ព័ត៍មានទាន់​ហេតុការណ៏
Search
opinion-kampuchea-thmey

ទស្សនៈ៖ តើអ្វីទៅជាគោលបំណងពិតប្រាកដរបស់អង្គការ Global Witness ក្នុងការវាយប្រហារមកលើត្រកូល “ហ៊ុន”?

បន្ទាប់ពី​ការចុះផ្សាយ​ស្របពេល​តែមួយ​របស់​កាសែត​ពីរ​ដែល​ចេញផ្សាយ​ជា​ពីរ​ភាសា​ខ្មែរ​និង​អង់គ្លេស គឺ​កាសែត The Phnom Penh Post និង​កាសែត The Cambodia Daily លេខ​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៦ ក្រោម​ចំណងជើង​ថា “All in the family business” ហើយ​បទ​អត្ថាធិប្បាយ​ធ្វើឡើង​ដោយ​យោងទៅលើ​របាយការណ៍​ធ្វើឡើង​ដោយ​អង្គការ Global Witness ដែលមាន​ចំណងជើង​ថា “Hostile Takeover : The Corporate Empire of Cambodia’s” មក​នោះ។ ប្រតិកម្មភ្លាមៗក៏បាន​កើតមានឡើង​ពី​បុត្រា-បុត្រី​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​របាយការណ៍​នោះ ដូចដែល​លោក​ឧត្ដមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជាអាទិ​ថា ៖ ខ្ញុំ​នៅចាំ​បាន​ថា ប៉ុន្មាន​អាណ​ត្ដិ​ហើយ​ឲ្យ​តែ​ពេល​ជិត​បោះឆ្នោត គឺជា​ពេលវេលា​ដែល​អង្គការ​មួយ​ឈ្មោះ Global Witness បង្កើត​រឿងប្លែកៗ ឬ​ប្រធានបទដដែលៗ ដើម្បី​ចោទប្រកាន់ និង​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល ជាពិសេស​មកលើ​ឪពុក​ខ្ញុំ​តែម្ដង…

លោក​ឧត្ដមសេនីយ៍ទោ​ហ៊ុន ម៉ានិត ក៏បាន​មានប្រសាសន៍​តាមរយៈ​ការសរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា ៖ នេះ​ជាការ​វាយប្រហារ​លើ​គ្រួសារ​ត្រកូល​ហ៊ុន ដែលជា​ការរៀបចំ និង​កិច្ចសហការ​ដ៏​ល្អ​រវាង Global Witness, Cambodia Daily និង Phnom Penh Post ដោយ​ស្ដែង​ចេញពី​គោលបំណង​យ៉ាងច្បាស់

រីឯ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ជំទាវ​ហ៊ុន ម៉ា​ណា វិញ លោកជំទាវ​បានលើកឡើង​ពី​ការថ្លែងអំណរគុណ​ចំពោះ​អង្គការ Global Witness ដោយ​កោតសរសើរ​ផងដែរ​ដល់​ភ្នំពេញ​ប៉ុស្ដិ៍ និង Cambodia Daily ដែល​បានចេញ​ផ្សាយ​ព័ត៌មាន​នៅក្នុងពេល និង​ថ្ងៃ​តែមួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចសហការ​ដ៏​ល្អ​រវាង​កាសែត​ទាំងពីរ​ជាមួយ Global Witness ដើម្បី​បំផ្លាញ​កិ​ត្ដិ​យស​គ្រួសារ​ត្រកូល​ហ៊ុន ដោយ​លោកជំទាវ សូម​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​កាសែត​ទាំងពីរ​នេះ ព្រមទាំង Global Witness បន្ដ​កិច្ចការ​បែបនេះ​ទៀត​ចុះ ប្រសិនបើ​គ្មាន​ការងារ​ធ្វើ។

ដោយឡែក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ លោក​មិន​ប្រតិកម្ម​អ្វី​ទេ ប៉ុន្ដែ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​វិញ គឺមាន​តែ Share បន្ដ​ប្រតិកម្ម​ទាំងនេះ​របស់​បុត្រា-បុត្រី​សម្ដេច​តែប៉ុណ្ណោះ។

