ព័ត៍មានទាន់​ហេតុការណ៏
Search
010

ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំង​៦​កន្លែង រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ ​​សុខចិត្ត​​ទទួល​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា

កំពង់ឆ្នាំង ៖ ក្រោយពី​ប្រព័ន្ធ​ផ្សាព្វ​ផ្សាយ​និយាយ​​ទាក់ទង​ទៅ​នឹង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ពី​ហាង​ខារ៉ាអូខេ​៦​កន្លែង​ រំខាន​ដំណេក​ពួកគាត់​រៀងរាល់​យប់​កន្លង​មក​ នៅ​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំង​៦​កន្លែង សិ្ថត​ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​សុខចិត្ត​មក​ទទួល​ការ​អប់រំ ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ហួស​ម៉ោង​កំណត់ ដោយ​មិន​ត្រូវឲ្យ​ឮសំឡេង​ចេញ​មកក្រៅ​ទៀត​ឡើយ​តាម​ការ​កោះហៅ​របស់​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង តាម បញ្ជា​របស់​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​។​

​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោកនាយ​ប៉ុស្តិ៍​បាន​ធ្វើ​ការណែនាំ​ម្ចាស់​ហាង​ខារ៉ា​អូ​ខេ​ទាំង​៦​កន្លែង​នោះ​ថា ដើម្បី​គោរព​ទៅតាម​លក្ខខ័ណ្ឌ នៃ​ការបើក​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ ក៏​ដូចជា​ការ​ជៀសវាង​បាន​នូវ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកជិតខាង​នោះ អ្នក​ប្រកបមុខរបរ​ហាង​ខារ៉ា​អូ​ខេ​​ទាំង​៦​កន្លែង​ ត្រូវ​បិទបាំង​សំឡេង​ច្រៀង​កុំឲ្យ​ឮ​ចេញ​មក​ខាងក្រៅ​បង្ក​ការ​រំខាន​ដល់​អ្នកដទៃ​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​រាល់​ភ្ញៀវ​ដែល​ចេញចូល​ច្រៀង​កន្លែង​របស់ខ្លួន ត្រូវ​តាមដាន​កុំឲ្យ​មានការ​ចែក​ចាយ​គ្រឿងញៀន​នៅក្នុង​បន្ទប់ និង​ត្រូវ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ត្រឹម​ម៉ោង​១២​ពាក់​កណ្តាល​យប់ ប្រសិន​បើ​មិន​គោរព​តាម​កិច្ចសន្យា​ទេ​នោះ និង​ត្រូវ​ប្រឈមមុខ​នឹង​ការ​បិទ​ការ​ធ្វើ​អាជីវកម្ម​។ ក្រោយពី​ស្តាប់​នូវ​ការណែនាំ​របស់លោក​នាយ​ប៉ុស្តិនគរបាល​រដ្ឋបាល​កំពង់ឆ្នាំង​រួចមក ម្ចាស់​ហាង​ទាំង​៦​បាន​ផ្តិតមេដៃ​លើ​កិច្ចសន្យា​ព្រម​គោរព​តាម​គោល​ការ​របស់​សមត្ថកិច្ច​។​

សូមបញ្ជាក់ថា ហាង​ខា​រ៉ា​អូ​ខេ​ទាំង​៦​នោះ​រួមមាន​ឈ្មោះ ១ លី ចាន់តូ​៤៤៤៤(​មាន​ម្ចាស់​ជា​មន្ត្រី​នគរបាល​ខេត្ត​), ២ សិលា​, ៣ ឃា​តា​, ៤ ចរិយា​៨៩​មាន​មាន​, ៥ សុខ ហេង​, និង​ទី​៦​ហាង​៣៣៣ ដែល​កន្លងមក​ពួកគាត់​បាន​ធ្វើ​អាជីវកម្ម​រំខាន​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​២​ឬ​ដល់​៣​ទៀបភ្លឺ​ទើប​គេ​បញ្ឈប់​។ ដោយឡែក​សម្លេង​ខារ៉ា​អូ​ខេ​វិញ​បាន​ឭ​ចេញ​មកក្រៅ និង​អ្នក​ច្រៀង​ផឹក​ស្រវឹង​មួយ​ចំនួន​បាន​ស្រែក​ឡូឡា​ដោយ​គ្មាន​ខ្លាចក្រែង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នករស់នៅ​ជិតខាង​ទៀត​ផង ទើប​អ្នកស្រុក​មាន​ប្រតិកម្ម​សំណូមពរ​អោយ​អ្នកកាសែត​យើង​ជួយ​។​

លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ថ្លែង​បញ្ជាក់​ថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥​នេះ លោក​បានឲ្យ​សមត្ថកិច្ច​កោះហៅ​ម្ចាស់​ហាង​កា​រ៉ា​អូ​ខេ​ទាំង​៦​កន្លែង​នោះ មក​ធ្វើ​កិច្ចសន្យា​ជា​មួយ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើ​អាជីវកម្ម​ហួស​ម៉ោង​កំណត់ និង​បញ្ហា​ដទៃទៀត ដែលនាំអោយ​ប៉ះពាល់​ដល់​សន្តិសុខ និង​សុខមាលភាព​ប្រជាពលរដ្ឋ​។ ប្រសិនបើ​នៅតែ​បន្ត​បើក ដោយ​មិន​អនុវត្ត​តាម​គោលការណ៍​ក្នុង​កិច្ចសន្យា​ទេនោះ សាលាក្រុង​និង​មាន​វិធានការណ៍​ច្បាប់ ចុះ​បិទ​ការធ្វើ​អាជីវ​កម្ម​ទាំងនោះ​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684