ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-07-16-l-full

វេទិកា​ទេសចរណ៍​មេគង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ បទពិសោធន៍​ទេសចរណ៍​ដ៏​រីករាយ តាម​ដង​ទន្លេមេគង្គ

ភ្នំពេញ ៖ វេទិកា​ទេសចរណ៍​មេគង្គ​លើក​ទី​៣ ឆ្នាំ​២០១៦ ត្រូវ​បាន​រៀបចំឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍ ការ​តភ្ជាប់​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់ ការ​ផ្សព្វផ្សាយ​ទីផ្សារ​ទេសចរណ៍ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​រស់នៅ និង ម្ហូបអាហារ​ប្រកប ដោយ​រស់​ជាតិ និង​ប្លែកៗ​ក្នុង​សហគមន៍។

កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី រួម​ជា​មួយ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រះសីហនុ និង​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជានា​យក​គម្រោង អភិវឌ្ឍ​ទេសចរណ៍ បាន​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ នូវ​វេទិកា​ទេសចរណ៍ មេគង្គ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ “​បទពិសោធន៍​ទេសចរណ៍​ដ៏​រីករាយ​តាម​ដង​ទន្លេមេគង្គ Showcasing authentic experiences along the Mekong River” អម​ជា​មួយ​នឹង​កិច្ចប្រជុំ និង​សិក្ខាសាលា​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ជាអាទិ៍ ទី​១ កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍ មេគង្គ​លើក​ទី ២៧ ទី​២ កិច្ចប្រជុំ​គណៈ​កម្ម​ជាតិ​គ្រប់ គ្រង​គម្រោង​លើក​ទី​៣​ស្តី​ពី “​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​កំណើន ប្រកបដោយ​បរិយាប័ន ក្នុង​មហា​អនុ​តំបន់​មេគង្គ​” ទី​៣ សិក្ខាសាលា ស្តីពី​ទេសចរណ៍​មេគង្គ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​សិក្ខាសាលា​ថ្នាក់​អនុ​តំបន់​ស្តី​ពី “​ការរៀបចំ​យុទ្ធ សាស្ត្រ​ទេសចរណ៍​មេគង្គ ២០១៦-២០២៥” ដោយមាន​ចូលរួម​ពី តំណាង​ស្ថាប័ន ទេសចរណ៍​ជាតិ នៃ​ប្រទេស​ជា​សមាជិក មហា​អនុ​តំបន់​មេគង្គ កម្ពុជា ចិន ឡាវ ភូមា ថៃឡង់​ដ៍ និង​វៀតណាម (GMS) និង​តំណាង​ធន​គារ​អភិវឌ្ឍន៍អាស៊ី (ADB) នាយក​ប្រតិបត្តិ​ការិយាល័យ សម្របសម្រួល​ទេសចរណ៍​មេគង្គ (Mekong Tourism Coordinating Office-MTCO) តំណាង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត​តំបន់​ឆ្នេរ ផ្នែក​ឯកជន អង្គ​ការដែល​មានការ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ព្រមទាំង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មកពី​ក្នុង​តំបន់ និង​ពិភពលោក សរុប​ប្រមាណ ៣០០​រូប​។ នេះ​ជាការ​រៀបចំ​វេទិកា ទេសចរណ៍​មេគង្គ​លើក​ទី​៣ ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ រីឯ​ការរៀបចំ​លើក​ទី​២ បានរៀបចំ​ធ្វើឡើង​កាលពី​ឆ្នាំ​២០១០ នៅ​ខេត្ត​សៀមរាប អង្គរ​ដ៏​ស្រស់​បវរ​នៃ​“​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ ប្រកបដោយ​ភាព​កក់ក្តៅ​”។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ប្រទេស​ជា​សមាជិក​មហា អនុ​តំបន់​មេគង្គ ដែល​ភ្ញៀវ​ទេសចរ មិន​ត្រឹមតែ​ស្វែងរក​ការ​សម្រាក កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ស្វែងរក និង​ទទួល​បាន​នូវ​បទ ពិសោធន៍​ប្រកបដោយ​អត្ថន័យ និង​ភាព​រីករាយ​ផង​ដែរ ដែល​រួមចំណែក អភិរក្ស​ទំនៀមទម្លាប់​ប្រពៃណី និង​រៀប​របប​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន ដែល​ទាំងនេះ​បង្ហាញ​នូវ លក្ខណៈ​ពិសេស សម្រាប់​ប្រទេស​ក្នុង​មហា អនុ​តំបន់​មេគង្គ​។

ការ​រីកចម្រើន និង​ការ អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ត្រូវ​បាន​ចាត់ទុកថា​ជា កម្លាំង​ចលករ​ដ៏​សំខាន់ សម្រាប់​ប្រទេស សមាជិក​មហា​អនុ​តំបន់​មេគង្គ ដែល​រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ច​សង្គម ប្រាក់ចំណូល ឱកាស​ការងារ ការ​បង្កើត​មុខរបរ លើកស្ទួយ​កម្រិតជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ធនធានធម្មជាតិ ការ​បន្សំ​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​សកល ជាពិសេស​ការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​បៃតង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684