ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-11-16-s-full

ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ កោតសរសើរ សម្តេច​តេ​ជោ ហ៊ុនសែន លើ​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា

ភ្នំពេញ ៖ ប្រធាន​ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប លោក អាន​តុ​ន កា​រ៉ា​គា បាន​សម្តែង​នូវ​ការ​កោតសរសើរ​ដ៏​ជ្រាលជ្រៅ ចំពោះ​តួនាទី​របស់ សម្តេច​តេ​ជោ ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នៅ​កម្ពុជា និង​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ថា ជា​និមិត្តរូប​នៃ​សេរីភាព និង​ជា​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច និង​មិត្តភាព​តាម​រយៈ នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍។

យោង​តាម​ខ្លឹមសារ នៃ​លិខិតផ្លូវការ​មួយ របស់​ប្រធាន​ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ដែល​បាន​គោរព​ផ្ញើ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការចូលរួម​របស់ សម្តេច​តេ​ជោ នៅក្នុង​ពិធី កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ និង​ការ ថ្លែង​សន្ទរកថា​ដ៏​មាន​ថាមពល ពោរពេញ​ដោយ​មោទនភាព និង​កិត្យានុភាព​ជាតិ​របស់ សម្តេច​តេ​ជោ បាន​បន្សល់ ទុក​នូវ​សញ្ញាណ​មិន​អាច​បំភ្លេច​បាន សម្រាប់​យើងខ្ញុំ​ទាំងអស់​គ្នា​។ ជាពិសេស ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ បាន​សម្តែង​នូវ​ការ​កោតសរសើរ ជូន​ចំពោះ សម្តេចតេ​ជោ ចំពោះ​ការ​ផ្តល់​មតិ​ណែនាំ និង​បទពិសោធន៍​ដែល​នាំ​បង្កើត ឲ្យ​មាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជំនាន់​ថ្មី​ប្រកប ដោយ​ថាមពល និង​ការ​ប្តេជ្ញាចិត្ត​រៀន​សូត្រ​ពី សម្តេច​តេ​ជោ ក្នុង​ការ​បំពេញភារកិច្ច​មិន​នឿយហត់ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង ក្រោម​ការដឹកនាំ​មិន​អាច ប្រៀបផ្ទឹម​បាន​របស់ សម្តេច​តេ​ជោ​។ បណ្តា​រដ្ឋមន្ត្រី​ជា​ច្រើន​រូប ដូចជា លោក​បណ្ឌិត ថោង ខុន គឺជា​ឧបករណ៍​ជាក់​ស្តែង​នៃ​តួនាទី​របស់ សម្តេច​តេ​ជោ ក្នុងការ​បង្ហាត់បង្រៀន​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី ក្នុង​ការ​កសាង​វិបុលភាព សម្រាប់​អនាគត​ប្រទេស​កម្ពុជា។

ប្រធាន​ក្រុម​ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​លោក​បណ្ឌិត អាន​តុ​ន កា​រ៉ា​គា ក៏​បាន​លើកឡើង​ផង​ដែរ អំពី​ការ​ខិតខំ ប្រឹង​ប្រែ​ប្រកបដោយ​ថាមពល និង​ការ​ប្តេជ្ញា ចិត្ត​របស់ ឯកអគ្គរាជទូត ជា ធីរ​: តំណាង​ឲ្យ​កម្ពុជា និង​ជា​អ្នក​គាំទ្រ​គោលនយោបាយ​របស់ សម្តេច​តេ​ជោ ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ ជា​ដៃគូ​គោលនយោបាយ និង​សេដ្ឋកិច្ច​ដ៏​មាន សារសំខាន់​របស់​អឺរ៉ុប នៅ​អាស៊ី​។ លើស​ពី​នេះ ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​សង្កេត​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ ភក្តីភាព និង​ទឹកចិត្ត​កោតសរសើរ​ចំពោះ ឧ​ត្ត​ម​គតិ និង​សកម្មភាព​របស់ សម្តេច​តេ​ជោ ដើម្បី​អនាគត​ប្រទេស​កម្ពុជា ដែលមាន​នៅក្នុង ដួងចិត្ត​របស់ លោក​រដ្ឋមន្ត្រី​ថោង ខុន និង​លោក​រដ្ឋលេខាធិការ ប៉ាក់ សុខុម និង​មន្ត្រីជាន់ខ្ពស់​ផ្សេងៗ​ទៀត។

លោក​បណ្ឌិត​អាន​តុ​ន កា​រ៉ា​គា ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ការបន្ត​ការគាំទ្រ​របស់ សម្តេច​តេជោ ចំពោះ​រដ្ឋមន្ត្រី ទេសចរណ៍​គឺជា​ការចាំបាច់ ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ទេសចរណ៍ លោក រដ្ឋមន្ត្រី​ថោង ខុន បន្ត​ភាព​ជោគជ័យ និង​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​ទស្សនវិស័យ និង​ភាពជា​អ្នកដឹកនាំ​របស់ សម្តេច​តេ​ជោ នៅ​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍ និង​វប្បធម៌។ ហើយ​ក៏​បាន​ធ្វើ​ការ​កត់សម្គាល់​ផង​ដែរ ​លើ​ការ​ជឿជាក់ និង​ការ​ទុកចិត្ត​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ចំពោះ សម្តេច​តេ​ជោ ដែលជា​តំណាង​របស់​ពួកគេ។

ជាក់​ស្តែង​នៅ​ក្នុង​ដំណើរ​របស់ ប្រតិភូ​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ពី​ខេត្ត​សៀមរាប​មកកាន់​ភ្នំពេញ ឃើញ​ថា ប្រជាជន​គ្រប់រូប បាន​សម្តែង​នូវ​គោរព​ជឿជាក់ របស់​ពួកគេ លើ​ទស្សនវិស័យ​របស់ សម្តេច​តេ​ជោ សម្រាប់​កម្ពុ​ជាមួយ ដែលមាន​ការអភិវឌ្ឍ​ន៍ គ្រប់​ជ្រុងជ្រោយ​ជា​ប្រទេសមួយ ដែល​មិនមែន​សម្រាប់តែ​ទិសដៅ ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​នោះទេ ប៉ុន្តែ​ក៍​ជា​ប្រទេសមួយ ដែល​សក្តិសម​សម្រាប់រ​ស់​នៅ​ផងដែរ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ខ្ញុំ​មានការ​រំជើបរំជួល​ដោយ​បាន​ឃើញ​ពី ការ​សម្តែង​នូវ​ការ ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ពី សំណាក់​ប្រជាជន​កម្ពុជា ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់ សម្តេច​តេ​ជោ ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ និង​គាំទ្រ​ដល់​រដ្ឋមន្ត្រី​ទេសចរណ៍ ដើម្បី​ទទួល​បាន​នូវ​ការ​ទទួលស្គាល់ វិស័យ​ទេសចរណ៍​ដ៏​វិសេសវិសាល សម្រាប់​ប្រទេស​របស់ សម្តេច​តេ​ជោ ៖ ពាន់រង្វាន់ គោលដៅ​ទេសចរណ៍​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​បណ្ឌិត​អាន​តុ​ន កា​រ៉ា​គា បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​ធ្វើ​ការ​ជាមួយ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដែល​ប្រកប ដោយ​សមត្ថភាព និង​ភក្តីភាព យើង​នឹង​មាន​ឱកាស ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ថ្មីៗ​ថែមទៀត សម្រាប់ ជា​ផលប្រយោជន៍​ប្រជាជន​កម្ពុជា និង​ជា​ផ្លែផ្កា​នៃ​គោលនយោបាយ សម្តេច​តេ​ជោ ហើយ លោក​សង្ឃឹមថា នឹង​បាន​ជួប​សម្តេច​តេ​ជោ ជាថ្មី​ម្តង​ទៀត នៅ​រាជធានី​ភ្នំពេញ​ដ៏​ស្រស់ ស្អាត ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ថ្មីៗ នៃ​ប្រទេស​របស់​សម្តេច​តេ​ជោ៕

T-07-11-16-s-full T-07-11-16-ss-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684