ព័ត៍មានទាន់​ហេតុការណ៏
Search
3-areas-you-should-know

ហេតុអ្វីបានជាយើងត្រូវដឹង ពីបរិវេណសំខាន់ៗ ៣កន្លែង នៃលំនៅឋាន?

នៅក្នុង​ជីវិត​របស់​មនុស្ស​យើង  តែងតែមាន​កត្តា ឬ​បរិវេណ​ពិសេស ដែលមាន​សារៈសំខាន់​ជាង កត្ដា ឬ​បរិវេណ​ដទៃទៀត ហើយ​វា​ក៏​ដូចគ្នា​ទៅនឹង​ក្បួនតម្រា​ហុងស៊ុយ​ផងដែរ។ នៅក្នុង​ក្បួន​ហុងស៊ុយ​អំពី​លំនៅឋាន  គេ​តែងតែ​យក​អាទិភាព លើ​បរិវេណ​សំខាន់៣ យ៉ាង​នៃ​លំនៅឋាន គឺ​ទ្វារ​ចូល​ផ្ទះ បន្ទប់​គេង និង​ផ្ទះបាយ មុនពេល​ដែល​យើង​យកចិត្តទុកដាក់​លើ​បរិវេណ​ដ​ដៃ​ទៀត។

លំនៅដ្ឋាន​ដែលមាន​ហុងស៊ុយ​ល្អ គឺ​សំដៅ​ទៅលើ ភាពអំណោយ​ផល​នៃ​ការទាក់ទាញ​ថាមពល​វិជ្ជមាន ចូលទៅក្នុង​កន្លែង​ទាំងបី​ខាងលើ ពីព្រោះ​វា​ជា​និ​មិ​ត្ដ​រូប​បញ្ជាក់​ពី​ការនាំយក​ទ្រព្យសម្បត្ដិ និង​ឱកាស​ចូលទៅក្នុង​ជីវិត​របស់​អ្នក។ ផ្ទុយទៅវិញ ប្រសិនបើ​បរិវេណ​ទាំង ៣ ពុំមាន​ថាមពល​វិជ្ជមាន​គ្រប់គ្រាន់​ទេ ឬ​ពោរពេញ​ដោយ​ថាមពល​អវិជ្ជមាន  នោះ​អ្នក​នឹងមាន​ទំនោរ​ពើបប្រទះ​នូវ​ឧបសគ្គ​ក្នុង​ជីវិត ដូច្នេះ​សូម​ស្វែងយល់​វិធីសាស្ដ្រ​មូលដ្ឋាន ដើម្បី​រៀបចំ​កន្លែង​ទាំងនោះ​ទៅតាម​ហុងស៊ុយ ។

១. ហុងស៊ុយ​នៅ​ច្រកទ្វារ​ចូល​គេហដ្ឋាន

ច្រកទ្វារ​ចូល ផ្ទះ  គឺជា​និ​មិ​ត្ដ​រូប​បញ្ជាក់ ពី​មាត់ច្រក​នៃ​ថាមពល​វិជ្ជមាន​របស់​គេហដ្ឋាន ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​ថា ពុំមាន​ឧបសគ្គ ឬ​ការរាំងស្ទះ​ឯណា​មួយ ដែល​រារាំង​ថាមពល​វិជ្ជមាន​មិនឱ្យ​ហូរ​ចូល ទៅក្នុង​លំនៅឋាន​ឡើយ។ ក្រៅពីនេះ អ្នក​គួរតែ​ស្វែងរក​វត្ថុ ឬ​សញ្ញា​បង្កើត​ថាមពល​អវិជ្ជមាន ដែល​បែរ​ឆ្ពោះ​មក​ច្រកទ្វារ​ចូល​ផ្ទះ​របស់​អ្នក។ វត្ថុ ឬ​សញ្ញា​បង្កើត​ថាមពល​អវិជ្ជមាន​នោះ មានដូចជា គែម​ជញ្ជាំង​ស្រួច ដែល​បែរ​ឆ្ពោះ​មករក​ទ្វារផ្ទះ​របស់​អ្នក ឬអ្វី​ផ្សេងទៀត ដែល​ស្ថិតនៅ​ឆ្ងាយ​ជាង​នេះ​ដូចជា ជ្រុង​នៃ​អគារ ដែល​នៅជាប់​នឹង​ផ្លូវ​ជាដើម។

