ព័ត៍មានទាន់​ហេតុការណ៏
Search
5708

ពេជ្រ​ សីហា​ឈ្នះ​ទាំង​វេទនា​ ឯ​ឡៅ ​ចន្ទ្រា​ឈ្នះ​ថៃ​ទឹក​ទី​៣

អ្នក​ប្រដាល់​ជើង​ខ្លាំង​ពេជ្រ សីហា ក្លិប​ក្រសួងការពារជាតិ និង​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១​ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០១៥​នេះ។

ពេជ្រ សីហា ជើង​ខ្លាំង​របស់​កម្ពុជា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Jongang Fight Jongsnanwin ដោយ​ពិន្ទុ​យ៉ាង​វេទនា ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ សីហា​បាន​ប្រើ កែង​តាំងពី​ក្នុង​ទឹក​ដំបូង​ទៅ​ម្ល៉េះ ប៉ុន្តែ​មិនអាច​ផ្តួល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឲ្យ​ដួល​មុន​ទឹក ៥​បានឡើយ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​រឹងមាំ​និង​ល្អ​ដែរ។

ការប្រកួត​នៅ​ក្នុង​ទឹក​ទី​២ សីហា​ត្រូវ​Jongang Fight វាយ​កែង​ត្រូវ​បែក​ឈាម​ក្បាល​ខាង​ឆ្វេង​ តែ​ពុំបាន​រំខាន​ដល់​ការប្រកួត​របស់​សីហា​នោះ​ឡើយ។ ទោះជា​យ៉ាងណា បី​ទឹក​ចុងក្រោយ សីហា​បាន​យក​ប្រៀប​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​វិញ ដោយ​គេ​ប្រើ​កែង​រូស​ទៅលើ​ផ្ទៃមុខ​ថៃ ជាច្រើន​កែង និង​ដាល់​មុខ​Jongang Fight ឡើង​ទក់​មុខ​ថៃ​ទៅ​ហើយ។ អ្នក ប្រដាល់​ថៃ​Jongang Fight ក៏បាន​វាយ​សង​ទៅលើ​សីហា​ត្រូវ​ច្រើន​ណាស់​ដែរ ប៉ុន្តែ​ចប់​ការប្រកួត ពេជ្រ សីហា ឈ្នះ​Jongang Fight ដោយ​ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក ឡៅ ចន្ទ្រា អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា​វិញ​នោះ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Bunnam Luck Champachai យ៉ាង​ផុយ​បំផុត ​ដោយ​វាយ​Bunnam Luck ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ អ្នក​ប្រដាល់​ថៃ​រូបនោះ មិនអាច​ទប់​ជាមួយ​កណ្តាប់​ដៃ​ និង​ជង្គង់​របស់​ឡៅ ចន្ទ្រា​បាន​នោះ​ឡើយ ទីបំផុត​គេ​សន្លប់​លែង​ក្រោក​តែម្តង។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិខ្មែរ​គ្នា​វិញ ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លិប​ពោធិ​សែន​ជ័យ បាន​ឈ្នះ​ផង់ សុភាព អ្នក​ប្រដាល់​ក្លិប​បង្ក្រាប​គ្រឿងញៀន​ខេត្ត​រតនគិរី​ក្នុង​ទឹក​ទី​២ ក្នុង​ពេលដែល​សុភាព​បាន​វាយ​ខុស​លក្ខន្តិកៈ​ វាយ​កែង​ថែម​ទៅលើ​ប៊ុន​ហាន​ក្នុងពេលដែល​អាជ្ញាកណ្តាល​ស្រែក​ឃាត់​ឲ្យ​ឈប់​ហើយ​នោះ ធ្វើ​ឲ្យ​ប៊ុន​ហាន​សន្លប់​ស៊ី​ឡាក​យកឈ្នះ​តែ​ម្ដង។ រីឯ ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក​ គេ​បាន​ប្រកួត​ឈ្នះ​ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។

*ព្រឹត្តិការណ៍​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជុំ​ទី​៣

ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រើ​ពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្តួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sarm Dieng Petchnop Kav ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ នៅក្នុង​ការជួប​ប្រកួត​គ្នា ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជុំ​ទី​៣ លើ​ស​ង្វៀន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​២៦ ខែ​​មេសា​នេះ​ដែរ។

អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​សុ​ភី វាយ​មួយ​កែង​ស្តាំ​ចំ​លើ​ភ្នែក​ខាងឆ្វេង និង​អុក​ថែម​មួយ​ជង្គង់​ចូល​ពោះ​ទឹក បណ្តាល​ឲ្យ​ស្រុត​ដួលសន្លប់​លើ​រេញ​លែង​ក្រោក ទោះបី​អាជ្ញាកណ្តាល​រាប់​ដល់​ដប់​ហើយ​ក្តី។ Sarm Dieng នេះ តាមពិត​គេ​មក​ប្រកួត​ជំនួស​Sam Sun Sor Samphong ដែលមាន​របួស​ដោយសារ​​តែ​ក្នុង​ជុំ​ទី​១(០៨​ ខែ​មីនា ឆ្នាំ​​២០១៥) ត្រូវ​វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា​យើង​វាយ​កែង​ឲ្យ​បែក​ក្រោម​ភ្នែក​ស្តាំ​ធ្ងន់ធ្ងរ ហើយ​មិនអាច​ជាសះស្បើយ​ទាន់​កម្មវិធី​ប្រកួត​នោះ។ តែ​ពេលនេះ Sarm Dieng​ក៏​ត្រូវ​ឡុង សុ​ភី វាយ​កែង​ឲ្យ​មាន​របួសធ្ងន់​គួរសម​ដែរ។

ចំណែក កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ គេ​បាន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​គូប្រកួត​របស់​គេ គឺ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Singha Thorngnoy Chaiphum មិន​អាចមក​ប្រកួត​បាន ដោយសារ​មិនទាន់​ជា​ជើង​ដែល​ឈឺ​នោះ។

Singha Thorngnoy Chaiphum នេះ គេ​ត្រូវ​បញ្ចប់​បេសកកម្ម​វាយ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ត្រឹម​នេះ​ហើយ ទោះជា​គេ​នៅសល់​ប្រកួត​ទៀត​ជាមួយ​វង្ស ណ​យ​ក្តី ក៏​គេ​ឲ្យ​វង្ស ណ​យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ដែរ។

*ឯម ខ្លឹម​ខ្មៅ ផ្តួល​ម៉ូ រដ្ឋា​ទឹក​១ ខ​ណៈ​អ៊ុំ ចំរើន​សងសឹក​ចៅ​ផល​ឌឿ​បានសម្រេច

អ្នក​ប្រដា​ល់សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ដែល​ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​ឯម ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា​ថ្មី នា​រសៀល​ថ្ងៃអាទិត្យ​ទី ២៦ ខែ​មេសា​នោះ បាន​អវត្តមាន​មិន បា​នមក​ប្រកួត​ឡើយ។

អ្នក​ប្រដាល់​ដែល​ឡើងមក​ប្រកួត​ជំនួស​នោះ គឺ​ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។ ម៉ូ​រដ្ឋា នេះ តស៊ូ​ជាមួយ​ឯម ខ្លឹម​ខ្មៅ មិនបាន​មួយ ទឹក​ទេ គឺ​ត្រូវ​ខ្លឹម​ខ្មៅ​វាយ​កែង​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។

អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​វាយ​ចាញ់​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៩ ខែ​​តុលា​ ឆ្នាំ​២០១៤​កន្លងមក​នោះ ពេលនេះ​គេ​បាន​សងសឹក​យកឈ្នះ​ផល​ឌឿ​បាន​វិញ​ហើយ។

ចំរើន យកឈ្នះ​ចៅ ផល​ឌឿ រាង​តឹង​ណាស់ដែរ ដោយ​ប្រកួត​ប្រាំ​ទឹក​ពេញ ដោយសារ​ផល​ឌឿ មិន​ញញើត​ចំរើន​នោះ​ឡើយ គឺ​គេ​វាយ​ច្រាស​សង​ទៅលើ​ចំរើន​គ្មាន​បណ្តាក់​ដៃ​ទេ គ្រាន់តែ​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​ចំ​គោលដៅ​ល្អ​នោះ។

ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក៏​សងសឹក​អាន មុន្នី អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ បានសម្រេច​ដែរ។ ប៉ុន្តែ​ការ​ឈ្នះ​របស់​ងួន គា គឺ​ឈ្នះ​ដោយ​លក្ខ​ណះ​ប្រផិតប្រផើយ​តែប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ពីរលើក​ហើយ ដោយ​ងួន គា វាយ​ចាញ់​អាន មុន្នី ដោយ​ពិន្ទុ​ទាំង​ពីរ​លើក។ តែ​ឥឡូវ​ងួន គា សងសឹក​អាន មុន្នី បាន​វិញ​ហើយ។

ចំណែក​យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​វិញ​នោះ គេ ប្រកួត​ចាញ់​យឹម សារុន ក្លិប​កងពលតូច​លេខ​៣១ ក្នុង​ទឹក​ទី​២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684