ព័ត៍មានទាន់​ហេតុការណ៏
Search
regency-cafe-brizilian-food

រសជាតិថ្មីប្លែកជាមួយ “អាហារប្រេស៊ីល” នៅភ្នំពេញ

បើ​យើង​និយាយ​ពី​ការទទួល​ទាន​អាហារ ឬ​ការសាកល្បង​នូវ​រសជាតិ​មុខម្ហូបថ្មីៗវិញ នរណាៗក៏​ចូលចិត្ត​វា​ដែរ។ នាពេល​សព្វថ្ងៃនេះ យើង​ស​ង្គេ​ត​ឃើញថា រាជធានី​ភ្នំពេញ​ហាក់ដូចជា​ទីក្រុង​មួយ​ដែលមាន​ភាពស្រស់​បំព្រង​ទៅដោយ​រសជាតិ និង​សោ​ភ័​ណ្ឌ​ភាព​នៃ​មុខម្ហូប​ប្លែក។ មិន​ថា​នៅតាម​ដងផ្លូវ ភោជនីយដ្ឋាន​ធំ​តូច ថ្មី​និង​ចាស់ តែងតែ​ពាំនាំ​យកមក​នូវ​អ្វីដែល​ថ្មី​សម្រាប់​ភ្ញៀវ​គ្រប់រូប​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍ នៃ​ឱជា​រស​ដ៏​ឆ្ញា​ញ់​អស្ចារ្យ​នាឱកាស​ជួបជុំ​សម្រាកលម្ហែ​របស់ខ្លួន។

អាហារ​ដ៏​ពិសេស​និងប្លែកៗមាន​ច្រើន​ទម្រង់ តែ​ប្រភេទ​អាហារ​ដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​គឺ​អាហារ​ប្រេ​ស៊ី​ល។ មូល​ហេតុដែល​ធ្វើឱ្យ​អាហារ​នេះ​មាន​លក្ខណៈ​លេចធ្លោ​ជាង​អាហារ​ដទៃទៀត​នោះ ក៏​ដោយសារតែ​ជម្រើស​នៃ​គ្រឿងផ្សំ និង​រសជាតិ​របស់​វា​ខុសប្លែក​ពី​ម្ហូប​ដ៏​ទៃ។

យើង​អាច​ចាត់ទុកបាន​ថា វា​ជា​អាហារ​មួយ​ដែល​ថ្មីស្រឡាង​សម្រាប់​ប្រជាជន​កម្ពុជា ដោយសារតែ​នាពេល​បច្ចុប្បន្ននេះ មាន​ហាង​អាហារ​បរទេស​ជាច្រើន បាន​ខិតខំ​នាំមក​នូវ​មុខម្ហូបប្លែកៗពី​ក្រៅប្រទេស​ជាច្រើន​ចូលមក​កម្ពុជា តែ​សម្រាប់​អាហារ​ប្រេ​ស៊ី​ល​វិញ គឺ​នៅ​មិនទាន់មាន​ទាន់​សម្បូរ​នៅឡើយ​នោះទេ។

regency-cafe-brizilian-food-06

ហេតុនេះហើយ​ភោជនីយដ្ឋាន Regency Café ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន(Intercontinental Hotel) ទីក្រុង​ភ្នំពេញ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភោជនីយដ្ឋាន​ដ៏​ប្រណិត ដែល​តែងតែ បង្កើត​នូវ​ភាពប្លែកៗសម្រាប់​មុខម្ហូប​របស់ខ្លួន បាន​ជ្រើស​យក​ម្ហូប​ដ៏​ពិសេស​នៃ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុងស្រុក​ក៏ដូចជា​ក្រៅ​ស្រុក ដោយ​មុខម្ហូបនីមួយៗត្រូវបាន​ស​ម្រឹត​សម្រាំង​យ៉ាង​ពិសេស ដោយ​មេ​ចុងភៅ​ដែលមាន​ជំនាញ​ជាច្រើន​ឆ្នាំ។

លោក Jeremy Sim ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​បាន​និយាយ​ប្រាប់ថា៖ “ដោយសារតែ​យើង​សង្កេតឃើញ ភោជនីយដ្ឋាន​ជាច្រើន បាន​នាំយកមក​នូវ​មុខម្ហូប​អន្តរជាតិ​គ្រប់បែប​មក​បំរើ​ជូន​អតិថិជន ហើយ​ស្របពេល​ជាមួយគ្នានេះដែរ យើង​យល់ថា​អាហារ​បែប​ប្រេ​ស៊ី​ល​ជា​មុខម្ហូប​មួយ ដែលមាន​គ្រឿងផ្សំ​ដ៏​ពិសេស ហើយ​អតិថិជន​អាច​នឹង​ពេញចិត្ត​វា ទើបបានជា​យើង​សម្រេចចិត្ត​នាំយក​អាហារ​នេះ​មកកាន់​ភោជនីយដ្ឋាន​របស់​យើង។

