ព័ត៍មានទាន់​ហេតុការណ៏
Search
014

ថ្ងៃ​ចូលឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ជា​បន្តបន្ទាប់​នៅ​បាត់ដំបង​

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់​ ក្នុងចំណោម​មនុស្ស​ចំនួន​៩នាក់​លើ​ពីរ​ករណី​ផ្សេងៗ​គ្នា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ ដែល​ទើបនឹង​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​ការធ្វេសប្រហែស​ក្នុងពេល​បើកបរ ហើយក៏​ទំនងជា​បណ្តាលមកពី​ការផឹក​ស៊ី​ផង​ក៏​អាច​ថា​បាន​។​

ករណី​ទីមួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ខែមេសា ២០១៥ វេលា​ម៉ោង​១និង២០​នាទី ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ច្នៃ ពព័ណ៌ស គ្មាន​ស្លាក​លេខ និង​មាន​ជិះ​គ្នា​៧​នាក់​សុទ្ធ​សឹង​ជា​ក្រុម​យុវជន​ស្ទាវៗ​ដោយ​ពួកគេ​បាន​បើកបរ​កំសាន្ត​តាម​ដងផ្លូវ​ ព្រមទាំង​មាន​ដាក់​ធុងបាស​ច្រៀង​រាំ​កំសាន្ត​នៅ​លើ​រថយន្ត​ថែមទៀត ហើយ​ក៏​មាន​ទឹកត្នោតជូរ​មួយ​ប៊ីដុង​ធំ​នៅលើ​រថយន្ត​ផងដែរ​។​

បើតាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ខណ​:​ដែល​ពួកគេ​កំពុង​ច្រៀង​រាំ​​បណ្ដើរ និង​ផឹក​បណ្តើរ​នោះ​ប្រហែលជា​អ្នកបើកបរ​ក៏​មាន​ការ​ស្រ​វឹង​ដែរ​បានជា​ធ្វើឲ្យ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​បង្កឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​ដែរ ដោយឡែក​អ្នកបើកបរ​ដែល​ជា​បក្ខ​ពួក​របស់គេ​ដែរនោះ​បាន​បិទ​សាប៊ូ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

ចំណែក​ករណី​ទី​ពីរ​គឺ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៧ខែមេសា ២០១៥ វេលា​ម៉ោង​៣​ទៀបភ្លឺ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ដូចគ្នា គឺ​នៅក្នុង​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដោយមាន​រថយន្ត​មួយគ្រឿង​របស់​ក្រុមហ៊ុន​ទឹកកក​អនាម័យ​សេះ​ហោះ​ ដែល​បាន​ខូច ហើយ​បាន​ឈប់​សំចត​នៅ​លើ​ផ្លូវ​។ គាប់​ជួន​ពេលនោះ​ដែរ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​នីសាន់​ម៉ាច ព៌ណ៌ក្រហម​ដែល​មាន​ជិះ​គ្នា៣​នាក់​ បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច ហើយក៏​បាន​បុក​ស៊ក​ចូល​ពីក្រោយ​រថយន្ត​ដឹក​ទឹកកក​នោះ​យ៉ាង​ពេញ​ទំ​ហឹង បណ្តាលឲ្យ​កៀប​ជាប់​ពីក្រោម ចំណែក​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នី​សាន់​ម៉ាច​ទាំង​៣​នាក់​ បាន​ស្លាប់​ព្រមៗ​គ្នា​នៅក្នុង​រថយន្ត​នោះ​តែម្តង​រហូត​ដល់​ម៉ោង​ជិត​៥​ភ្លឺ​ទើប​អាច​ទាញយក​សព​ចេញ​មកក្រៅ​បាន​ ដើម្បី​ប្រគល់ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ទាំងនេះ​គឺជា​ការ​បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ព្រមទាំង​ទំនងជា​មាន​ការ​ផឹក​ស៊ី​ស្រ​វឹង​ផង​ក៏​មិនដឹង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684