លើកលែងតែ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ដែល​បាន​ប្រតិកម្ម​ដោយ​លោក​ផៃ ស៊ី​ផាន ដោយ​លោក​បាន​លើកឡើងថា របាយការណ៍​របស់​អង្គការ Global Witness គ្រាន់តែ​ជា​លិខិត​វិទ្ធង្សនា​ធ្វើការ​ប្រឆាំង និង​បំផ្លាញ​សេចក្ដីថ្លៃថ្នូរ និង​កិ​ត្ដិ​យស​របស់​ក្រុមគ្រួសារ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ហើយ​ដែលជា​ទិសដៅ​នៃ​នយោបាយ​តែប៉ុណ្ណោះ

និយាយ​ជារួម​មក ទាំង​ប្រតិកម្ម​របស់​បុត្រា-បុត្រី​សម្ដេច​តេ​ជោ ក៏ដូចជា​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​សុទ្ធតែជា​ប្រតិកម្ម​ប្រកបទៅដោយ​ហេតុផល​ពិតប្រាកដ​តែម្ដង ព្រោះថា អស់លោក​សុទ្ធតែជា​បញ្ញវ័ន្ដ គឺ​មិនមែនជា​ប្រតិកម្ម​បែប​ហិង្សា​ទេ ប៉ុន្ដែ​គឺ​ប្រកបដោយ​វិចារណញ្ញាណ។

ធាតុពិត​ការ​រៀបរៀង​របាយការណ៍​របស់​អង្គការ Global Witness ធ្វើឡើង​ដោយ​លោក Patrick Alley គឺជា​ការសរសេរ​ដោយ​ចេតនា​ដោយមាន​ការគិត​ទុកជា​មុន​ក្នុងការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​ហើយ។

ដូច្នេះ​គេ​អាច​លើក​ជា​សំណួរ​បាន​ថា តើ​អ្វី​ទៅជា​គោលបំណង​ពិតប្រាកដ​របស់ Global Witness នៅក្នុង​ការវាយប្រហារ​មកលើ​គ្រួសារ​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី?

បើ​គេ​និយាយ​ការពិត​គឺ​ក្នុងនោះ​វា​មានរឿង​មិន​ពិត។ ហើយ​បើ​គេ​និយាយ​មិន​ពិត គឺអាច​នៅក្នុង​នោះ​វា​មានរឿង​មួយចំនួន​ដែល​ពិត។ នេះ​ជាការ​លើកឡើង​នៅក្នុង​តក្កវិជ្ជា។ គេ​គួរតែ​ធ្វើការ​ពិចារណា​មុននឹង​និយាយ។ សុភាសិត​បារាំង​មួយ​លើកឡើងថា មុននឹង​និ​យ​យា​ត្រូវតែ​បង្វិល​អណ្ដាត​ឲ្យ​បាន៧ដង​សិន។ នេះ​មានន័យថា មុននឹង​និយាយ​គេ គួរតែ​គិតពិចារណា បើ​សម​នឹង​និយាយ ដោយ​មិនគួរណា​ឡើយ​ជនជាតិ​ស្បែក​សម្នាក់ ដែលជា​ម្ចាស់​សំណេរ​របាយការណ៍​នេះ​អួតថា ខ្លួន​ប្រមូល​ឯកសារ​ចងក្រង​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ ទើប​កើតចេញ​ជា​របាយការណ៍​នេះ(!)

របរ​ធ្វើ​ជំនួញ គឺជា​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ខ្មែរ​ទូទៅ នេះ​គឺជា​ការពិត។ ប៉ុន្ដែ​ករណី​បំប៉ោង​តួលេខ​ដែល​លើកឡើងថា ត្រកូល​ហ៊ុន​បង្កើត​អាណាចក្រ​ជំនួញ ដែល​សរសេរ​រៀបរៀង​ដោយ​លោក Patrick Alley នោះ គឺជា​ការ​បំប៉ោង​សភាពការណ៍​ពិត​ទៅវិញ។ ដូច្នេះ​នៅត្រង់ចំណុច​នេះ​គឺ​ដូច​អ្វីដែល​អ្នកនាំពាក្យ​គណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ី​ផាន បាន​លើកឡើងថា ជា​លិខិត​វិទ្ធង្សនា ធ្វើការ​ប្រឆាំង និង​បំផ្លាញ​សេចក្ដីថ្លៃថ្នូរ របស់​ក្រុមគ្រួសារ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី ហើយ​ដែលជា​ទិសដៅ​នយោបាយ​តែប៉ុណ្ណោះ។ នេះហើយ​ដែលជា​ការពិត។

