ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-6-A-21-Full

លោក ឈិ​ត គឹម​យា​ត បំភ្លឺ​ចំពោះ​ការចោទប្រកាន់​រូបលោក ថា​ប្រើ​អំណាច​គំរាម​មន្ដ្រីរដ្ឋបាល​សង្កាត់​

​ភ្នំពេញ​៖ លោក ឈិ​ត គឹម​យា​ត អនុប្រធាន​គណកម្មកា​រ ទី ៥ នៃ​ព្រឹទ្ធសភា​កម្ពុជា បាន​ចេញមុខ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​រូបលោក​ថា បាន​ប្រើ​ស័ក្ដិ​អំណាច គំរាម​ដល់​មន្ដ្រីរដ្ឋបាល​សង្កាត់​លេខ ១ ខេត្ដ​ព្រះសីហនុ ជុំវិញ​ការសុំ​ថតចម្លង​ឯកសារ​ផ្ទេរ​ដីធ្លី​របស់លោក ចាន់ ប៊ុនលី ដែលជា​ទាហាន​ចូល​និ​វត្ដ​ន៍​បន្ទាប់ពី​កម្ពុជា​ថ្មី​ដែល​បាន​ចុះផ្សាយ នូវ​អត្ថបទ​មួយ​ដែលមាន​ចំណងជើង​ថា “​មន្ត្រីជាន់ខ្ពស់​ម្នាក់ អាង​បុណ្យស័ក្ដិ​ប្រើប្រាស់​អំណាច​របស់ខ្លួន បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលាសង្កាត់​” កាលពី​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៦​កន្លងទៅនេះ​។​

លោក ឈិ​ត គឹម​យា​ត បានលើកឡើង នៅក្នុង​លិខិត​បំភ្លឺ​ដែល​បាន​ផ្ញើ​មកកាន់​កម្ពុ​ជាថ្មី​ថា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០១៦ លោក ចាន់ ប៊ុនលី ដែលជា​ទាហាន​ចូល​និ​វត្ដ​ន៍ បាន​ផ្ញើលិខិត​មក​រូបលោក​សុំឱ្យ​ជួយ​រក​យុត្ដិធម៌ និង​ជួយ​គាត់​ផង ដោយសារ​គាត់​ជា​ទាហាន​ចូល​និ​វត្ដ​ន៍​ក្រីក្រ ហើយ​ពុំ​ចេះអក្សរ​ទៀត​។ លោក ចាន់ ប៊ុនលី​យល់ថា លិខិត​ផ្ទេរសិទ្ធិ​ដីធ្លី​ចំនួន ០៣ សន្លឹក ដែល​លោកស្រី​ហ៊ីម វណ្ណ​រី បានធ្វើ កន្លងមក ជា​លិខិត​ក្លែងក្លាយ ដោយ​គាត់​ពុំដែល​បានឃើញ​ពីមុន ពុំដែល​បាន​ផ្ដិតមេដៃ​លើ​លិខិត​ទាំង ០៣ សន្លឹក​នោះឡើយ​។​

​លិខិត​បំភ្លឺ​ខាងលើ បាន​បន្ដថា ដោយ​យល់ឃើញថា គាត់​ជា​ទាហាន​ពិការ​ចូល​និ​វត្ដ​ន៍ ហើយ​ពុំ​ចេះអក្សរ​ផង រូបលោក (​ឈិ​ត គឹម​យា​ត​) បាន​ប្រាប់​គាត់​ឱ្យ​សុំ​ថតចម្លង​លិខិត​ទាំង ៣ សន្លឹក​នោះ​ពី​ច្បាប់ដើម​ពី​សាលាសង្កាត់​ទី​១ ខណ្ឌ​មិ​ត្ដ​ភាព ខេត្ដ​ព្រះសីហនុ​។ តែ​គាត់​បាន​ប្រាប់​រូបលោក​វិញ​ថា សាលាសង្កាត់​ទី​១​នោះ ពុំបាន​អើពើ​នឹង​សំណើសុំ​របស់គាត់​ឡើយ​។

Nita-6-A-22-Full

​ដោយហេតុ​នេះហើយ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៦ រូបលោក បានសម្រេច​ចុះទៅ​សុំ​លោក​ចៅសង្កាត់​ទី​១ ឈ្មោះ ឈិ​ត សុផាត ដើម្បី​ថតចម្លង​លិខិត​នោះ​ពី​ច្បាប់ដើម តែ​ពេលនោះ​ជា​ថ្ងៃ​សៅរ៍ លោក​ចៅសង្កាត់​បាន​ប្រាប់ថា គ្មាន​នរណា​ធ្វើការ នៅ​សាលាសង្កាត់​ទេ ហើយ​សុំឱ្យ​ចាំ​ដល់​ថ្ងៃ​ចន្ទ​ទី ៤ ខែកក្កដា ទើប​ឱ្យ​លោក​មក​ម្ដងទៀត គាត់​នឹង​ថតចម្លង​ឱ្យ តែ​ត្រូវមាន​លិខិតស្នើ​សុំ​មក​សង្កាត់​ផង​។ នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែកក្កដា ដោយ​រូបលោក មាន​ភារកិច្ច​រវល់​ពេលព្រឹក លោក​ក៏បាន​ទូរស័ព្ទ​ប្រាប់​ទៅ​លោក ឈិ​ត សុផាត សុំ​គាត់​ជួយ​ពន្យារ​ដល់ពេល​ថ្ងៃរសៀល​វិញ​។

​នៅពេលលោក​ទៅដល់​សាលាសង្កាត់​ទី​១ វេលា​ម៉ោង ៤:០០ រសៀល លោក​បានឃើញ​មនុស្ស ៣ នាក់ អង្គុយ​នៅមុខ​សាលាសង្កាត់ ហើយ​លោក​ចៅសង្កាត់​(​លោក ឈិ​ត សុផាត​) ក៏​បានមក​ទទួល​លោក ហើយ​បានឱ្យ​ស្មៀន​រៀបចំ​ថតចម្លង​លិខិត ដែល​លោក ចាន់ ប៊ុនលី បានស្នើ​នោះ​។ នៅពេល​ប្រហែល ៥ នាទី​ក្រោយមក ក៏​ស្រាប់​តែមាន​មនុស្ស ១១ នាក់​ជិះ​ម៉ូតូ មក​សាលាសង្កាត់ ហើយ​ពួក​នោះ នាំគ្នា​ចូលមកក្នុង​សាលាសង្កាត់ ហើយ​រោម​ព័ទ្ធជុំវិញ​រូបលោក ដែល​កំពុង​អង្គុយ​រង់ចាំ​លោក​ចៅសង្កាត់​យក​លិខិត​ចម្លង​នោះមក​ឱ្យ​។ នៅ​ម៉ោង ៤:២០ នាទី​រសៀល លោក​ចៅសង្កាត់​ក៏បាន​យក​លិខិត​ចម្លង​នោះ ដែលមាន​បញ្ជាក់​ចុះហត្ថលេខា ដោយ​គាត់​ថា បាន​ម្ល​ង​ត្រឹមត្រូវ​តាមច្បាប់​ដើម មកឱ្យ​រូបលោក​(​ឈិ​ត គឹម​យា​ត​)​។​

លោក ឈិ​ត គឹម​យា​ត បំភ្លឺ​បន្ដទៀតថា ដោយសារ​ស្នាម​មេដៃ​របស់លោក ចាន់ ប៊ុនលី នោះ​ពុំ​ច្បាស់ លោក ឈិ​ត គឹម​យា​ត បាន​សុំ​លោក​ចៅសង្កាត់​ឱ្យ​រូបលោក បានឃើញ​លិខិត​ដើម​ជា​ឃូ​ល័​រ​ផង​។ លោក​ចៅសង្កាត់​ឱ្យ​ស្មៀន​យកមក​ឱ្យ​លោក​មើល ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ ហើយ​លោក​ក៏បាន​សុំ​ការអនុញ្ញាត​ពី​លោក​ចៅសង្កាត់​ថត​តាម​ទូរស័ព្ទដៃ​។ លោក​ចៅសង្កាត់ ក៍​បានអនុញ្ញាត នៅពេលនោះ​មនុស្ស​ជាង ១០ នាក់​នោះ បានមក​រោម​ជុំវិញ​លោក​។ នៅពេល​លោក​ថត​បាន ២ សន្លឹក​រួច មាន​មនុស្ស​ម្នាក់ ដែល​រោម​ព័ទ្ធ​រូបលោក​នោះ ញាក់មុខ​ឱ្យ​សញ្ញា​ទៅ​ចៅសង្កាត់​កុំឱ្យ​ថត​ទៅទៀត ហើយ​ពេលនោះ លោក ឈិ​ត សុផាត​ស្រែក​ឱ្យ​លោក​ថា ឈប់​ឱ្យ​ថត​ហើយ ហើយ​គាត់​ក៏​មក​កញ្ឆក់​យក​លិខិត​ទី​៣ នោះ​ពី​លោក ដែល​កំពុង​រៀបចំ​ថត​។​

​ទង្វើ​របស់លោក​ចៅសង្កាត់​ខាងលើ មើលទៅ​ហាក់ដូចជា​គ្មាន​សីលធម៌ ដែល​បាន​ផ្អាក​នូវ​អ្វី ដែល​បាន​សន្យា​អនុញ្ញាតឱ្យ​លោក ឈិ​ត គឹម​យា​ត ថតចម្លង​លិខិត​ដើម​។ ទាក់ទិន​នឹង​ទង្វើ​នេះ លោក ឈិ​ត គឹម​យា​ត​លើកឡើង​នៅក្នុង​លិខិត​បំភ្លឺថា​៖ “ ខ្ញុំបាទ​យល់ថា អំពើ​របស់គាត់​(​លោក​ចៅសង្កាត់​) នេះ​ជាការ​ប្រមាថមើលងាយ​ដល់​ខ្ញុំបាទ ដែលមាន​វ័យ​ចំណាស់​ជាង​គាត់ មាន​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ​ផងដែរ​”​។​

​លោក ឈិ​ត គឹម​យា​ត បាន​បន្ដថា​៖ “ក្រោយពី​លោក ឈិ​ត សុផាត កញ្ឆក់​យក​លិខិត​ទី​៣ នោះ​ពី​ខ្ញុំ​ទៅ ខ្ញុំ​បាន​ជម្រាប​គាត់​ថា រឿង​អី​បានជា​លោក ឈិ​ត សុផាត​ធ្វើ​យ៉ាង​ដូចនេះ​៖ (១) បាន​ថតចម្លង​លិខិត​ច្បាប់ដើម​មកឱ្យ​ខ្ញុំ​រួចហើយ (២) បានអនុញ្ញាត​ឱ្យ​ខ្ញុំ​ថត​តាម​ទូរស័ព្ទ​ច្បាប់ដើម​រួចហើយ ម្ដេច​បានមក​ប្រ​ព្រឹ​ត្ដ​អំពើ​ផ្ដេសផ្ដាស​ដាក់​ខ្ញុំ​យ៉ាងនេះ​។ ពេលនោះ​លោក ឈិ​ត សុផាត បានឱ្យ​លិខិត​ទី ៣ នោះមក​ខ្ញុំ​ថត​តទៅទៀត​។ ពេលនោះ​មនុស្ស​ជាង ១០ នាក់ ដែល​ចូលក្នុង​សាលាសង្កាត់​នោះ ធ្វើ​ឫកពារ​ព្រហើន​ណាស់ ហើយ​ធ្វើ​ឫកពារ​មើលងាយ មើលថោក ប្រមាថមើលងាយ​មកដល់​ខ្ញុំ​”​។​

“​ខ្ញុំ​យល់ថា រឿងនេះ ជា​រឿង​ដែល​គេ​ប្រុង​ធ្វើបាប​ខ្ញុំ ដោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់គេ ហើយ​ក្រុម​នោះ បាន​បង្កាច់​មួល ដើម្បីឱ្យ​ខ្ញុំ​មាន​ភាពអាម៉ាស់ ដើម្បី​កុំឱ្យ​ខ្ញុំ​ទៅ​ជួយ​លោក ចាន់ ប៊ុនលី ព្រោះ​វា​ខូចប្រយោជន៍​របស់គេ​”​។

