Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Grab ធ្វើទំនើបកម្មលើមុខងារសុវត្ថិភាព ដើម្បីជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់កម្មវិធីហ្គ្រេប និងដៃគូបើកបរ

បានផុស

នៅ

Grab កំពុងធ្វើឲ្យប្រសើរឡើងនូវមុខងារ សុវត្ថិភាពលើកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម សម្រាប់​អ្នកដំណើរ​និង​ដៃគូ បើកបរ​ទាំងអស់​នៅ​កម្ពុជា​។​

​ចាប់ពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ នេះ​ទៅ អ្នកប្រើប្រាស់​កម្មវិធី Grab ទាំងអស់​នឹង ត្រូវបាន​ស្នើ​ឲ្យ​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ​តាមរយៈ​ការថតរូប​សែ​ល​ហ្វី ‘Selfie’ ដោយ​ប្រើប្រាស់​កម្មវិធី Grab នៅលើ​ទូរស័ព្ទដៃ ឬ​ការបញ្ចូល​លេខ​គណនី​ប័ណ្ណឥណទាន ឬ ឥណ​ពន្ធ​របស់​ពួកគេ (Credit ឬ Debit Card) ជាការ​ស្រេច​។ គួរបញ្ជាក់​ផង​ដែលថា សម្រាប់​អ្នកប្រើប្រាស់​Grab ដែល​បាន​ភ្ជាប់​ប័ណ្ណឥណទាន ឬ ប័ណ្ណ​ឥណ​ពន្ធ​ធនាគារ ជា​វិធី​បង់ប្រាក់ នៅពេល​កក់​ដំណើរ​ឬ​ការដឹក​ជញ្ជូន នឹងមិន​តម្រូវឱ្យធ្វើ​ការផ្ទៀងផ្ទាត់​ម្តងទៀត​នោះទេ​។ ដោយឡែក គោលបំណង​នៃ​ការដាក់​ដំណើរការ​នូវ​មុខងារ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​នេះ គឺ​ដើម្បី​ជួយ​រក្សា​សុវត្ថិភាព ជូន​អ្នកដំណើរ និង​ដៃគូ​បើកបរ Grab នៅពេល​មាន​ប្រតិបត្តិ​ការ​ជាមួយ​Grab​។​

​ការតម្រូវ​ឲ្យ​ផ្ទៀងផ្ទាត់​ថ្មី​នេះ នឹងត្រូវ​បាន​ណែនាំ​ជា​ជំហានៗ​ទៅកាន់​អ្នកប្រើប្រាស់​ទាំងអស់ ចាប់ពី​ថ្ងៃទី​ ១០ ខែមករា រហូតដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២​។ សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី Grab ដែលមាន​គណនី​ស្រាប់ នឹងត្រូវ​បានស្នើ​សុំឱ្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ នៅពេលដែល​ពួកគេ​ធ្វើការ កក់​ការ​ជិះ​លើកដំបូង បន្ទាប់ពី​ថ្ងៃទី​ ១០ ខែមករា​។ សម្រាប់​អ្នក​មិនទាន់មាន​គណនី​ត្រូវ​តម្រូវឲ្យ ផ្ទៀងផ្ទាត់​អត្តសញ្ញាណ នៅពេល​ពេលដែល​បង្កើត​គណនី Grab តែម្តង​។ បញ្ជាក់​ការផ្ទៀងផ្ទាត់​នេះ​ធ្វើឡើង​តែម្ដង​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែលមាន​គណនី​មួយ ហើយការពង្រឹង​មុខងារ​សុវត្ថិភាព​ថ្មី​នេះ ​ក៏​នឹងត្រូវ​អនុវត្ត​ចំពោះ​ដៃគូ​បើកបរ Grab ផងដែរ​។​

​លោក Corentin Rouxel នាយក​គ្រប់គ្រង​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា “​សុវត្ថិភាព និង​សន្តិសុខ គឺ​តែងតែ​ជា​អាទិភាព​របស់​ក្រុមហ៊ុន Grab​។ តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​និង​ពង្រឹង​ពិធីការ​សុវត្ថិភាព នេះ យើង​សង្ឃឹមថានឹង​អាច​ធានា​ដល់​អ្នកប្រើប្រាស់​រប​ស់​យើង ក៏ដូចជា​ដៃគូ​បើកបរ និង​ដៃគូ​ដឹកជញ្ជូន ថា​សុវត្ថិភាព និង​សន្តិសុខ​របស់​ពួកគេ គឺជា​កង្វល់​ដ៏​ចម្បង​របស់​យើង​។ ក្នុង​យុគសម័យ​បច្ចេកវិទ្យា «​សម្គាល់​មុខ​» កំពុង​ក្លាយជា​បទដ្ឋាន​ធម្មតា ក្រុមហ៊ុន Grab ក៏​នៅតែ​កំពុង​អនុវត្ត​ស្តង់ដារ​សន្តិសុខ និង​សុវត្ថិភាព​សំខាន់ៗ​ផ្សេងទៀត​សម្រាប់​កម្មវិធី​របស់​យើង​ផងដែរ​”​។​

​កន្លងមក Grab ក៏បាន​ដាក់ចេញ​នូវ​មុខងារ​សុវត្ថិភាព​ជាច្រើនដែល​វា គឺជា​ផ្នែក​មួយ​នៃ​ការបន្ត​ប្តេជ្ញាចិត្ត របស់​ក្រុមហ៊ុន​ចំពោះ​សុវត្ថិភាព​អ្នកប្រើប្រាស់ ក៏ដូចជា​សុវត្ថិភាព ដៃគូ​បើកបរ និង​ដៃគូ​ដឹកជញ្ជូន​ផងដែរ​។ មុខងារ​សុវត្ថិភាព​ទាំងនោះ​មានដូចជា «​មុខងារ​ចែករំលែក ការ​ជិះ​របស់ខ្ញុំ​» ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​ព័ត៌មាន​លម្អិត​នៃ​ការធ្វើដំណើរ​របស់ ពួកគេ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ការផ្តល់​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន ប៊ូ​តុង​ជំនួយ​ផ្នែក សង្គ្រោះបន្ទាន់ និង​មុខងារ​ត្រួតពិនិត្យ​ការធ្វើដំណើរ ដើម្បី​បង្កើន​សុវត្ថិភាព​ទាំង​ដៃគូ​បើកបរ និង​អ្នកប្រើប្រាស់ ហើយ​និង​ការពារ​ពួកគេ​ពី​ឧប្បត្តិហេតុ​ណាមួយ​។​

​គួរបញ្ជាក់​ឡើងវិញ​ផងដែរ​ថា Grab បាន​ឈាន​ជើង​ចូលក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ ២០១៧ មក ក្រុមហ៊ុន​បានចាប់ផ្តើម​គម្រោង​ជាច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់ជូន​សេវា​ដឹក អ្នកដំណើរ និង​ដឹកជញ្ជូន​តាម​តម្រូវការ​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​គួរឱ្យ​ទុកចិត្ត​ខ្ពស់ សម្រាប់​សាធារណជន ខណៈពេល​បង្កើត​ឱកាស​រកប្រាក់​ចំណូល​កាន់តែ​ប្រសើរ​សម្រាប់​ដៃគូ​បើកបរ និង​ដៃគូ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Grab​។ ការផ្លាស់ប្តូរ​ថ្មី​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន Grab ក្នុង​ការធ្វើ​ទំនើបកម្ម និង​លើកកម្ពស់​សេវាកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​សាធារណជន និង​ដៃគូ​នានា​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម