Connect with us

នយោបាយ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ បើក្នុងឃុំ-សង្កាត់ណា គ្មានពាក្យបណ្តឹងលើបញ្ជីបេក្ខជន នោះនឹងក្លាយទៅជាបញ្ជីផ្លូវការ

បានផុស

នៅ

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ដែលកិច្ចប្រជុំនេះ ធើ្វឡើងតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនដំបូង នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់ លើបញ្ជីបេក្ខជនដំបូង។

លោក មាន សទិ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការបិទផ្សាយបញ្ជីបេក្ខជនដំបូង គឺដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយនេះ។ ការបិទផ្សាយបញ្ជីបេក្ខជនដំបូង អាចធ្វើឡើងតាមកាលបរិច្ឆេទផ្សេងៗគ្នា អាស្រ័យលើករណីមាន ឬគ្មានបណ្ដឹងកើតឡើង ក្នុងអំឡុងពេលចុះបញ្ជីបេក្ខជន នៃគណបក្សនយោ បាយនៃឃុំ-សង្កាត់នីមួយៗ។

ទាក់ទងនឹងការប្តឹងជំទាស់ទៅនឹងបេក្ខជន ឬជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ លោក មាន សទិ បានបញ្ជាក់ថា ពាក្យបណ្តឹងជំទាស់នេះ អាចធ្វើឡើងក្នុងករណីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ មិនបំពេញបានតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក មាន សទិ បន្ថែមទៀតថា ប្រសិនបើក្នុងឃុំ-សង្កាត់ណា គ្មានពាក្យបណ្តឹងជំទាស់ទៅលើបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយទេ នោះបញ្ជីបេក្ខជនដំបូងក្នុងឃុំ-សង្កាត់នោះ នឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ។ បន្ទាប់មកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនៃឃុំ-សង្កាត់នោះ ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ ដែលនឹងត្រូវដាក់លើសន្លឹកឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ឆ្លើយទៅនឹងសំណួរ របស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ លោក មាន សទិ លើកឡើងថា ទោះបីមានបេក្ខជនខ្លះត្រូវបាន គ.ជ.ប សម្រេចលុបចេញពីបញ្ជីបេក្ខជនដំបូងក្ដី ក៏បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ នៅតែមានសុពលភាព សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតដដែល ហើយប្រសិនបើនៅពេលស្រង់ឈ្មោះបេក្ខជន ជាប់ឆ្នោតពីបញ្ជីបេក្ខជន នៃគណបក្សនយោបាយនោះ។ ប៉ុន្តែខ្វះបេក្ខជន គ.ជ.ប ក៏មាននីតិវិធី សម្រាប់ឲ្យគណបក្សនយោបាយពាក់ព័ន្ធ រៀបចំបញ្ជីបេក្ខជនបម្រុងបន្ថែម៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម