ព័ត៍មានទាន់​ហេតុការណ៏
Search
016

បបួល​មិត្តភក្ដិ​មក​ផឹកស៊ី​នៅផ្ទះ ​ពេល​ស្រវឹង​ឈ្លោះ​គ្នា​ផ្ទុះអាវុធ ​ស្លាប់​ក្មេងស្រី​ម្នាក់​ជា​កូន​ម្ចាស់ផ្ទះ​

​ភ្នំពេញ ៖ ក្មេងស្រី​វ័យ​៦​ឆ្នាំ​ម្នាក់ ​ត្រូវជា​កូន​របស់​ម្ចាស់ផ្ទះ​ដែល​បបួល​មិត្តភក្ដិ​មក​ផឹកស៊ី​នៅក្នុង​ផ្ទះ​របស់​ខ្លួន ពេល​ផឹក​ស្រវឹង​ស្រឿងៗ​ហើយ​នោះ ​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដែល​មក​ផឹកស៊ី​ជាមួយគ្នា​ ខណៈ​កំពុង​ប្រតាយប្រតប់​គ្នា​ជាមួយ​ប្រពន្ធ​ជន​សង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ទៅ​ក្រោយ​បណ្ដាល​ឲ្យ​ត្រូវ​ក្មេងស្រី​ជា​កូន​ម្ចាស់ផ្ទះ​ចំ​ដើមទ្រូង​ខាង​ស្ដាំ​បណ្ដាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​១៧ ​ខែមេសា​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្ទះ​លេខ​១២​ ភូមិ​ប៉ប្រក​ខាងត្បូង ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ ហ៊ឹម វណ្ណា​និ​ទៀង ​អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ ​ហ៊ឹម ​វណ្ណា ​អាយុ​៤៩​ឆ្នាំ​ មុខរបរ​ជា​នគរបាល​ និង​ម្ដាយ​ឈ្មោះ​ គង់ ដា​ណែ​ត ​អាយុ​៣៧​ឆ្នាំ ​តែ​ពួកគេ​រស់នៅ​បែក​គ្នា​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ លឹម ឡាយ​ ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​នៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ តែ​ជា​អតីត​ធ្លាប់​ឈរជើង​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែរ ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​កា​៥៤​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​បបួល​ស្ដ្រី​ជា​ប្រពន្ធ​របស់​ជនសង្ស័យ​មក​ផឹកស៊ី​នៅផ្ទះ​របស់​ខ្លួន​ តែ​នាង​ជា​មិត្តភក្ដិ​នោះ​បាន​នាំ​ប្ដី​របស់​ខ្លួន​មក​ផឹកស៊ី​ជាមួយគ្នា​ដែរ​ នៅពេល​ផឹកស៊ី​អស់​ជាច្រើន​ម៉ោង​រួចមក នាង​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​បបួល​ប្ដី​របស់​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​តែ​ពេលនោះ​បុរស​ជា​ប្ដី​មិនទាន់​ចង់ទៅ ​រង់ចាំ​បន្ដិច​ទៀត​។​

ប្រភព​បន្ដ​ថា​ បន្ទាប់ពី​បបួល​ញឹកញាប់​ប្ដី​មិន​ព្រមទៅ ​នាង​ជា​ប្រពន្ធ​បាន​វាយ​កូន​របស់​ខ្លួន​ជា​ការ​បញ្ជោះបន្សោក​ដាក់​ប្ដី ​ក៏​បង្ក​ជា​ជម្លោះ​ពាក្យសម្ដី​គ្នា​រហូត​ឈាន​ទៅ​ដល់​ប្រតាយប្រតប់​គ្នា ពេល​នោះ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​ទៅ​ក្រោយ​មួយ​គ្រាប់ ក៏​បណ្ដាល​ឲ្យ​ត្រូវ​ក្មេងស្រី​ជា​កូន​ម្ចាស់ផ្ទះ​ដែល​កំពុង​លេង​នៅ​ខាងក្រោយ ចំ​ដើមទ្រូង​ស្លាប់​ភ្លាមៗ​តែម្ដង​។​

ក្រោយពេល​ដឹង​ថា​ត្រូវ​ក្មេង​ហើយ​នោះ ​ជនសង្ស័យ​បាន​ដឹក​ក្មេងស្រី​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដែរ ​ក្រែង​មិនទាន់​ស្លាប់​អាច​សង្គ្រោះ​អាយុជីវិត​បាន ​ប៉ុន្តែ​នៅពេល​ទៅដល់​ពេទ្យ​គេ​ប្រាប់​ថា​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​បាត់​ហើយ​នោះ​ទើប​ជនសង្ស័យ​បាន​គេច​ខ្លួន តែ​ទោះជា​យ៉ាងណា​ដោយសារ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ទើប​រហូតមកដល់​វេលា​យប់​ថ្ងៃ​ដដែល​ត្រូវ​បាន​ចាប់ខ្លួន​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684