ព័ត៍មានទាន់​ហេតុការណ៏
Search
09

សម្តេច​តេ​ជោ​ប្រគល់​រង្វាន់​ដល់​ម្ចាស់​មេដាយ​មាស​ពិភពលោក​ប្រភេទ​កីឡា​ប៉េតង់

ភ្នំពេញ ៖ អមដំណើរ​ដោយ​ម៉ូតូ​ប៉ូលិស​ចំនួន​១២​គ្រឿង ក្បួន​ដង្ហែ​កីឡា​កីឡាការិនី កែ ឡេង ជម្រើសជាតិ​ប្រភេទ​កីឡា​ប៉េតង់​ដែល​ដណ្តើម​បាន​មេដាយមាស ក្នុង​ការ​ប្រកួត​ជើងឯក​កីឡា​ប៉េតង់​នារី​ពិភពលោក​លើក​ទី​១៤​នៅ​ទីក្រុង​ម៉ុង​តូប​ង់ សាធារណ​រដ្ឋ​បារាំង​កាលពី​ឆ្នាំ​២០១៣ បាន​ចាក​ចេញពី​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃទី​០៩​ខែមេសា ឆ្នាំ​២០១៥​ឆ្លងកាត់​តាម​មហាវិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ។

កីឡាការិនី កែ ឡេង ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​នូវ​ថវិកា​លើកទឹកចិត្ត​ជា​ច្រើន​ផង​ដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​វីរនារី​មួយ រូប​ទៀត ដែល​បាន​កើតចេញ​មកពី​ការខិតខំ​ពី​សំណាក់​សាមីខ្លួន​ផ្ទាល់ និង​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា យើង​អាច​កត់សម្គាល់​ឃើញថា កីឡា​មិន​ថា​ប្រទេស​ធំ​ប្រទេស​តូច​ប្រទេស​មាន​ប្រទេស​ក្រ​នោះ​ទេ ផ្ទុយទៅវិញ​ឲ្យ​តែ​យើង​ពូកែ មាន​ជំនាញ និង​សមត្ថភាព​ពិត ប្រាកដ យើង​នឹង​ទទួល​បាន​នូវ​កីឡា​ឆ្នើម​របស់​ជាតិ និង​ពិភពលោក តាមរយៈ​ការ​លើក​បង្ហាញ​នូវ​ទង់ជាតិ​របស់​យើង​នៅ​លើ​ឆាក​អន្តរជាតិ។

ជាមួយនឹង​មោទនភាព​ជាតិ ដែល​កីឡាការិនី កែ ឡេង ទទួល​បាន​នៅ ពេលនេះ និង​ជាមួយនឹង​ការបម្រើ​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា ការជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ផ្សេងៗ​ទៀត​ចូល​លេង​កីឡា​ឲ្យកាន់​តែ​មាន​សកម្មភាព​ផុលផុស​នោះ សម្តេច​តេ​ជោ​បានសម្រេច​ដំឡើង​ឋានន្តរ ស័ក្តិ​ជូន​កីឡាការិនី កែ ឡេង អនុសេនីយ៍ទោ​ទៅដល់​អនុសេនីយ៍ឯក នៃ​កង​យោធពលខេមរភូមិន្ទ ដែល​នឹង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។

សម្តេច​តេ​ជោ​ក៏បាន​សន្យា ក្នុង​ពិធី​សំណេះសំណាល​នៅ​វិមាន​សន្តិភាព​ថា កីឡាករ កីឡាការិនី​កម្ពុជា​ទាំងអស់ ដែល​ដណ្តើម​បាន​មេដាយមាស​១​ក្នុង​ការ ប្រកួត​កីឡា​អាស៊ី និង​កីឡា​ពិភពលោក​នោះ​នឹង​ទទួល​បាន​ឋានន្តរស័ក្តិ​១​ស័ក្តិ ដែល​នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ​សម្រាប់​កីឡាករ កីឡាការិនី​កម្ពុជា​របស់​យើង។ សម្តេច​តេ​ជោ​មានប្រសាសន៍​អំពាវនាវ​ដល់​គ្រប់​សហព័ន្ធ​កីឡា​ទាំងអស់ ត្រូវ​ខិតខំ​ពង្រឹង​សកម្មភាព​ហ្វឹកហាត់​ចំពោះ​កីឡាករ កីឡាការិនី ដើម្បី​ឲ្យ​កាន់តែ មាន​សមត្ថភាព​ជំនាញ​បច្ចេកទេស និង​ទទួល​ប្រៀប​ឈ្នះ​របស់​កម្ពុជា។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា បើ​យើង​ជំរុញ​ចលនា​កីឡា​កាន់​តែ​ខ្លាំង នៅក្នុង​ស្រទាប់​កុមារ យុវវ័យ និង​យុវជន​របស់​យើង​ឲ្យ​ចូល​ចិត្ត និង​ស្រឡាញ់ កីឡា ពួកគេ​នឹង​មិន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទាក់ទិន​នឹង​ភាព​ទំនើង បញ្ហា​គ្រឿងញៀន និង​បញ្ហា​ដទៃទៀត​ដែល​ជា​ភាព​អសកម្ម​ក្នុង​សង្គម​នោះ​ឡើយ។

