ព័ត៍មានទាន់​ហេតុការណ៏
Search
4916

បញ្ចប់​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់​ជាតិ​

ភ្នំពេញ ៖ ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥ បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី​១០​ ខែ​មេសា បន្ទាប់ពី​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ​ខែ​មេសា​មក​នោះ​។​

លោក ​ព្រំ ប៊ុណ្ណ​យី អគ្គនាយករង​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ​។ ៣​វិញ្ញាសា​ដែល​ប្រកួត​ក្នុង​ថ្ងៃ​បិទ​កម្មវិធី​នេះ គឺ​ហែល​២០០​ម៉ែត្រ ៤ របៀប​បុរស​ក្របខ័ណ្ឌ ក​-១ មេដាយមាស​កីឡាករ​ហែម​ថុ​ន ពន្លឺ ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន ថិរវេលា​២​នាទី ៣០​វិនាទី​១៦ ។ មេដាយប្រាក់​លី ឧ​ត្ត​ម​ថិរវេលា​២​នាទី​៣២​វិនាទី​៨៤ និង មេដាយ សំរិទ្ធ ចេង ពិ​រោទិ៍ ថិរវេលា​២​នាទី​៣៦​វិនាទី​ពួកគេ​ទាំង​២​មកពី​សមាគម​ក្រសួង​មហាផ្ទៃ​ជាមួយគ្នា​។​

វិញ្ញាសា​ហែល​១០០​ម៉ែត្រ​៤​ដង​សេរី​បុរស​ ក្របខ័ណ្ឌ ក​-២ មេដាយមាស​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ថិរវេលា​៥​នាទី​១៧ វិនាទី​៨១ មេដាយ​ប្រាក់​ខេត្តកំពង់ចាម ថិរវេលា​៥​នាទី​១៨​វិនាទី​៩០ និង មេដាយ​សំរិទ្ធិ​ក្លិប I-Can ថិរវេលា​៥​នាទី​២២ វិនាទី​៩៤​។​

វិញ្ញាសា​ហែល​១០០​ម៉ែត្រ ៤​ដង​របៀប​សេរី​នារី​ក្របខ័ណ្ឌ ក​-២​មេដាយមាស​សមាគម​ក្រសួង​មហាផ្ទៃ​ថិរវេលា​២​នាទី​២៩​វិនាទី មេដាយ​ប្រាក់​ក្លិប I-Can ថិរវេលា​២​នាទី​៣៣​វិនាទី​៦៨ និង មេដាយ​សំរិទ្ធិ ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ថិរវេលា​៣​នាទី​០២​វិនាទី​៦៣​។​

សូម​រម្លឹក​ឲ្យ​ដឹង​ថា កាលពី​នៅ​ថ្ងៃទី​៩​ ខែ​មេសា ការប្រកួត​កីឡាហែលទឹក​ជើងឯក​ជាតិ​នេះ បាន​ដំណើរ​ការប្រកួត​ចំនួន​៥​វិញ្ញាសា បន្ទាប់ពី​បញ្ចប់​២០​វិញ្ញាសា​នា​ថ្ងៃទី​១​ ទី​២ ​និង​ទី​៣​នៃ​ការប្រកួត​នោះ​។​ ៥​វិញ្ញាសា​នោះ គឺ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​របៀប​មេអំបៅ​នារី​ក្របខ័ណ្ឌ ក​-១ មេដាយមាស​កីឡាការិនី​ហែម​ថុ​ន វិ​ទី​នី​ហែល​ក្នុង​ថិរវេលា​១​នាទី​២៥​វិនាទី​៨៥​។ មេដាយ​ប្រាក់​កីឡាការិនី​សេង សម្ផស្ស​ហែល​ក្នុង​ថិរវេលា​១​នាទី​៣៨​វិនាទី​១១ ដែល​ពួកគេ​ទាំង​២​មកពី​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ជា​មួយ​គ្នា​។ មេដាយ​ប្រាក់​កីឡាការិនី​នេន សុ​ម៉ាលី​ក្រសួងមហាផ្ទៃ ថិ​រ វេលា​១​នាទី​៤៧​វិនាទី​០២​។​

វិញ្ញាសា​ហែល​១០០​ម៉ែត្រ​របៀប​មេអំបៅ​បុរស​ក្របខ័ណ្ឌ ក​-១ មេដាយមាស​កីឡាករ​លឹម ឧ​ត្ត​ម ថិ​រ​វ​លា​១​នាទី​០៥​វិនាទី​២៣ មេដាយ​ប្រាក់​ធឿន ចាន់ថុល​ថិរវេលា​១​នាទី​០៧​វិនាទី​៨៨ ពួកគេ​មកពី​ក្រសួងមហាផ្ទៃ​ជាមួយគ្នា​។ មេដាយសំរិទ្ធិ​ភិន រដ្ឋា​មកពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថិរវេលា ១ នាទី​១០​វិនាទី​២៥​។​

វិញ្ញាសា​ហែល​២០០​ម៉ែត្រ​៤​របៀប​នារី​ក្របខ័ណ្ឌ ក​-២ មេដាយមាស​កីឡាការិនី​សុខ វរ​ល័ក្ខណ៍​ថិរវេលា​៣​នាទី​២៥ វិនាទី​៥៤ មេដាយ​ប្រាក់​ប៊ុន រក្សា ៣ នាទី​៤២​វិនាទី​៣៦ និង មេដាយ​សំរិទ្ធិ​ម៉េ​ត ម៉ា​រី​យ៉ាន​ថិរវេលា​៣​នាទី​៥២​វិនាទី ៦៦​។ ​កីឡាការិនី​ទាំង​៣​រូប​នេះ​មកពី​ក្រសួងមហាផ្ទៃ​ជាមួយគ្នា​។​

វិញ្ញាសា​ហែល​២០០​ម៉ែត្រ ៤​របៀប​បុរស​ក្របខ័ណ្ឌ ក​-២​មេដាយមាស​កីឡាករ​ប៊​ន កៅ​លាង​ខេត្តកំពង់ចាម ថិរវេលា ៣​នាទី​០៧​វិនាទី​៨១​។ មេដាយ​ប្រាក់​ឆោម ច័ន្ទ​ថន ថិរវេលា​៣​នាទី​០៩​វិនាទី​០៧ និង​មេដាយសំរិទ្ធិ​អ៊ួ​ង លី​ម៉េង​ថិរវេលា​៣​នាទី​១៤​វិនាទី​០២​។​ កីឡាករ​ទាំង​២​រូប​នេះ​មកពី​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ជាមួយគ្នា​។​

វិញ្ញាសា​ហែល​២០០​ម៉ែត្រ ៤​របៀប​នារី​ក្របខ័ណ្ឌ ក​-១​មេដាយមាស​កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ថិរវេលា​២​នាទី​៥៥ វិនាទី​៦៧ មេដាយ​ប្រាក់​សេង សម្ផស្ស​ថិរវេលា​៣​នាទី​០៥​វិនាទី​០៧​។ កីឡាការិនី​ទាំង​២​រូប​នេះ​មកពី​ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន​ជាមួយគ្នា និង មេដាយសំរិទ្ធិ​កីឡាការិនី​នេន សុ​ម៉ាលី​ក្រសួង​មហាផ្ទៃ​ថិរវេលា​៣​នាទី​៣៤​វិនាទី​៤៥​។​

ចំពោះ​ចំណាត់ថ្នាក់​ក្រុម​បុរស​-​នារី​ក្របខ័ណ្ឌ ក​-១​មេដាយមាស​ក្រសួងមហាផ្ទៃ​បាន​៩៧​ពិន្ទុ មេដាយ​ប្រាក់​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​បាន​៧៩​ពិន្ទុ និង​មេដាយសំរិទ្ធិ​ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​៦៨​ពិន្ទុ​។​

ចំណាត់ថ្នាក់​ក្រុម​បុរស​-​នារី​ក្រប​ខ័​ន្ឌ ក​-២ មេដាយមាស​ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន បាន​៨៩​ពិន្ទុ មេដាយ​ប្រាក់ ក្រសួងមហាផ្ទៃ​បាន​៧៥​ពិន្ទុ និង​មេដាយសំរិទ្ធិ​ខេត្តកំពង់ចាម​បាន​៦៤​ពិន្ទុ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684