ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-05-16-ff-full

ម៉ិច​សិច​កូ​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អប្សរា និង​វិចិត្រ​សិល្បៈ​កម្ពុជា ជាមួយ​ផ្នែក​ពាក់ព័ន្ធ​របស់​ខ្លួន

ភ្នំពេញ ៖ បំណង​នេះ​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Sara Valdes Balano ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ិច​សិច​កូ​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ិ​ក​សិច​កូ មកកាន់​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត និង​កិច្ចសហការ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​រំលឹក​ឡើងវិញ​អំពី​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ិ​ក​សិច​កូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រទេស​២០ នៅ​ក្នុង​ឆ្នាំ​២០១២ និង​ការ​អញ្ជើញ​ទៅ​ចូលរួម​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​បាន​ចូលរួម​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ម៉ិ​ក​សិច​កូ នៅ​ឆ្នាំ​២០១៤ ហើយ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំងពីរ។

លោកស្រី Sara Valdes Balano ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ិច​សិច​កូ បាន​បញ្ជាក់​ថា គោលបំណង​រដ្ឋាភិបាល​ម៉ិ​ក​សិច​កូ នៅតែ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ជាមួយ​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង ទ្វេភាគី​រដ្ឋាភិបាល​ម៉ិ​ក​សិច​កូ ចង់​បើក​ស្ថាន​កុងស៊ុល​កិត្តិយស​មួយ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​។ លោកស្រី​ក៏បាន​លើកឡើង​អំពី​បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​ម៉ិ​ក​សិច​កូ ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ហើយ​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អប្សរា​កម្ពុជា និង​ផ្នែក​វិច​ត្រ​សិល្បៈ​កម្ពុជា ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ម៉ិ​ក​សិច​កូ និង​ជាមួយ​ផ្នែក​វិស័យ​សិល្បៈ​របស់​ប្រទេស​ម៉ិ​ក​សិច​កូ។

ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ិច​សិច​កូ បាន​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថា រដ្ឋាភិបាល​ឯកអគ្គរដ្ឋទូត​ម៉ិច​សិច​កូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លើយ​យល់ព្រម​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា ក្នុង​ការ​ទទួលយក​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ម៉ិច​សិច​កូ ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ របស់​អង្គការសហប្រជាជាតិ​ស្តី​អំពី​ជីវចម្រុះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ិច​សិច​កូ នៅក្នុង​ឆ្នាំ​២០១៦ នេះ។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ម៉ិ​កសិក​កូ ចង់​ស្ថាន​កុងស៊ុល​កិត្តិយស​មួយ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​សំណើ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​។ ហើយ​ដែល​នេះ គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម សេដ្ឋកិច្ច​ទ្វេភាគី​ផងដែរ​៕

T-07-05-16-ff-full T-07-05-16-f-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684