ជា​ទិដ្ឋភាព​រួម​វិញ ក្រោយពី​កាសែត​ទាំង​ពីរបាន​ចុះផ្សាយ​របាយការណ៍​នេះ​មក ស្ថានភាព​នៅក្នុង​ប្រទេស​ក៏​មិនមាន​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ព្រោះថា គ្មាន​ការភ្ញាក់ផ្អើល​ពី​សាធារណ​ជន​សោះឡើយ ដោយសារតែ​អ្នកសរសេរ​របាយការណ៍​នោះ​មិនមែន​បរិភោគ​ប្រហុក​ផ្អក​ដូច​ប្រជាជន​ខ្មែរ​ឯណា?

រីឯ​ការពិត​មួយ​ផ្សេងទៀត​នៅក្នុង​ការលើកឡើង​មិន​ពិត​របស់​របាយការណ៍ Global Witness នោះ គឺ​ឲ្យ​តែ​ជិត​ដល់ពេល​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា គឺ​អង្គការ​មួយ​នេះ​សកម្ម​ណាស់​ក្នុងការ​បុករុក​យ៉ាងនេះ​យ៉ាងនោះ​ឥតឈប់ឈរ​មកលើ​រាជរដ្ឋាភិបាល ក៏ដូចជា​មកលើ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី គឺ​ហាក់ដូចជា​ប្រព័ន្ធ​មួយ​ដែល​គេ​បាន​រៀប​ចុះ​រួចជាស្រេច​ជាមួយ​ក្រុម​គណបក្សប្រឆាំង ពិសេស​គឺ​ក្រុម​បក្ស​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ក៏ដូចជា​លោក​កឹម សុខា ជាដើម។

ក្រោយពី​បង្ហាញ​របាយការណ៍​ដ៏​ខ្វះ​ការគាំទ្រ ព្រោះថា របាយការណ៍​គ្មាន​ឯកសារយោង​នោះមក សាធារណជន​នៅ​រង់ចាំ​មើលថា តើ Global Witness ដោយមាន​លោក Patrick Alley និង​មាន​សន្លឹក​បៀ​ណា​ទៀត​ដែល​ត្រូវ​លើក​យកមក​បញ្ចេញ? ប៉ុន្ដែ​គេ​អាច​ព្យាករណ៍​ទុកជាមុន​ថា អាច​បន្ទាប់ពី​អ្វីដែល​ហៅថា របាយការណ៍ Global Witness នោះមក វា​ពិតជា​នឹងមាន​សម្ពាធ ឬ​លក្ខខណ្ឌ​ណា​ផ្សេងទៀត​ដែល​លើក​ឡើងជា​បន្ដ​ពាក់ព័ន្ធ​ទៅនឹង​រឿង​បុគ្គល​សម រង្ស៊ី និង​កឹម សុខា​នោះ​ដដែល។ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ក៏​គេ​អាច​ដឹង​អំពី​ក្រឡាសារ​របស់​អស់លោកអ្នក​ដែល​ចង់យក​រាជរដ្ឋាភិបាល​និយាយ​រួម និង​ក្រុមគ្រួសារ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​មក​ធ្វើជា​កូនអុក​ដើម្បី​ព័ទ្ធ​ស៊ី​ស្ដេច (នៅក្នុង​ល្បែង​អុក) នោះ​គឺ​យល់ច្រឡំ​ហើយ ទាំង​ក្រុមប្រឆាំង និង​ក្រុម​ពួក​អស់លោក​ស្បែក​ស​ច្រមុះ​ស្រួច​នោះ។ ទីនេះ​ប្រទេស​កម្ពុជា មិនមែន​អ៊ីរ៉ាក់ ឬ​ស៊ី​រី​នោះទេ ជាក់ស្ដែង​ល្បែង​អុក​បែប​លោក Patrick Alley នេះ លោក​គួរតែ​មើល​គំរូ​អតីត​នាយករដ្ឋមន្ដ្រី​របស់លោក គឺ​លោក Tony Blair ទៅវិញ​ទៅ ដោយ​ការខ្វះ​វិចារណញ្ញាណ​នៅក្នុង​រឿង​សង្គ្រាម​អ៊ីរ៉ាក់ និង​ត្រូវ​ទទួល​គុណ​វិបត្ដិ​ដោយ​របៀប​ណា?៕

ដោយ៖ លោក ស.ស.រ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684