ព័ត៍មានទាន់​ហេតុការណ៏
Search
unnamed

ប្រវត្តិ​ព័ត៌មាន​អំពីប្រាសាទ​ បាទជុំ

 

ប្រាង្គប្រាសាទ​ ទាំងអស់​នៅសម័យអង្គរ​ដែលមាន​រយៈពេល​ជាង ៦០០ឆ្នាំ គឺរាប់​ពី​សតវត្សរ៍ទី​៩​ ដល់​សតវត្សរ៍ទី​១៥នៃគ្រិស្តសករាជ​​​នោះគេ​ចែកជា​ពីរក្រុម​គឺទី១ ប្រាង្គប្រាសាទ​សម្រាប់ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងទី២ ជាក្រុមប្រាសាទ​សម្រាប់​ឧទ្ទិសថ្វាយព្រះ​ពុទ្ធសាសនា។ ជាពិសេស​ក្នុងរជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ តែម្តង​ដែលគេរាប់​ពីគ.ស ១១៨១​ដល់គ.ស១២១៨ នោះមាន​ប្រាង្គប្រាសាទ​សម្រាប់​ថ្វាយព្រះពុទ្ធ​សាសនា មហាយាន។ ដោយ​ឡែក​តាម​ព័ត៌មាន​ពីឯកសារ​នានា​បាន​អោយដឹង​ថា មាន​ប្រាសាទ​ បាទជុំ​ដែលបាន​កសាង​មុន​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧ ទៅទៀត​តែមាន​ការឧទ្ទិស​ថ្វាយព្រះ​ពុទ្ធសាសនា​ដែរ។ ដើម្បី​បានជ្រាប​អំពី​ប្រវត្តិ​នៃព័ត៌មាន​នេះខ្ញុំ​ធ្វើការ​ស្រាយ​បញ្ជាក់​តាមរយៈ​ឯកសារ​ផង ព្រមទាំង​មានការវិភាគ​ និង​ការសន្និដ្ឋាន​ដូច​តទៅនេះ ៈ

បើ​ផ្អែក​តាមឯកសារ​សៀវភៅ​តំបន់​ទេស​​ចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបោះពុម្ព​លើកទី​២ ឆ្នាំ​២០០៥ របស់​អ្នក​និពន្ធកែវ.ភួង​បានអោយ​ដឹងថា ប្រាសាទ​ បាទជុំ​ឋិតនៅ​ត្បូង​ស្រះ​ស្រង់​ប្រហែល​៣០០ម៉ែត្រ​ ចូលតាមផ្លូវ​បឹង​មាលា (ផ្លូវ​បុរាណ) ដែល​ឋិតនៅ​ខាង​ជើង​ភូមិ​ក្រវាន់។ ប្រាសាទ​នេះ​សង់​អំពី​ឥដ្ឋ​មានតួប៉ម​បី បែរមុខ​ទៅទិស​ខាងកើត។ តាម​សិលា​ចារឹក​នៃ​ប្រាសាទនេះ​ទាក់ទង​ទៅនឹង​ការសាងសង់​បាន​អោយ​ដឹងថា ឋិតនៅ​ក្នុងរជ្ជកាល​ព្រះបាទ​​រាជិន្ទ្រាវរ្ម័នដែល​ព្រះអង្គឡើង​គ្រងរាជ្យ​នៅ​គស​​​​៩៤៤ ហើយ​ដែលមាន​មន្ត្រី​ម្នាក់ឈ្មោះ​កវីន្ទ្រារិម​ថនបានកសាង​។ សិលាចារឹក​សរសេរ​ក្នុងឆ្នាំ៩៥៣ នៃគ្រិស្តករាជ បានអោយ​ឈ្មោះ​ប្រាសាទនេះ​ថា សោគតាគ្រម។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រាសាទ​នេះមានឈ្មោះ ប្រាសាទ បាទជុំទៅវិញ។

