernest Bai Koroma

ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ១.២​លាន​នាក់​ បែរ​ជាស្ងាត់​ច្រៀប​ ចាប់តាំង​ពី​បទបញ្ជា​នោះ​ចូល​ជា​ធរមាន​ដោយមាន​ទាំង​ទី​ផ្សារ​ កន្លែង​ពាណិជ្ជកម្ម ធនាគារ និង​អគារ​ការិយាល័យ​ សុទ្ធ​តែ​បិទទ្វារ​ទាំងអស់ គឺ​មាន​តែ​រថយន្ដ​របស់​ក្រុម​បុគ្គលិក​សុខាភិបាល​ទេ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​វិធីនានា។

ការបិទ​មិន​ឲ្យធ្វើ​ចរាចរណ៍​ ឬ​ហៅថា បម្រាម​គោចរ​នោះ ត្រូវបាន​អំពាវនាវ​ឲ្យធ្វើឡើង​ដោយ​សារ​ការ​ភ័យខ្លាច​ជំងឺ​មរណៈ​ដែល​បាន​សម្លាប់​អស់ស្ទើរ​តែ​១ភាគ៣​នៃអ្នក​ឆ្លង​វីរុស​ Ebola ដល់ទៅជាង​១២,០០០នាក់ នៅក្នុង​ប្រទេស​សៀរ៉ាឡេអូននេះ នៅជុំវិញ​ និង​នៅឯ​ភាគ​ខាង​ជើងនៃ​ទីក្រុង​នោះថែម​ទៀត​ផង។

ក្រុមមន្ដ្រី​បាននិយាយ​កាលពីថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ថា សព​៤០នាក់​ និងមនុស្ស​ដែល​ធ្លាក់​ខ្លួន​ឈឺ​១៧២នាក់ ត្រូវបាន​នាំ​យកចេញ​ពីលំនៅ​ដ្ឋាន​របស់​ពួកគេ នៅតំបន់​ភាគ​ខាងលិច​ទីក្រុង​គ្រាន់ត​ែ​ក្នុង​រយៈពេល​២ថ្ងៃ​ដែលប្រតិបត្ដិ​តាម​បទបញ្ជា​របស់ប្រធានាធិបតី​នោះ។

មានអ្នកស្ម័គ្រ​ចិត្ដ​ដល់ទៅជិត​២៦,០០០​នាក់ បានដើរ​ឆែកឆេរ​ពីផ្ទះ​មួយ​ទៅផ្ទះមួយ​កាលពីថ្ងៃ​ចុង​សប្ដាហ៍​ ក្នុងប្រតិបត្ដិការ​ដែល​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ក្នុងការ​ស្វែងរកការ​លាក់សព​ និង​អ្នក​ជំងឺ​នោះ។

គ្រាន់តែ​បើក​បម្រាម​គោចរ​ភ្លាម​ អ្នក​លក់​នំបុ័ង​ម្នាក់បាន​និយាយថា នំរបស់​ខ្លួន​បាន​លក់​អស់គ្មានសល់ បើគ្រាន់តែ​ទើបបើកទ្វារ​លក់​ដូរ​ក្នុង​រយៈពេល​៣ម៉ោង​ប៉ុណ្ណោះ។

អ្នកស្រុក​ដែលបាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បានបង្ហាញ​ពី​កា​រគាំទ្រ​ក្នុងការ​ដាក់​បម្រាម​គោចរ​នោះ​ ប៉ុន្ដែ​បានត្អូញត្អែរ​កាលពី​ថ្ងៃចន្ទ កន្លងទៅ​នេះ​ ពីការ​ធុញទ្រាន់ អផ្សុក ថ្វីបើ​អ្នក​ធ្វើ​ការងារ​ជា​មេ​ផ្ទះ​មួយ​ចំនួន​ បានលើក​យកមកនិយាយ​ថា ពួកគេ​មិន​ទទួលបាន​សាប៊ូ តាមការ​សន្យា​របស់​ក្រុម​សុខាភិបាល​យ៉ាង​ណាក្ដី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684