Connect with us

ព័ត៌មានអន្ដរជាតិ

ចំណងជើង “គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្ត” លើសារព័ត៌មាន Bloomberg កំពុងលើកមុខមាត់កម្ពុជា

បានផុស

នៅ

“គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ ឬ There’s Never Been a Better Time to Visit Angkor Wat” ជាចំណងជើងធំៗបានរំលេចលើសារព័ត៌មានបរទេសជាច្រើន ជាពិសេសសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក Bloomberg ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានកើតឡើង បន្ទាប់ពីទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានចេញផ្សាយថា ប្រជាជនទូទាំងប្រទេសកម្ពុជាជាង ៨៣ ភាគរយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដពេញដូស និងឈរនៅលំដាប់ទី ៨ លើពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនច្រើនជាងគេបំផុត ស្របពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ដូចគ្នា ។

អ្វីដែលជាការទាក់ទាញនោះ គឺប្រទេសកម្ពុជាបានប្រកាសបើទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ពោលមិនតម្រូវឲ្យធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ មក បន្ទាប់​ពីរងនូវវិបត្តិជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ ហើយក្នុងនោះគេបានមើលឃើញមានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បើកជើងហោះហើរប្រចាំថ្ងៃមកកាន់ខេត្តសៀមរាប ខណៈការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋានហាក់មានជីវិតឡើងវិញ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាពទៅទស្សនាប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុត “Lara Croft: Tomb Raider” ជាមួយតារាសម្ដែងស្រី Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធថ្មដែលមានអាយុកាលរាប់សតវត្ស ។ មួយទៀតគឺប្រាសាទបាយ័នដែលជាចំណុចលេចធ្លោនៃក្រុងអង្គរធំដែលមានមុខថ្មញញឹមចំនួន ២១៦ ដែលគេជឿថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី ៧ ផ្ទាល់ ក៏ជាកន្លែងទស្សនាយ៉ាងអស្ចារ្យផងដែរ ។

ស្របពេលជាមួយគ្នានេះ ផ្លូវថ្មីៗក៏កំពុងត្រូវបានសាងសង់ពេញទីក្រុងសៀមរាបដើម្បីសម្រួលដល់ការធ្វើដំណើរផងដែរ ។ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកដែលប្រសើរឡើងបានកាត់បន្ថយការជន់លិចនៅរដូវវស្សា ខណៈរហាត់យក្ស ឬ Angkor Eye Ferris wheel ដែលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ នៅតែស្រស់ស្អាតនោះ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ រួមជាមួយនឹងការជិះ​បាឡុងហោះឲ្យ​ភ្ញៀវ​ទេសចរ​គយគន់​ថ្ងៃ​លិច​ពណ៌​មាស​នៅតំបន់​ប្រាសាទ​អង្គរវត្ត​ពីលើ​មេឃជាដើម ។

ចំណុចពិសេសមួយទៀតគឺ​ព្រលាន​យន្តហោះ​ថ្មី​មួយ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ ហើយ​អាច​នឹង​រួចរាល់​នៅ​ដើមឆ្នាំ ​២០២៣ មានន័យថាសមត្ថភាពទទួលភ្ញៀវទេសចរសម្រាប់ខេត្តសៀមរាបគឺកាន់តែមានសក្កានុពល ។

គួរបញ្ជាក់ថា នេះក៏ជាការផ្សព្វផ្សាយមួយទៅកាន់ពិភពលោកឲ្យបានស្គាល់ខេត្តសៀមរាប ក៏ដូចជាជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាលើទឹកដីនៃប្រទេសកម្ពុជាដែលជាគេទទួលស្គាល់ថាជាព្រះរាជាណាចក្រអច្ឆរិយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg / The Star

ចុចអាន ៖ ពេទ្យ អាមេរិក មិនវះកាត់ប្ដូរបេះដូងអ្នកជំងឺណាដែលមិនចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម