Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បញ្ហាប្រឈមនានា ពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើន​សេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពមិនប្រាកដប្រជាទៅលើបញ្ហាមួយចំនួន ជាពិសេសបញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះ នៅបន្តអូសបន្លាយទៅមុខទៀត។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសហុងគ្រី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ កម្ពុជា​ គឺជាប្រទេសមួយ ដែលទទួលជោគ ជ័យ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង ៩២, ២៧ភាគរយ នៃប្រជាជនសរុប ១៦លាននាក់។ ការណ៍នេះ បានអនុញ្ញាតឲ្យកម្ពុជា​ បើប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសង្គម-សេដ្ឋកិច្ច ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងចូលក្នុងសហគមន៍ នៅបន្តមានក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងទុកថា ប្រទេសកម្ពុជា នឹងអាចស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទុលសេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទុលថ្មី ប្រកបដោយសក្ដានុពលពីវិស័យផ្សេងៗ។ ទោះបីជាវិស័យទេសចរណ៍ នៅមិនទាន់ងើបឡើងវិញក៏ដោយ ក៏វិស័យសំខាន់ៗមួយចំនួន បាននិងកំពុងស្ដារ និងជំរុញដំណើរការជាប្រក្រតីឡើងវិញ ដែលជាលទ្ធផលកម្ពុជារំពឹងថា នឹងធានាបាននូវកំណើនវិជ្ជមាន ក្នុងកម្រិតប្រមាណ ៣ភាគរយ នៅក្នុងឆ្នាំ ២០២១ និងបន្តកើនឡើងលើស ៥ភាគរយ នៅឆ្នាំ ២០២២។

ក៏ប៉ុន្តែភាពមិនប្រាកដប្រជានៅមានបន្ត ក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត។ ជាក់ស្ដែងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះ នៅបន្តអូសបន្លាយទៅមុខទៀត។ នេះបើតាមការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន។

ជា​មួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ី-អ៊ុនក្រែននេះ គឺប្រទេសកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចំាបាច់ ឲ្យបានទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង នៅតែបន្តបង្កនូវហានិភ័យ និងភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ និងពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម