ព័ត៍មានទាន់​ហេតុការណ៏
Search
4917

ឆន ចាន់នី​និង​ឯម សុធី​ជួបគ្នា​ជម្រះបញ្ជី​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​ ភុ​ន សោ​ភ័​ណ្ឌ ជួប ឡាវ ផា​នាថ​

ឆន ចាន់នី អ្នក​ប្រដាល់​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹង​ឡើង​ប្រកួត​ជម្រះបញ្ជី​ជាមួយ​ឯម សុធី អ្នក​ប្រដាល់​ក្លឹប​ឫទី្ធ​ពោធិ​សែន​ជ័យ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ល្ងាច​ថ្ងៃអា​ទិត្យ​ទី​១២​មេសា​២០១៥​នេះ។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ចំនួន​៣​លើក​ហើយ ដែល​ជួប​លើក​ទី​១ ចាន់នី​វាយ​ឈ្នះ​ដោយ​ពិន្ទុ លើក​ទី​២​ចាញ់​សុធី​ដោយ​ពិន្ទុ​វិញ និង​លើក​ទី​៣​ជួប​ថ្ងៃទី​៦​កុម្ភៈ​២០១៥​ចាន់នី​បន្ត​ចាញ់​សុធី​ដោយ​ពិន្ទុ​ទៀត។ ឯម សុធី ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ ទាំង​កណ្តាប់ដៃ ទាំង​ទាត់​និង​ជង្គង់​កែង ហើយ​ថែមទាំង​មាន​កម្ពស់​ខ្ពស់ជាង​ចាន់នី​ទៀតផង។ ដូច្នេះហើយ ទើប​គេ​មានប្រៀប​ឈ្នះ​លើ​ចាន់នី​នោះ។

ឆន ចាន់នី គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ​ដែរ ប៉ុន្តែ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្សោយ ព្រមទាំង​ទាប​ថែម​ទៀត​។ និយាយ​រួម​ឆន ចាន់នី គេ​វាយ​ល្អ និង​ខ្លាំង​ហើយ តែ​ខ្លាំង​បានតែ​ពីរ​បី​ទឹក​ប៉ុណ្ណោះ ឯ នៅ​ពីរ​ទឹក​ចុងក្រោយ​គេ​ចាប់ផ្តើម​ថមថយ​កម្លាំង​និង​ចាញ់​ប្រៀប​គូប្រកួត​ហើយ។ ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​ចាញ់​ឯម សុធី​នេះឯង។ គេ​នៅ​ចាំបាន​ថា ក្នុងការ​ជួបគ្នា​លើកចុងក្រោយ​នេះ ឯម សុធី ដែល​មាន​កម្ពស់​ខ្ពស់ជាង​នោះ បាន​ប្រើ​កណ្តាប់ដៃ​ដាល់ និង​ទាត់​ទៅលើ​ឆន ចាន់នី ត្រូវ​ពេញៗ​ដែល​ធ្វើឲ្យ​ចាន់នី ក្នុង​ទឹក​ទី​៤​និង​ទឹក​ទី​៥ ពីរ​ទឹក​ចុង​ក្រោយនេះ​ធ្លាក់ចុះ​ខ្សោយកម្លាំង​ស៊ុ​ហ្វ ដែលនាំឲ្យសុធី​មានប្រៀប​ឈ្នះ​នោះ។ ហេតុនេះ​ការជួប​ជម្រះបញ្ជី​គ្នា​លើក​នេះ មិនអាច​ទាយ​មុន​ថា​នរណា​ឈ្នះ​នោះ​ឡើយ។ សុធី​ប្រកួត​ចុងក្រោយ​នេះ គឺ​វាយ​ចាញ់​សំណាង ឌី​ណា ក្លឹប​ដួង​សែន​សុខ​គុន​ខ្មែរ​ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៧​មីនា​២០១៥។ ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក។ ពួកគេ​សុទ្ធតែជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា ដែល​មាន​បទពិសោធន៍​ប្រកួត​លើស​ង្វៀន​ដ៏​ជោគជាំ​រៀងៗ​ខ្លួន។ ប៉ុន្តែ​គេ​មានប្រៀប​លើ​សា​រ៉ា​ត្រង់​ចិត្ត​ប្រដាល់​របស់​គេ​ធំ ហើយ​ហ៊ាន​ប្តូរ​ដើម្បី​ជ័យជំនះ​នៅ​ពេលដែល​គេ​មើលឃើញថា​ចាញ់​ប្រកួត​នោះ។ ទោះជា​យ៉ាងណា គេ​មើលឃើញ​ចាន់ ឆាយ​ម៉ៅ មានប្រៀប​ឈ្នះ​លើ​សា​រ៉ា សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ។ សា​រ៉ា ប្រកួត​ខ្លាំង​បាន​តែមួយ​ប្រាវ​ដំបូង​ប៉ុណ្ណោះ ចាប់ពី​ហ្នឹង​ទៅ​គេ​លែង​សូវ​ខ្លាំង​ហើយ តែ​គេ​នៅមាន​ផ្លែ​ល្អ​មួយៗ​ដែរ។ លើក​នេះ​មិនដឹងថា ឆាយ​ម៉ៅ​ឈ្នះ ឬ​ឆៃ សា​រ៉ា​ឈ្នះ ឬក៏​ស្មើគ្នា​នោះទេ​? ។ ការប្រកួត​ចុងក្រោយ​របស់​ឆៃ សា​រ៉ា វិញ គេ​វាយ​ឈ្នះ អ្នក​ប្រដាល់​ទេស ជីវ៉ា ក្លឹប​កងពល​តូច​លេខ​៧០​ដោយ​ពិន្ទុ ឯ​ការប្រកួត​ចុងក្រោយ​របស់​ចាន់ ឆាយ​ម៉ៅ គឺ​វាយ​ឈ្នះ​ឡាវ ផា​នាថ ក្លឹប​រស្មី​កុមារកំព្រា​ដោយ​ពិន្ទុ។ ដូច្នេះ​ឥឡូវនេះ ចាន់ ឆាយ​ម៉ៅ​មិនធម្មតា​ឡើយ។ អ្នក​ប្រដាល់​ភុ​ន សោ​ភ័​ណ្ឌ ក្លឹប​នាគ​មានជ័យ ដែល​បាត់​មុខជា​យូរ​មកហើយ​នោះ ពេលនេះ​គេ​នឹង​ឡើង​ប្រកួត​ជាមួយ​ឡាវ ផា​នាថ អ្នក​ប្រដាល់​ក្លឹប​រស្មី​កុមារកំព្រា។ សោ​ភ័​ណ្ឌ គេ​មាន​កាយសម្បទា​ល្អ កណ្តាប់ដៃ​ខ្លាំង សន្ទុះ​ជើង​ទាត់​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ទៀត តែដោយសារ​ខាន​ប្រកួត​យូរ​បែបនេះ មិនដឹងថា អាច​យកឈ្នះ​លើ​ផា​នាថ​បាន​ឬ​អត់​នោះទេ ?។ សោ​ភ័​ណ្ឌ ត្រូវបាន​គេ​ផ្គូ​អោយ​ប្រកួត​បាន​ម្តង​ហើយ​កាលពី​ថ្ងៃទី​២០​មីនា​កន្លង​មកនេះ ដោយ​វាយ​ចាញ់ គិ​ន សំបូរ ក្លឹប​ភារ​ម្យ​គុន​ខ្មែរ​ក្នុង​ទឹក​ទី​២ ដោយសារតែ​គ្មាន​កម្លាំង​ស៊ុ​ហ្វ។ ឡាវ ផា​នាថ គេ​មិន​ខ្លាំង​នោះទេ ប្រកួត​ល្អ​និង​ស៊ូ​ចំពោះ​ការប្រកួត តែ​អ្នក​ប្រដាល់​រូបនេះ អត់​មាន​ផ្លែ​ល្អ​ទេ។ គេ​ប្រកួត​មិនសូវ​ដែល​ឈ្នះ​នរណា​ទេ​កន្លងមក ។ បើ​គិតពី​ការប្រកួត​ប្រមាណ​៩​ប្រកួត​ចុងក្រោយ​គេ​នេះ ផា​នាថ​ចាញ់​គេ​រហូត​។ គេ​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់​ចាន់ ឆាយ​ម៉ៅ​ក្លឹប​និរោធ​មានជ័យ​ដោយ​ពិន្ទុ​។ ចាំមើល រវាង​ផា​នាថ​និង​សោ​ភ័​ណ្ឌ​នេះ តើ​អ្នកណា​ឈ្នះ ? មាស ចាន់​នឿន ក្លឹប​ដួង​សែន​សុខ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​ធាន ពុធ អ្នក​ប្រដាល់​ក្លឹប​កុមារ​ទេព។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដូច្នេះ​សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ​ពុំ​ដឹងថា អ្នកណា​ជា​អ្នកឈ្នះ​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684