ព័ត៍មានទាន់​ហេតុការណ៏
Search
1

រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគទុន​វៀតណាម

ភ្នំពេញ ៖ លោកជំទាវ​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​បញ្ជាក់​ថា​ អ្នកវិនិយោគទុន​វៀតណាម​នូវ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​រាជ​ធានី​ភ្នំពេញ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ លោកជំទាវ​បាន​បញ្ជាក់​បែបនេះ​ក្នុង​ខណៈពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ឡេ ថា​ញ់​ហាយ (LE Thanh Hai ) សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ ក្នុង​បំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្ដិការ​អ្នកវិនិយោគទុន​ធំៗ នៅ​ប្រទេស​វៀតណាម មាន​ជំនឿ​ទុក​ចិត្ដ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​កម្ពុជា-វៀត​ណាម លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ហើយ​ជាង​នេះ​ទៅ​ទៀត វៀតណាម​ចង់​ឲ្យ​កម្ពុជា​បើកទូលាយ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​ទុន​វៀតណាម​មក​រក​ស៊ី​បាន​ស្រួល​នៅ​កម្ពុជា​។ ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ទីស្ដីការក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការ​។​

លោកជំទាវ​បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មាន​អត្រា​កំណើន​ប្រចាំឆ្នាំ​ពី​ឆ្នាំ​២០០៣​ រហូតដល់​ឆ្នាំ​២០០៨ គឺ​ប្រហែល​១០%​។ ក្រោយ​ពី​ពេល​នោះ​មក​កម្ពុជា​អាច​រក្សា​បាន​កំណើន​ផលិតផល​សង្គម សរុប​ជា​មធ្យម​ប្រចាំឆ្នាំ​លើស​៧%​។ រហូតដល់​ឆ្នាំ​២០១៤​-​២០១៥​នេះ តាម​ការ​ប៉ាន់ស្មាន​ពី​ស្ថាប័ន​ជំនាញ​ជាច្រើន​ទាំង​ជាតិ និង​អន្តរជាតិ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​អាច​បន្ត​កើន​ក្នុង​កម្រិត​ជាង​៧%​ភាព ហើយ​កំណើន​នេះ​នឹង​នៅតែ​បន្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ លោកជំទាវ​បន្ត​ថា​ វិស័យ​ដែល​ដឹកនាំ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​លឿន​ជាងគេ​នោះ គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ កសិកម្ម ទេសចរណ៍ សំណង ធនាគារ និង​សេវា​ផ្សេងៗ​ទៀត​។ភាព​ជឿន​លឿន​គួរ​ឲ្យ​កត់សម្គាល់​របស់​កម្ពុជា​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​កត្តា​ស្ថិរភាព​នយោបាយ និង​គោល​នយោបាយ​ទីផ្សារសេរី និង​ការ​គាំពារ​ពាណិជ្ជកម្ម​។​

ការ​ទទួល​បាន​ជោគជ័យ​នេះ វា​ក៏បាន​ធ្វើ​ឲ្យ​យើង​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ពង្រីក និង​ពង្រឹង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​នៃ​ប្រទេស​ទាំង​២ កម្ពុជា-វៀតណាម​ឲ្យ​ល្អ​យូរ​អង្វែង​ជាមួយគ្នា​ជា​រៀង​រហូត​។ ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​វិញ​លោក​ជំទាវ​ ម៉ែន សំអន ក៏បាន​បញ្ជាក់​ថា​ ផ្លែផ្កា​នៃ​ទំនាក់ទំនង កម្ពុជា​ និង​វៀតណាម យើង​បាន​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ មិត្តភាព​មួយ​គឺ​ជោ​រៃ​ភ្នំពេញ-វៀតណាម នៅ​ខណ្ឌ​ច្បារអំពៅ ដែល​មន្ទីរពេទ្យ​នេះ​កំពុង​ពង្រឹងគុណភាព និង​ពង្រីក​ខ្លួន​បាន​យ៉ាង​ល្អ ទទួល​ការ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។ លោក​LE Thanh Hai បាន​បញ្ជាក់​ថា​ តាងនាម​តំណាង​ឲ្យ​ប្រជាជន ក៏​ដូចជា​រដ្ឋាភិបាល​វៀតណាម​ទាំងមូល លោក​នឹង​ខិតខំ​កៀរគរ​អ្នកវិនិយោគទុន​វៀតណាម​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​បន្ថែម​ទៀត​ឲ្យ​មក​វិនិយោគ​រកស៊ី​នៅ​កម្ពុជា​បន្ត​ទៀត ដោយ​ផ្អែកលើ​ការ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-វៀតណាម​នា​ពេល​នេះ​។ លោក​បន្ត​ថា​ ក្នុងនាម​តាំង​ឲ្យ​ប្រជាជន​នៃ​ទីក្រុង​ហូ​ជី​មី​ញ ជាទី​ក្រុង​ដែល​បាន​ចងសម្ព័ន្ធភាព​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ លោក​ចង់​ឲ្យ​ទំនាក់ទំនង​នៃ​ទីក្រុង​ទាំង​២​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ។

​ម្យ៉ាងវិញទៀត​ចង់​ឲ្យ​កម្ពុជា​បើកទូលាយ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​ទុន​វៀត​ណាម បាន​មក​រកស៊ី​បាន​ងាយស្រួល​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២ កាន់តែ​ល្អ ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​លើ​គ្រប់​វិស័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684