ព័ត៍មានទាន់​ហេតុការណ៏
Search
12

មនុស្ស​៤នាក់ រងរបួស ​ពេល​ឮសំឡេង​ផ្ទុះក្នុង​យន្ដហោះ​ឡៃអិនអ៊ែរ នៅ​ឥណ្ឌូនេស៊ី

 

អ្នកដំណើរ​ចំនួន​៤នាក់ បាន​រងរបួស​ ខណៈ​ពេល​​ប្រជ្រៀត​គ្នា​ចេញពីយន្ដហោះ​ឡៃអិនអ៊ែរ បន្ទាប់ពី​ពួកគេបាន​ឮសំឡេង​ផ្ទុះចេញពី​ខាង​ក្រោយ​នៃយន្ដ​ហោះ​ដឹក​អ្នកដំណើរ។

អាជ្ញាធរ​នៅ​ព្រលាន​យន្ដហោះ​អន្ដរ​ជាតិ​កូ​ឡា​ណាមួ ក្នុងទីក្រុង​មេឌិន បាន​និយាយថា យន្ដ​ហោះ​ដឹក​អ្នកដំណើរ​ឡៃអិនអ៊ែរ JT 303 ត្រៀម​ចាកចេញ​ពីចំណត​របស់ខ្លួន​នៅ​ពេល​​មាន​សំឡេង​ផ្ទុះយ៉ាង​ខ្លាំង នៅ​ខាងក្រោយ​យន្ដ​ហោះ​នៅម៉ោង​១រសៀល ម៉ោងក្នុងស្រុក។

អ្នកគ្រប់គ្រង​ព្រលាន​យន្ដហោះ​ លោក​ឧត្ដម​សេនីយ៍ចាយ៉ា តាហូម៉ា សារ៉េត បានពន្យល់ថា អ្នកបើក​យន្ដហោះ​ឡៃអិនអ៊ែរ JT 303 បាន​សុំ​ការ​អនុញ្ញាត​ពី​ការិយាល័យ​គ្រប់គ្រង​ដែន​អាកាស​បញ្ឈប់​កា​រហោះហើរ​ នៅពេល​បញ្ឆេះ​ម៉ាស៊ីន។ នៅពេលនោះក៏​ស្រាប់តែ​ឮសំឡេងផ្ទុះ​ ព្រម​ទាំង​មានផ្សែង​ហុយចេញទៀត​ផង ដូច្នេះ​អ្នក​បើក​យន្ដហោះ​បានប្រាប់​ឲ្យ​អ្នកដំណើរ​ចុះពី​យន្ដ​ហោះ​តាម​ទ្វារ​ជំនួយ​បន្ទាន់។

គួរ​ឲ្យដឹង​ថា មនុស្ស​សរុប​លើ​យន្ដហោះ​មាន​ចំនួន​២១៤​នាក់ រួមទាំង​សមាជិក​អាកាស​យានិក​៧នាក់​ ដែល​បម្រុង​នឹង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ហ្សាការតា។ ដោយ​ឡែក​មូល​ហេតុ​នាំ​ឲ្យ​មាន​ឧប្បត្ដិហេតុ​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នៅឡើយ៕

សុខមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684