ព័ត៍មានទាន់​ហេតុការណ៏
Search
03

លោក​ជំទាវ​ម៉ែន​ សំអន ​និង​មន្ត្រីរាជការ​នៃ​ទីស្ដីការក្រសួង​អធិការកិច្ច​ព្រមទាំង​សប្បុរសជន​​ប្រគេន​ថ្វាយ​សម្ភារៈ​និង​ភត្តាហារ​ដល់​សម្ដេច​សង្ឃ​ទាំង​បី

ភ្នំពេញ ​៖ ​លោកជំទាវ​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​​​​​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច និង​មន្ត្រីរាជការ នៃ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​ រដ្ឋសភា និង​អធិការកិច្ច រួម​ជាមួយ​នឹង​សប្បុរសជន​នានា​បាន​នាំ​យក​សម្ភារៈ និង​ភត្តាហារ ​ប្រគេន​​​សម្តេច​សង្ឃ​ទាំង​បី​អង្គ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥ នៅ​វត្ត​ឧណ្ណាលោម និង​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ។

សម្ដេច​សង្ឃ​ទាំង​បី​ អង្គ ព្រះនាម សម្តេច​ទេព វង្ស , សម្តេច ន​ន្ទ ង៉ែត និង​សម្តេច ប៊ូ គ្រី​។ លោកជំទាវ​ម៉ែន​ សំអន​បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​ចូលរួម​អបអរសាទរ ​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​យាង​ចូល​មកដល់​នៅពេល​ប៉ុន្មាន​ថ្ងៃ​ឆាប់ៗ​ខាងមុខនេះ​ ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ និង​មន្ត្រី​ចំណុះ​ឲ្យ​ក្រសួង​ទាំងអស់​ និង​សប្បុរសជន​បាន​មូលមតិ​គ្នា​នាំ​ជា​គ្រឿង​សម្ភារៈ និង​ភត្ត​ហារ ដែល​ត្រូវ​ប្រគេន​ដល់​សម្ដេច​សង្ឃ​ទាំង​បី ​អង្គ រួម​មាន ​៖​ ត្រៃ​ធំ​​១ , មី​​​យើង ១ កេស​ធំ , ទឹកក្រូច​កូ​កា ៥ កេស , ទឹក​ឱរ៉ាល់​១០​កេស, ទឹកដោះគោ​១​កេស ,ត្រីងៀត ត្រី​ហើម ត្រីកែស​១ កន្ត្រក , ​ស្ករស​១ បេ​(​ទម្ងន់ ២៥ គីឡូក្រាម​) , គ្រឿង​ទេយ្យទាន​១ កន្ត្រក , ផ្លែឈើ ១ កន្ត្រក , ផ្កា​១​កន្ត្រក , អង្ករ ​១ បាវ (​ទម្ងន់ ១០០ កី​ឡូ​ក្រាម ) និង​បច្ច័យ​បង្សុកូល​១៥៥០ ដុល្លារ។

ក្នុងឱកាស​នោះដែរ លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ​ពពែ​មាស​ ចៅៗ​ស្រីៗ នៃ​ថ្នាក់ដឹកនាំ​ក្រសួង ​សាលា​រាជធានី​ភ្នំពេញ មន្ទីរ​ស្ថាប័ន​នានា ក្នុងនាម​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ថ្វាយបង្គំ សុំ​ពរជ័យ ពី​ស​ម្តេច​សង្ឃ និង​បាន​នាំ​យក​អំណោយ​មក​ប្រគេន​សម្តេច​ផងដែរ។ ជាមួយ​គ្នា​នោះ​ដែរ សុំ​ឲ្យ​សម្តេច​មាន​ព្រះជន្ម​យឺនយូរ​គង់​ជា​ម្លប់​សម្រាប់​ព្រះពុទ្ធសាសនា និង​មាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំង​ក្នុងប្រទេស​ និង​ក្រៅប្រទេស និង​សូម​ឲ្យ​សម្តេច ជា ស៊ីម បានជា​សះស្បើយ​ពី​រោគា និង​សម្តេច ​ហេង សំរិន មាន​សុខ​ភាពល្អ។

លោក​ជំទាវ​ ម៉ែន សំអន ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ធំ​ណាស់ គឺ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមជាមួយ​អ្នកមុខអ្នកការ​ចំនួន ១៩ ប្រទេស​មក​ចូលរួម​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684