ព័ត៍មានទាន់​ហេតុការណ៏
Search
រឿង​ចំណាប់ខ្មាំង​នៅ

រឿង​ចំណាប់ខ្មាំង​នៅ​ប្រទេស​ទួរ​គី​ ត្រូវ​បានបញ្ចប់​ ដោយ​ការបាញ់សម្លាប់

 

ទីក្រុង​អ៊ី​ស្តង់​ប៊ុល ព្រះរាជអាជ្ញា​ជាន់ខ្ពស់​របស់​ប្រទេស​ទួរ​គី​ និង​អ្នក​ចាប់​ចំណាប់ខ្មាំង​ពីរ​នាក់​ដែល​ចាប់ខ្លួន​គាត់​ទៅ​ ត្រូវបាន​សម្លាប់​នៅពេលដែល​កងកម្លាំង​សន្ដិសុខ​​ចាប់ផ្តើម​ប្រតិ​ប​ត្ដិ​ការ​មួយ​ដើម្បី​រំដោះ​ព្រះរាជអាជ្ញា​រូបនោះ​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​អស់​រយៈពេល​ប្រាំមួយ​ម៉ោង​ ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

កាលពី​ថ្ងៃ​អង្គារ​ ពួក​សកម្មប្រយុទ្ធ​ឆ្វេងនិយម​រ៉ាឌីកាល់​ពីរ​នាក់​ បាន​ចាប់​ព្រះរាជអាជ្ញា​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​លោក Mehmet Selim Kiraz នៅក្នុង​ការិយាល័យ​រប​ស់​គាត់​ ដោយ​ភ្ជង់​កាំភ្លើង​ទៅនឹង​ក្បាល​របស់គាត់​ ហើយ​បាន​គំរាម​សម្លាប់​ប្រសិន​បើ​មិន​ធ្វើតាម​តម្រូវការ​របស់​ពួកគេ ។​

ការទាមទារ​របស់​ពួកគេ​ គឺ​ទាក់ទង​ទៅនឹង​ការស៊ើបអង្កេត​ចំពោះ​លោក Kiraz ដែលនាំ​​ឲ្យ​​មានការ​សម្លាប់​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ Berkin Elvan ដែល​បាន​ស្លាប់​ទៅ​កាលពី​ខែ​មីនា​ ឆ្នាំ​មុន​បន្ទាប់ពី​បាន​សន្លប់​អស់​រយៈពេល២៦៩ ថ្ងៃ​ដោយសារតែ​របួស​បង្កដោយ​ប៉ូលិស ​នៅក្នុង​ការធ្វើ​បាតុកម្ម​ត​វ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​រដូវ​ក្តៅ​ឆ្នាំ២០១៣។​

នាយប៉ូលិស​ទីក្រុង​អីុ​ស្តង់​ប៊ុល លោក Selami Altinok បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​តុលាការ​នោះ​ថា អាជ្ញាធរ​បាន​​ព្យាយាម​ចរចា​ជាមួយ​អ្នក​ចាប់​ចំណាប់ខ្មាំង​ទាំងពីរដោយភាព​​តានតឹង​យ៉ាងខ្លាំង​ ខណៈ​ចរន្ត​អគ្គិសនី​នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ទួរគី​ មួយ​នេះ​ត្រូវបាន​ដាច់។ ប៉ុន្តែ​ទោះបីជាយ៉ាង​ណាក៏ដោយ ​ពួកគេ​បានសម្រេច​ចិត្ត​​បើក​ប្រតិ​ប​ត្ដិ​ការ​ដើម្បី​រំដោះ​ព្រះរាជអាជ្ញា​ នៅពេល​ដែល​គ្រាប់កាំភ្លើង​ត្រូវបាន​គេ​ឮ​នៅក្នុង​ទូរស័ព្ទ​ដែល​កំពុង​ទាក់ទង​ជាមួយ​អ្នក​ចាប់​ចំណាប់ខ្មាំង​។​

លោក Altinok បាន​និយាយថា “​ភេរ​វករ“​ទាំងពីរ​នាក់​ត្រូវបាន​សម្លាប់​ ចំណែក Kiraz ត្រូវ​បាន​គេ​នាំទៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​ជីវិត​របស់គាត់​មិន​អាចជួយ​សង្គ្រោះបាន​នោះទេ​។​