ដោយសារតែ​មុខម្ហូប​មួយ​នេះ​វា​ថ្មី មនុស្ស​គ្រប់គ្នា​ប្រាកដជា​ចង់ដឹងថា តើ​អាហារ​ប្រេ​ស៊ី​ល​មាន​លក្ខណៈ​ប្លែក​បែបណា ដូច្នេះហើយ​យើង​បានធ្វើ​ការចុះទៅ​សាកល្បង​ផ្ទាល់ នូវ​ឱជា​រស​អាហារ​ដ៏​ពិសេស​នៃ​អាហារ​ទាំងនេះ ហើយ​ថែមទាំង​បាន​ជួប​ជាមួយ​មេ​ចុងភៅ​ចំណាន​នៅ​ទីនោះ​ផងដែរ​គឺ​លោក Erik Alejandro Gacia Cruz ដើម្បី​សាកសួរ​បន្ថែមទៀត​ទាក់ទិន​ទៅនឹង​អាហារ​ប្រេ​ស៊ី​ល។

ម្ហូប​ប្រេ​ស៊ី​ល​បែប​ញុំ​ដោយ​សេរី

សម្រាប់​រាត្រី​ដ៏​ពិសេស​នេះ ភោជនីយដ្ឋាន Regency Café បានផ្តល់​ជូន​នូវ​មុខម្ហូប​បែប​ញុំ​ដោយ​សេរី​ជាច្រើន​ជម្រើស ដែល​សុទ្ធសឹង​ជា​មុខម្ហូប​ដែល​លោកអ្នក​អាច​រកបាន​នៅតាម​ភោជនីយដ្ឋាន នៅឯ​ប្រទេស​ប្រេ​ស៊ី​ល​ផ្ទាល់។ ជាមួយគ្នានេះដែរ លោក Jeremy Sim បានធ្វើការ​រៀបរាប់​ពីមុខ​ម្ហូប​ជាច្រើន ដោយបាន​បន្ត​ប្រាប់​ឲ្យ​ដឹងថា “មុខម្ហូប​ទាំងនេះ​គឺ​ត្រូវបាន​ស​ម្រឹត​សម្រាំង​ឡើង ដើម្បី​ហូប​រួម​ប​ញ្ជូ​ល​ជាមួយ​រសជាតិ​សាច់​អាំង​ប្រេ​ស៊ី​ល  ហើយ​ក៏បាន​ផ្តល់ជូន​នូវ​ជម្រើស​អាហារ​អា​មេ​រិច​ខាង​ត្បួ​ង​ផងដែរ ដោយសារតែ​មេ​ចុងភៅ​របស់​យើង​មកពី​អា​មេ​រិច​ខាងត្បូង”

regency-cafe-brizilian-food-02

នៅក្នុង​នោះ Regency Café ក៏មាន​ស្រា​មកពី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ឈី​ស​មកពី​អ៊ី​រ៉ុ​ប អ៊ីតាលី និង​ប្រទេស​ស្វី​ស សម្រាប់​ភ្ញៀវ​គ្រប់រូប។ អតិថិជន​ក៏​អាច​ភ្លក់​នូវ​រសជាតិ​នំ​ក្រេប​ដ៏​ឈ្ងុយ​ឆ្ញា​ញ់ ដែល​ត្រូវបានធ្វើភ្លាមៗទៅតាម​ការ​កម្មង់។ នំ​ក្រេប​មាន​គ្រឿងផ្សំ​ដ៏​ពិសេស​នៃ​ផ្លែឈើ​ជាច្រើន​មុខ ដែល​រួមមាន​ដូចជា ផ្លែ​គី​វី ចេក ប្លូ​បឺ​រី​និង​ផ្លែឈើ​ជាច្រើន​មុខ​ផ្សេងទៀត។ លោកអ្នក​អាច​ទទួលទាន​នំ​ក្រេប​ជា​អាហារសម្រន់ ឬក៏​ជា​បង្អែម​ក៏បាន។

បន្លែស្រស់ៗជាច្រើន​ត្រូវបាន​ដាក់ជូន​អតិថិជន​នៅឯ​តុ​សាឡាដ សម្រាប់​ជា​ជម្រើស​អាហារ​បែប​សុខភាព ដោយ​រួមមាន​នូវ​ប្រភេទ​ទឹកជ្រលក់ ទៅតាម​ចំណូលចិត្តខុសៗគ្នា។ អាហារ​ប្រេ​ស៊ី​ល​ជាច្រើន​ទៀត​ដែល​ត្រូវបាន​ដាក់ជូន មាន​ទម្រង់​ខុសប្លែក​ពី​អាហារ​ក្នុងស្រុក ទាំង​តិច​និក​ក្នុងការ​ចំអិន និង​គ្រឿងផ្សំ​ផង​ដែល​សុទ្ធតែ​នាំចូល​ពី​ក្រៅ​ស្រុក ចំអិន​រួមគ្នា​ជាមួយ​គ្រឿងផ្សំ​ដែលមាន​ក្នុងស្រុក​ស្រាប់។

ទម្រង់​នៃ​ការ​ចម្អិន​ម្ហូបអាហារ​ប្រេ​ស៊ី​ល គឺមាន​សាច់ បន្លែ និង​ផ្លែឈើ ដែល​ផ្តល់ឱ្យ​អ្នក​នូវ​រសជាតិ​ខុសប្លែក​ពីមុខ​ម្ហូប​ដទៃទៀត។ ជាមួយគ្នានេះដែរ លោក Erik ដែលជា​មេ​ចុងភៅ​បាន​ប្រាប់ថា “យើង​បានធ្វើ​ការរួម​ប​ញ្ជូ​ល​ជាមួយ​សាច់​ទាំង ១០ ប្រភេទ​នៅក្នុង​នោះ​ដោយ​រួមមាន សាច់​ចៀម សាច់​ចៀម​ចិញ្ច្រាំ សាច់មាន់ ហើយ​និង​សាច់​ដ៏​ពិសេស​របស់​ប្រេ​ស៊ី​ល​ហៅថា “picanha” តែ​សម្រាប់​ប្រភេទ​សាច់​ដ៏​ល្បីល្បាញ​នេះ យើង​បាន​ប្រើ​គ្រឿងទេស​បែប​អាស៊ី​សម្រាប់ធ្វើ​វា ដើម្បី​បង្កើត​ចេញ​ជា​រសជាតិ​ដ៏​ប្លែក​មួយ។

អម​ជាមួយ​រស​នៃ​សាច់​ជាច្រើន​ប្រភេទ​ទៀត លោកអ្នក​អាច​ទទួលទាន​បាយ​ប្រេ​ស៊ី​ល ជាមួយនិង​ទឹក​ស៊ុប​សណ្តែក​ដ៏​ឆ្ញា​ញ់​ពិសារ ហើយ​លើសពីនេះ​ក៏មាន​នូវមុខ​ម្ហួ​បពិសេសៗដូចជា សាឡាដ​ស្ត្រ​បេ​រី ដំឡូង​ផ្អែម​ចំហុយ បា​យស​និង​បាយ​ឆា​ប្រេ​ស៊ី​ល ហើយ​និង​នំប៉័ង​ជាច្រើន​ប្រភេទ​ផងដែរ។

regency-cafe-brizilian-food-01

បន្ទាប់ពី​ការទទួល​ទាន​សាច់​អាំង​ជាច្រើន​ប្រភេទ​រួច លោក Erik ណែនាំ​យើង​នូវ​មុខម្ហូប​ម្នាស់​ដុត ដោយ​លោក​បាន​ប្រាប់ថា វា​ជា​អាហារ​ដ៏​ល្អ​ពិ​សេសមួយ​សម្រាប់​រាងកាយ​របស់​យើង បន្ទាប់ពី​ការទទួល​ទាន​សាច់​ជាច្រើន​ប្រភេទ​រួម​មក។

បង្អែម និង ភេសជ្ជៈ

បន្ទាប់ពី​ការទទួល​ទាន​អាហារ​ប្រកបទៅដោយ​ឱជា​រស​ដ៏​ឈ្ងុយ​ឆ្ញា​ញ់​រួចមក បង្អែម​តែងតែ​ជា​ជម្រើស​បន្ទាប់​មួយ​សម្រាប់​លោកអ្នក។ ដោយយោង​ទៅតាម​គំនិត​ច្នៃប្រឌិត បទពិសោធន៍​និង​ការសិក្សា​សម្រាប​កម្មវិធី​មុខម្ហូប​បែប​ប្រេ​ស៊ី​ល ភោជនីយដ្ឋាន​បានផ្តល់​ជូន​រសជាតិ​បង្អែម​របស់​ប្រទេស​ប្រេ​ស៊ី​ល។

regency-cafe-brizilian-food-05

ភាគច្រើន​បង្អែម​ប្រេ​ស៊ី​ល​មាន​ទម្រង់​ជា​នំ​ខេ​ក មានដូចជា​នំ​ខេ​ក​សូកូឡា នំ​ខេ​ក​ឈី​ស​ដែល​ស​ម្រឹត​សម្រាំង​ជាមួយ​នំ​ស្រួយ​ពី​ខាងលើ ដែល​បានផ្តល់​ជា​ទម្រង់​នៃ​រសជាតិ​ប្លែក​មួយ ដែល​អ្នក​មិន​ធ្លាប់​ទទួលទាន​ពីមុនមក។ នំ​ទាំងនោះ​ត្រូវបានធ្វើ​ឡើងជា​មួយគ្រឿង​ផ្សំ​ពិសេស ដូចជា​ផ្លែឈើ​ស្រស់ តែ​បៃតង សូកូឡា វានី​ឡា កា​កាវ និង​គ្រឿងផ្សំ​ផ្សេង​ជាច្រើន​ទៀត ដែល​ផ្តល់ជូន​ឱ្យ​លោកអ្នក​នូវ​ឱជា​រស​ដ៏​ផ្អែម​ត្រជាក់ចិត្ត បន្ទាប់ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច។

ដើម្បី​ទទួលយក​បទពិសោធន៍​ឱជា​រស​អាហារ​ពេល​ល្ងាច​របស់​លោកអ្នក ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​នោះ ភោជនីយដ្ឋាន Regency Café ក៏បាន​នាំមក​ជូន​នូវ​ភេសជ្ជៈ​ជាតិ​របស់​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ធ្វើឱ្យ​បរិ​យា​ការ​នៃ​ការទទួលបាន​អាហារ​ប្រេ​ស៊ី​ល​របស់​លោកអ្នក កាន់តែ​មាន​ភាព​រីករាយ។ ភេសជ្ជៈ​នេះ​មាន​ឈ្មោះថា “Caipirinha” វា​ជា​ភេសជ្ជៈ​មួយ​របស់​ជនជាតិ​ប្រេ​ស៊ី​ល ដែលមាន​រសជាតិ​ចំនួន ៥ ប្រភេទ រួមមាន រសជាតិ​ដើម ម្នាស់ ឳ​ឡឹ​ក គី​វី និង​ផា​ហ្សិ​ន។ ភេសជ្ជៈ​នេះ ត្រូវបាន​ផ្សំ​ឡើង​ដោយ​ស្រា Cachaça មកពី​ប្រទេស​ប្រេ​ស៊ី​ល លាយ​ជាមួយ​ទឹក​ស្ក ក្រូចឆ្មារ និង​ផ្លែឈើ​ជាការ​ស្រេច ដែលជា​ទម្រង់​នៃ​ភេសជ្ជៈ​មួយ​ដែល​ធ្វើឱ្យ​ឱជា​រស​នៃ​អាហារ​របស់លោក កាន់តែ​មាន​ភាព​ឆ្ញា​ញ់​ពិសារ។

regency-cafe-brizilian-food-04

ភោជនីយដ្ឋាន Regency Café បាន​ផ្តល់ជូន​នូវ​ជម្រើស​អាហារ​ដ៏​ពិសេស ដែលជា​ការរួម​ប​ញ្ជូ​ល​គ្នា​នូវ​គ្រឿងផ្សំ​ក្នុងស្រុក​ជាមួយ​គ្រឿងផ្សំ​ក្រៅ​ស្រុក។ រាល់ថ្ងៃ​សុក្រ​ជា​រៀងរាល់ខែ មុខម្ហូបនីមួយៗត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម​ជម្រើស​ប្រទេស​ដែល​ភោជនីយដ្ឋាន​បានកំណត់​យក។ កាលពី​ខែ​មុន​ភោជនីយដ្ឋាន​បានផ្តល់​ជូន​នូវ​មក​មុខម្ហូប​របស់​ប្រទេស​ម៉ិចស៊ិក ហើយ​សម្រាប់​ខែកក្កដា​នេះ​វិញ គឺជា​មុខម្ហូប​ប្រេ​ស៊ី​ល ដូច្នេះហើយ​ចូរ​កុំឱ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លងទៅ​ផុត​ទៅឱ្យ​សោះ។ សម្រាប់​ការផ្ដល់ជូន​នូវ​មុខម្ហូប​ប្រេ​ស៊ី​ល​នេះ នឹងត្រូវ​ធ្វើឡើង​រយៈពេល ២ខែ ចាប់ពីពេលនេះ​តទៅ ដោយ​បើក​បម្រើ​ជូន​អតិថិជន​ចាប់ពី​វេលា​ម៉ោង ៦ និង ៣០ ល្ងាច​តទៅ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684