ព័ត៍មានទាន់​ហេតុការណ៏
Search
M05-06-16-o2

សម្លៀក​បំពាក់​ប្រពៃណី​កម្ពុជា ​​​ប្រកប​​​ដោយ​គុណ​តម្លៃ​​ ត្រូវ​បាន​ធ្វើការ​ដាក់​តាំង​បង្ហាញ

កាលពី​រាត្រី​ថ្ងៃ​សុក្រ​ទី ២ ខែ​មិថុនា​កន្លងទៅនេះ នៅឯ​សណ្ឋាគារ មិត្ត​តូ បាន​ប្រារព្ធ​កម្មវិធី​ដ៏​ពិសេស​មួយ ដែល​ហៅថា “​រាត្រី​នៃ​តុក្កតា​អប្សរា​” ។ កម្មវិធី​នេះ​បានធ្វើការ​ដាក់តាំង​បង្ហាញ​នូវ​សម្លៀកបំពាក់​តុក្កតា​ជាច្រើន​បែប ដែល​សុទ្ធសឹង​ជា​សម្លៀកបំពាក់​បែប​ប្រពៃណី​របស់​ប្រទេស​កម្ពុជា​យើង​។

កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ទៅលើ​គំនិត​ច្នៃប្រឌិត​ដែល​ត្រូវបាន​ដាក់តាំង​បង្ហាញ​នា​រាត្រី​នោះ ដែល​ជាការ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​លើកស្ទួយ​ដល់​វប្បធម៌​នៃ​សម្លៀកបំពាក់​របស់​ខ្មែរ​យើង​ ដែល​មាន​តាំងពី​បុរាណកាល​មក ឲ្យ​មាន​ភាព​ឋិតថេរ​ និង​គង់វង្ស។ សម្លៀកបំពាក់​មានការ​ផ្លាស់ប្តូរ​ទៅតាម​សម័យកាល ហើយ​នា​ពេល​បច្ចុប្បន្ននេះ វិស័យ​ហ្វេ​ហ្សិ​ន​ហាក់ដូច​ជាមាន​សន្ទុះ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​យើង ដូច្នេះហើយ​ការដាក់​បង្ហាញ​នូវ​ទម្រង់​សម្លៀកបំពាក់​បុរាណ ពិតជា​មាន​ភាព​ពិសេស​ណាស់​សម្រាប់​ខ្មែរ​យើង ក្នុងការ​ស្វែងយល់​បន្ថែ​ម​ពី​លក្ខណៈ​ពិសេស ​និង​ខុសប្លែក ក៏ដូចជា​ភាព​ច្នៃប្រឌិត​ដែលមាន​តាំងពី​បុរាណកាល​មក​។

ជាមួយគ្នានេះដែរ ក៏មាន​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​ដោយ​លោក រ៉េមី ហ៊ូ ដែលជា​អ្នក​រចនា​ម៉ូដ​ដ៏​ល្បី​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា លោក​ក៏​ជា​គណៈកម្មាធិការ​នៅក្នុង​កម្មវិធី​ប្រកួត “​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​” ផងដែរ​។ សម្លៀកបំពាក់​របស់​តារា​បង្ហាញ​ម៉ូដ​ត្រូវបាន​រចនា​ឡើង​ដោយ​ភាព​ប្រណិត ប្លែក និង​ស្រស់ស្អាត ហើយ​តារា​បង្ហាញ​ម៉ូដ​ទាំងនោះ បានធ្វើ​ការដើរ​ចេញមក​ជាមួយនឹង​តុក្កតា​ក្នុង​ដៃ ដែល​គ្រោង​ទៅដោយ​សម្លៀក​ប្រពៃណី​ទៅតាម​សម័យកាល​ផ្សេងៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាគច្រើន​នៃ​ទម្រង់​សម្លៀកបំពាក់​របស់​តុក្កតា​ដែល​ត្រូវ​បានដាក់​បង្ហាញ គឺជា​សម្លៀកបំពាក់​នៃ​សម័យកាល​ចតុមុខ​។ លោក បូរ៉ា ដែលជា​រចនា​សម្លៀកបំពាក់​តុក្កតា​ទាំងនេះ បានបញ្ជាក់​ប្រាប់ថា​៖ សម្លៀកបំពាក់​នីមួយៗ​ដែល​ត្រូវ​បានដាក់​បង្ហាញ ត្រូវបាន​រចនា​ឡើងទៅ​តាម​ទម្រង់​បែប​សម្លៀកបំពាក់​នៃ​វណ្ណៈ​ដែលមាន​ដូចជា រាស្ត្រ ក្សត្រ ហើយ​និង​អ្នករបាំ​ជាដើម​។​

លោក​បាន​បន្ត​ប្រាប់ថា កម្មវិធី​​នេះ ​មាន​គោលបំណង​ចង់​ជួយ​លើកស្ទួយ​សម្លៀកបំពាក់​ខ្មែរ​ដែល​កំពុងតែ​ជិត​នឹង​បាត់បង់ ឲ្យ​រស់រានមានជីវិត​ឡើងវិញ​ ហើយក៏​ដូចជា​ដើម្បី​ធ្វើការ​បង្ហាញ​ទៅកាន់​យុវជន​ជំនាន់​ក្រោយ ក៏ដូចជា​ផ្សព្វផ្សាយ​ទៅដល់​អាណិកជន ​និង​ជនបរទេស ឲ្យ​បាន​យល់ដឹង​បន្ថែម​ពី​ភាពខុសគ្នា​នៃ​សម្លៀក​ទៅតាម​សម័យកាល​របស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក​។​

កម្មវិធី​ដ៏​មហោឡារិក​នេះ ត្រូវបាន​ចូលរួម​ដោយ​តារា​កិត្តិយស​ថ្មី​ចាស់​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ។ ជាមួយគ្នានេះដែរ តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា ក៏បាន​ចូលរួម​បង្ហើរ​សំនៀង ដើម្បី​ជួយ​ធ្វើឲ្យ​កម្មវិធី​កាន់តែ​ភាព​ពិសេស​ឡើង​បន្ថែមទៀត​។

ជា​ចុង​ក្រោយនេះ លោក បូរ៉ា បាន​បន្ត​ប្រាប់ថា លោក​មាន​សេចក្តី​សោមន្ស​រីករាយ​ជាខ្លាំង នៅពេលដែល​បានឃើញ​ទស្សនិកជន បានធ្វើការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ទីនោះ​។ ​​លោក​សង្ឃឹមថា ប្រសិនបើ​មាន​ធនធាន ក៏ដូចជា​ការឧបត្ថម្ភ​គ្រប់គ្រាន់​នោះ លោក​អាច​នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ម្តង​ទៀត​នៅ​ឆ្នាំក្រោយ ព្រោះ​នេះ​ត្រឹមតែ​ជា​ការ​ប្រារព្ធ​លើក​ទី ១ តែប៉ុណ្ណោះ ហើយ​វា​ពិតជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ដែល​នឹកស្មាន​មិន​ដល់៕

M05-06-16-o3

M05-06-16-o4



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684