លោក​ប្រធានាធិបតី Recep Tayyip Erdogan ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រូ​ម៉ា​នី​ បាន​និយាយថា ​ក្រុម​អ្នក​វាយប្រហារ​បាន​ចូល​តុលាការ ​ដោយ​ក្លែងខ្លួន​ស្លៀកពាក់​ជា​អ្នកច្បាប់​។ លោក​បាន​និយាយថា Kiraz ត្រូវបាន​បាញ់​បី​គ្រាប់​ចំក្បាល ​និង​ពីរ​គ្រាប់​លើ​ដងខ្លួន ។​

នាយករដ្ឋមន្ត្រី​លោក Ahmet Davutoglu បាន​និយាយថា​: “​ជា​ប្រជាជាតិ​មួយ យើងមើល​ឃើញថា​ ការវាយប្រហារ​នេះ​មិន​ត្រឹមតែ​ជាការ​វាយប្រហារ​លើ​ព្រះរាជអាជ្ញា Mehmet Selim Kiraz របស់​យើង​តែ​ម្នាក់​នោះទេ​ ប៉ុន្តែ​នេះ​ក៏​ជា​ការ​វាយប្រហារ​ប្រឆាំងនឹង​ប្រព័ន្ធតុលាការ​ទួរគី​,​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ទួរ​គី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​ទួរ​គី​ផងដែរ​“​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អង់កា​រ៉ាថា ​ទោះបី​នេះ​ជាការ​បង្ហូរឈាម ​ប៉ុន្តែ​ប្រតិ​ប​ត្ដិ​ការ​របស់​ប៉ូលិស​ បានសម្រេច​បាន​គោលដៅ​របស់ខ្លួន​។​

អ្នក​ចាប់​ចំណាប់ខ្មាំង​ទាំងពីរ​នេះ​ត្រូវបាន​អះអាងថា ​មកពី​គណបក្ស​រណសិរ្ស​បដិវត្តន៍​រ៉ាឌីកាល់​ម៉ា​ស៊ី​ស​រំដោះប្រជាជន (DHKP-C) ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ជាច្រើនលើក​ច្រើនសា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

ក្រុម​នេះ​ធ្លាប់បាន​ចេញផ្សាយ​រូបភាព​ដែល​បង្ហាញ​ពី​ពួក​សកម្មប្រយុទ្ធ​ដែល​បិទមុខ​ដោយ​កន្សែង ​ដោយមាន​សញ្ញា​សម្គាល់​ពណ៌​ក្រហម​និង​ពណ៌​លឿង​របស់​ក្រុម​នេះ ​និង​កាន់​កាំភ្លើង​ភ្ជង់​ក្បាល​របស់ Kiraz ។​

លោក Davutoglu បាន​លើកឡើងថា ​អ្នក​វាយប្រហារ​ទាំងពីរ​នោះ ​ត្រូវបាន​គេ​កំណត់​បាន​​ថា ​ស្ថិតក្នុង​វ័យ២០ឆ្នាំ ។​

ក្រុម​នេះ​បានផ្ដល់​ពេល​ដើម្បី​ឲ្យកំណត់​អត្ត​សញ្ញាណ​មន្ត្រី​ប៉ូលិស​ដែល​ពួកគេ​និយាយថា ​ជា​អ្នក​ដែល​នៅ​ពីក្រោយ​នៃ​ការសម្លាប់ Elvan ហើយ​បង្ខំ​ពួកគេ​ឱ្យសារភាព​ដោយផ្ទាល់​ បើ​មិន​ដូច្នោះ​ទេ​គាត់​នឹង​ត្រូវបាន​បាញ់សម្លាប់​។​

ជាមួយគ្នា​នោះ​ ទូរទស្សន៍​របស់​ប្រទេស​ទួរ​គី​ ​ក៏​ត្រូវបាន​គេ​ហាម​មិន​ឲ្យ​ធ្វើការ​ផ្សាយ​ផ្ទាល់​ចំពោះ​ហេតុការណ៍​នេះ​ផងដែរ៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684