សៀមរាប ៖ បន្ទាប់ពីឆ្លងផុតរដូវវស្សាឆ្នាំនេះហើយ, ការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុង(AEON)របស់ប្រទេសជប៉ុន នឹងដំណើរការហើយ។ មុននឹងឈានដល់ដំណាក់កាលជួសជុលនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីអុង លោកKeiichiTadakiបានចំណាយពេលមួយព្រឹកនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះដើម្បីចូលទស្សនាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ទទួលដំណើរទស្សនារបស់លោកនាយកប្រតិបត្តិនៅពេលនេះមាន លោក ឈរ ថាណាតអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន លោក យិតចាន់ដារដ្ឋ ប្រធានស្តីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងមន្ត្រីមួយចំនួនទៀត នៃអាជ្ញាធរជាតិអប្សរា។
ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនអ៊ីអុង និងជាអ្នកសម្របសម្រួលដំណើរទស្សនានេះ គឺលោក Naoki Hayashi។ លោកបញ្ជាក់ថា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុង បានចុះអនុស្សរណៈជាមួយអាជ្ញាធរជាតិអប្សរារួចហើយទាក់ទិននឹងការទទួលជួសជុលសារមន្ទីរនេះ តែដំណើរការជាក់ស្តែងនៃការជួសជុលនឹងត្រូវធ្វើឡើងនៅរដូវប្រាំងឆ្នាំនេះ ដោយហេតុថា ការជួសជុលនេះគឺធ្វើឡើងភាគច្រើនទៅលើដំបូល និងបង្អួច។ ដូច្នេះការជួសជុលត្រូវរង់ចាំដល់រដូវអស់ភ្លៀងទើបអាចដំណើរការទៅបាន។ ចំណែកការមកទស្សនាសារមន្ទីររបស់លោកនាយកប្រតិបត្តិ នៅពេលនេះ គឺមិនមានអ្វីផ្លាស់ប្តូរលើគម្រោងជួសជុលនោះទេ គ្រាន់តែឆ្លៀតដែលលោកមកបំពេញការងារនៅភ្នំពេញក៏ឆ្លៀតពេលចូលមកទស្សនាសារមន្ទីរមុននឹងឈានដល់ដំណាក់កាលជួសជុលប៉ុណ្ណោះ។
ជាមួយគ្នានេះលោកនាយកប្រតិបត្តិក៏នឹងទៅទស្សនាសួនឈើអនុស្សាវរីយ៍ ដែលក្រុមហ៊ុនអ៊ីអុងបានដាំកាលពីឆ្នាំ២០០២ នៅក្បែរសួនគ្រឿងទេស នៃអាជ្ញាធរជាតិអប្សរានិងបន្តដំណើរទៅទស្សនាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរផង។
លោក យិត ចាន់ដារដ្ឋ ប្រធានស្តីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរទស្សនានេះបានបញ្ជាក់ថា ក្រុមហ៊ុនអ៊ីអុងបានរួមចំណែកច្រើនក្នុងការងារអភិរក្សវប្បធម៌ និងបរិស្ថានជាមួយអាជ្ញាធរជាតិអប្សរា។ នៅឆ្នាំ២០០២ក្រុមហ៊ុននេះបានចូលរួមដាំសួនឈើអនុស្សាវរីយ៍លើទំហំដីជិត១០ហិកតានៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរា,នៅឆ្នាំ២០០៧បានកសាងសារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ ឡើងហើយនៅចុងឆ្នាំ២០១៦នេះក្រុមហ៊ុនអ៊ីអុងក៏ទទួលជួសជុលសារមន្ទីរនេះ ជាមួយអាជ្ញាធរជាតិអប្សរាបន្តទៀត។ ក្រៅពីនេះក្រុមហ៊ុនក៏ធ្លាប់ចូលរួមបណ្ដុះបណ្ដាលសិស្សសាលាក្នុងតំបន់អង្គរ និងក្រុងសៀមរាបអំពីការងារអភិរក្សវប្បធម៌ និងបរិស្ថានផងដែរ៕