មាន​ចំណុច​ជាច្រើន​ដែលគួរអោយ​មានការ​​​ច​ាប់​អារម្មណ៍​នោះគឺ​ ប្រាសាទបាទ​​ជុំ​ជា​ការ​​ឧទ្ទិសថ្វាយព្រះ​ពុទ្ធសាសនា ហើយ​ដែល​មិន​មែនជា​ស្នាព្រះហស្ត​កសាង​ដោយ​ព្រះ​មហាក្សត្រ​នោះទេ តែជាការកសាង​​​​​ដោយ​មន្ត្រី​ធំម្នាក់​ដ៏មាន​ឥទ្ធិពល​ ជាអ្នក​កាន់​​ព្រះ​ពុទ្ធសាសនា​ នាសម័យ​នោះជាអ្នកកសាង​​ទៅវិញ។ ត្រង់​ចំណុចនេះ​បានបង្ហាញ​អោយ​យើងដឹងថា ទាំង​ព្រហ្មញ្ញ សាសនា​ និងទាំង​ខាងពុទ្ធសាសនា​តែងមាន​​ការនិយម​កាន់ជំនឿ​ក្នុងការ​រួមរស់​ជាមួយគ្នា ​នៃសង្គម​ខ្មែរ​ដោយមិន​មានរឱស្ឋានអ្វីឡើយ។ បានសេចក្តី​ថា ក្នុង​សង្គមខ្មែរបុរាណ​ពុំ​មានបញ្ហា​ទំនាស់​ ប្រេះ​ស្រាំ​ពីរឿង​ជំនឿ​ខាងសាសនា​នោះទេគឺ គេតែង​យល់ថា ទាំង​ពុទ្ធសាសនា​មហាយាន និងទាំង​ព្រហ្មញ្ញ សាសនា​តែង​មាន​ទំនាក់ទំនងនឹងគ្នា​ដោយមិន​អាច​កាត់​ផ្តាច់​ចេញពី​គ្នា​បានឡើយ។ ជាពិសេស​គេតែង​យល់ស្រប​គ្នាថា ពុទ្ធសាសនា​មហាយាន ជា​ជម្រក​ដ៏កក់ក្តៅ​នៃព្រហ្មញ្ញ សាសនា​នៅ​សម័យ​អង្គរ ដូចគេឃើញ​រចនាប័ទ្ម​ប្រកបដោយ​ការសំ​យោគ​នៃប្រាសាទ​ បាយ័ន អ៊ីចឹង។

បើគេ​ក្រឡេក​ចក្ខុ​ដោយ​សម្លឹង​មើល​អតីតកាល​នៃ​សតវត្សរ៍​ទី១០ សាឡើងវិញ​នោះគឺ ព្រះមហា​ក្សត្រ​​ព្រះបាទ រាជិន្ទ្រា​វរ្ម័ន ព្រះអង្គ​ជាអ្នក​​កាន់​ព្រហ្មញ្ញ សាសនា​ ដូចគេឃើញ​​ស្នាព្រះហស្ត​ព្រះអង្គ​កសាង​ប្រាសាទ​ប្រែរូប​ជាដើម។ ប៉ុន្តែ​ក៏មាន​មន្ត្រី​ធំៗ​ដូច មានឈ្មោះ​ កវីន្ទ្រារិម​ថន នេះជាអ្នក​កាន់ព្រះ​ពុទ្ធសាសនា ដែលបាន​កសាង​ប្រាសាទ បាទជុំ នេះជាភស្តុតាង​ស្រាប់ ហើយ​ដែលជា​ការ​បង្ហាញ​អំពី​សេរីភាព​នៃជំនឿ​ផងដែរ។

បន្ទាប់​ទៅនេះ​ខ្ញុំ​សាកល្បង បញ្ជាក់​អំពី​ប្រាសាទ​ បាទជុំ​គឺ បាទមានន័យថា ជើង​ ឬ​បាតជើង​ដូចមាន​ពាក្យ​ថា “​ស្នាមព្រះ​បាទដែមាន​ន័យថា ជាស្នាមនៃព្រះ​ពុទ្ធបាទ ឬ​បាតជើង​របស់ព្រះ​ពុទ្ធ។ កន្លង​មក​យើង​បានដឹងថា មានស្នាមព្រះ​បាទ​ជាន់ទុក​ នៅ​លើភ្នំ​បាខែង។ ដូចនេះ​ប្រាសាទ​ បាទជុំ​​ក៏មាន​ន័យបង្កប់​ដ៏សំខាន់​នោះគឺមានការឧទ្ទិស​ដល់ព្រះ​ពុទ្ធ​សាសនាតែម្តង។ ដ្បិត​“​បាទជុំ“​នេះក៏​មានន័យ​ថា ជាទី​ប្រជុំអ្នក​កាន់ព្រះ​ពុទ្ធសាសនា​ពិតប្រាកដ​។ ប្រការ​ដែលគេ​ហ៊ាន​អះអាង​បន្តទៅទៀត​នោះចំពោះ​បដិមាដែល​តម្កល់​ក្នុង​ប្រាសាទ​តែម្តង ថាតើតម្កល់​ព្រះពុទ្ធ​ប្បដិមា​ ឬក៏តម្កល់​ទេវរូប​(បដិមា​អាទិទេព)។ ជួន​កាល​ក៏មាន​ការរុះ​រើ​បដិមា​ផងដែរទៅតាម​ការ​និយម​របស់​សង្គម ដែល​ជាការ​រួមរស់​ក៏សុខ​សាន្ត​ពី​មូលដ្ឋាន​នៃជំនឿ​ដោយមិនមាន​ការប្រទូស​រ៉ាយ​គ្នា​នោះឡើយ៕

ឥន្ទ្រីយ៍ខ្មៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684