សម្តេច​បន្ត​ថា សកម្មភាព​កីឡា​ទាំងអស់ មិន​ត្រឹមតែ​ធ្វើ​នៅ​ទីក្រុង​នោះ​ទេ ក៏ប៉ុន្តែ​គ្រប់​ទី​ជនបទ ត្រូវតែ​ធ្វើ​ឲ្យ​វា​កើតជា​រូបរាង និង​ឲ្យ​វា​កើតជា​ចលនា​ជាតិ​លើ​វិស័យ​កីឡា​នៅ​កម្ពុជា។

សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ឲ្យ​តែ​កម្ពុជា​ទទួល​បាន​នូវ​ចំណាត់ ថ្នាក់​ពី​កីឡា​អាស៊ី កីឡា​អូឡាំពិក និង​កីឡា​ពិភពលោក សម្តេច​និង​អញ្ជើញ​មក ទទួល​កីឡាករ កីឡាការិនី​នៅ​វិមាន​សន្តិភាព ដើម្បី​ជា​កិច្ច​ស្វាគមន៍ និង​លើក​ទឹកចិត្ត។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា ចាប់តាំងពី​ពេល​ចាប់បដិសន្ធិ​របស់​ខ្លួន​មកដល់​បច្ចុប្បន្ន កីឡា​ប៉េតង់​កំពុង ទទួល​បាន​នូវ​ការ​ពេញនិយម​ច្រើន​នៅ​កម្ពុជា។ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ជា​លទ្ធផល​មកដល់ពេលនេះ​កីឡា​ជម្រើសជាតិ​កម្ពុជា​បាន​ចូលរួម​ប្រកួត លើ​ឆាក​អន្តរជាតិ​ទាំង​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោក និង​ទទួល​មេដាយ​សរុប​ចំ នួន​១៧០ ក្នុង​នោះ​មេដាយមាស​ចំនួន​៤១ មេដាយ​ប្រាក់​៦៤ និង​មេដាយ​សំរិទ្ធ ៦៥។ ឆ្នាំ​២០១៣​កម្ពុជា​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​៤​នាក់​ចូលរួម​កីឡា​ប៉េ តង់​ជើងឯក​លើក​ទី​១៤ នៅ​ទីក្រុង​ម៉ុង​តូប​ង់ សាធារណរដ្ឋ​បារាំង ដោយ​ដណ្តើម បាន​មេដាយមាស​១ និង​មេដាយសំរិទ្ធ​១ បើ​គិត​ជា​ចំណាត់ថ្នាក់​កម្ពុជា​លេខ​១ ថៃ​លេខ​២ និង​បារាំង​លេខ​៣។ ឆ្នាំ​២០១៤​កម្ពុជា​បញ្ជូន​កីឡាករ កីឡាការិនី​១៦ នាក់ ចូលរួម​ប្រកួត​កីឡា​ប៉េតង់​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឡាវ ក្នុង​នោះ​កម្ពុជា ដណ្តើម​បាន​មេដាយមាស​៤ មេដាយ​ប្រាក់​១ និង​មេដាយសំរិទ្ធ។ ឆ្នាំ​២០១៥ កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​៣០​នាក់​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​អាស៊ីអាគ្នេយ៍​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​ដោយ​ដណ្តើមបាន​មេដាយ​ចំនួន​១១ មេដាយមាស​៣ ប្រាក់​៣ និង​សំរិទ្ធ​៥។

កីឡាការិនី កែ ឡេង បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ជា​ទឹកប្រាក់​ចំនួន ១៤៤​លាន​រៀល​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ថវិកា​ផ្ទាល់​របស់​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដុល្លា​អាម៉េរិក​ផងដែរ​។ កីឡាការិនី កែ ឡេង ក៏​ដណ្ដើមបាន​មេដាយសំរិទ្ធិ​ពិភពលោក និង​មេដាយមាស ប្រាក់ សំរិទ្ធ​ពី​ការ ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ តំបន់​ជាច្រើន​ផ្សេងទៀត​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684