២. ហុងស៊ុយ​នៅ​បន្ទប់​គេង

បន្ទប់​គេង គឺជា​កន្លែង​មួយ ដែល​យើង​ចំណាយពេល​មួយ​ភាគបី​នៃ​ជីវិត របស់​យើង​នៅ​ជាមួយ​វា ហើយ​វា​ជា​កន្លែង​សម្រាប់​យើង​ដើម្បី​សម្រាកកាយ និង​បង្កើន​ថាមពល​កាយ និង​ចិ​ត្ដ​ឡើងវិញ។ ដូច្នេះ វា​ជា​រឿង​ចាំបាច់  ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ល្អ​ចំពោះ​ការនាំ​ថាមពល​វិជ្ជមាន ចូលទៅក្នុង​បន្ទប់ ហើយ​គួរ​ដាក់​គ្រែ​គេង នៅក្នុង​ទីតាំង​តាម​ការចង្អុលបង្ហាញ​នៃ​តម្រា​ល ដែល​យើង​បាន​រៀបរាប់​កន្លងមក។ ជាទូទៅ ប្លង់​នៃ​បន្ទប់​គេង​របស់​អ្នក គួរតែមាន​លក្ខណៈ​ជា​ការ៉េ ឬ​ចតុកោណ ពីព្រោះ​លក្ខណៈ​នេះ​តំណាងឱ្យ​ស្ថិរភាព ហើយ​ម្យ៉ាងទៀត វា​ផ្ដល់ឱ្យ​អ្នក​នូវ​អារម្មណ៍​សុខសាន្ដ និង​កក់ក្ដៅ បើ​ប្រៀបធៀប​ទៅនឹង​គ្រែ​គេង ដែលមាន​រូបរាង​មិន​ស្មើ​ជ្រុង​ល្អ ដែល​មិន​អនុញ្ញាត​ឱ្យមាន​លំហូរ​តុល្យភាព​នៃ​ថាមពល។

តើ​គួរ​ដាក់​គ្រែ​របស់​អ្នក​បែបណា ឱ្យ​ត្រូវ​តាម​ការចង្អុលបង្ហាញ ឬ​ត្រូវ​ទីតាំង​ល្អ?

គ្រែ​គេង គួរតែ​ត្រូវដាក់​ទល់នឹង​ជញ្ជាំង​ដ៏​រឹងមាំ​មួយ និង​បែរ​ទៅរក​ទ្វារ​បន្ទប់ តាម​លក្ខណៈ​អង្កត់ទ្រូង។ ក្រៅពីនោះ វា​ត្រូវតែ​អាច​ចេញចូល​បាន តាម​ផ្នែក​ទាំងសងខាង ។

feng-shui-bad-room-position

៣. ហុងស៊ុយ​ចង្ក្រាន​បាយ

ផ្ទះបាយ គឺ​សំដៅ​ជា​ចម្បង ទៅលើ​ចង្ក្រាន​បាយ ដែលជា​តំណាង​នៃ​ប្រភព​អាហារ ដែល​សម្រេចបាន​ពី​ការងារ និង​អាជីវកម្ម​របស់​យើង។ ក្រៅពីនោះ វា​មាន​ឥទ្ធិពល​ទៅលើ​សុខភាព​របស់​ម្ចាស់ផ្ទះ​ជា​ស្ត្រី ដូច្នេះ​ជានិច្ចកាល យើង​ត្រូវតែ​រក្សា​កន្លែង​នេះ​ឱ្យបាន​ស្អាត និង​ធានាថា សម្ភារៈ​ចំហេះ​ទាំងអស់​ដំណើរការបាន​ត្រឹម​ត្រូវជា​ប្រក្រតី។ ប្រសិនបើ​មាន​ថាមពល​អវិជ្ជមាន នៅក្នុង​ផ្ទះបាយ នោះ​វា​អាច​បណ្តាល​ឲ្យ​រាំងស្ទះ​ដល់​អាជីព​ការងារ ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ទ្រព្យសម្បត្តិ ព្រមទាំង​សុខភាព​ចុះខ្សោយ។

វិធី​ដោះស្រាយ

  • ចង្ក្រាន និង​ឡា​បូ​លាងចាន មិនគួរ​ស្ថិតនៅ​ជិតគ្នា​នោះទេ ដោយសារតែ​ធាតុភ្លើង និង​ធាតុទឹក វា​ឆុង​នឹង​គ្នា ។
  • យក​ល្អ​គួរតែមាន​ចង្ក្រាន នៅក្នុង​ផ្ទះ ពីព្រោះ​វា​តំណាងឱ្យ​តំណែង​ស្ត្រី​នៅក្នុង​គ្រួសារ។ បើទោះបី​បច្ចុប្បន្ន អ្នក​នៅ​លីវ​តែ​ម្នាក់​ក៏ដោយ (ជាពិសេស​បុរស) ក៏​ចង្ក្រាន នៅតែមាន​សារៈសំខាន់ ព្រោះ​វា​នឹង​ទាក់ទាញ​ចំណែក​ពាក់កណ្ដាល​ទៀត(ជីវិត​គ្រួសារ) ចូលទៅក្នុង​ជីវិត​របស់​អ្នក។

ឥឡូវនេះ វា​ជា​ពេលវេលា  ដែល​ត្រូវ​មើលទៅ​ក្នុង​បរិវេណ​សំខាន់​ទាំង៣កន្លែង​នេះ ដើម្បី​ពិនិត្យពិច័យ​តាម​លក្ខណៈ​ហុងស៊ុយ ដើម្បី​ទាក់ទាញ​ឲ្យ​លាភ​សំណាង​ជាង​មុន​ហើយ៕ សា​រ៉ា​ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684