​លោក ឈិ​ត គឹម​យា​ត បាន​ឆ្លើយតប ទៅនឹង​ការចោទប្រកាន់ថា​៖ “​នេះ​ជាការ​កុហក បោកប្រាស់ ដោយ​គ្មាន​ការអៀនខ្មាស់​។ ខ្ញុំបាទ​ពុំបាន​គំរាម​ដល់​មន្ដ្រីរដ្ឋបាល​សង្កាត់​ណា​ឡើយ ដោយហេតុថា លោក ឈិ​ត សុផាត បាន​ថតចម្លង​ឯកសារ​តាម​ការស្នើសុំ​របស់ លោក ចាន់ ប៊ុនលី​។ តើ​ខ្ញុំ​ឯណា ហ៊ាន​ទៅ​គំរាម​ដល់​រដ្ឋបាល​សង្កាត់ ដោយ​ខុសច្បាប់ ព្រោះ​រឿងនេះ មិនមែនជា​រឿង​របស់ខ្ញុំ​ទេ តែ​ជា​រឿង ដែល​ខ្ញុំ​ខំ​ជួយ​ដល់​ទាហាន​ពិការ​ចូល​និ​វត្ដ​ន៍ ដើម្បី​រក​យុត្ដិធម៌​ជូន​គាត់​។ ម្យ៉ាងទៀត ម៉ោង​ជិត ៥ ល្ងាច​ហើយ តើ​មាន​ប្រជាពលរដ្ឋ​ឯណា​មក​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​នោះ ហើយ​ពេលដែល​ខ្ញុំ​ទៅដល់​សាលាសង្កាត់​ទី ១ នៅ​ម៉ោង ៤ រសៀល ពេលនោះ​អត់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ នៅ​សាលាសង្កាត់​នោះទេ​”​។​

​លោក​បន្ដថា ពាក្យ​ថា លោក ង៉ែត ចាន់ធូ ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម ប្រជាពលរដ្ឋ​ជាច្រើន ដែលមាន​វត្ដ​មាន នៅក្នុង​សាលាសង្កាត់​លេខ​១ នោះ មិនមែនជា​ការពិត​ឡើយ ដោយ​លោក​បាន​បញ្ជាក់ថា​៖ “(១) លោក ង៉ែត ចាន់ធូ មិនមែនជា​ប្រជាពលរដ្ឋ នៅក្បែរ​សាលាសង្កាត់​ទេ គឺជា​អ្នក​ចូលមកក្នុង​សាលាសង្កាត់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ខ្ញុំបាទ ហើយ​ជ្រៀតជ្រែក​លើ​កិច្ចការ​របស់ខ្ញុំ ហើយ​គាត់​ជា​អ្នក​សម្ដែង​អាកប្បកិរិយា​ប្រមាថមើលងាយ​ដល់​ខ្ញុំបាទ​។ (២) ខ្ញុំ​មិនមាន​អង្គរក្ស​ឯណា​ដើរ​ជាមួយ​ខ្ញុំ​ទេ ហើយ​សព្វថ្ងៃនេះ​សូម្បីតែ​អ្នកបើក​ឡាន​ឱ្យ​ខ្ញុំ ក៏​ខ្ញុំ​មិន​ដែរ​ប្រើ​ដែរ​។ នៅ​ថ្ងៃទី ៤ ខែកក្កដា​នោះ ខ្ញុំ​បាន​ពឹង​មិ​ត្ដ​ភក្ដិ​ឱ្យជួយ​បើកឡាន​ជូន​ខ្ញុំ​ទៅ​សាលាសង្កាត់​ទី​១ ដោយ​ខ្ញុំបាទ​មានការ​នឿយហត់​ពេល​ថ្ងៃនោះ ហើយ​ផ្លូវ​ធ្វើដំណើរ​ឆ្ងាយ​ផង​។ (៣) តើ​ក្រុមមនុស្ស​ជាង ១០ នាក់​នោះ ដែល​ជិះ​ម៉ូតូ ៤ គ្រឿង​ឌុប​គ្នា​មក​សាលាសង្កាត់​ទី​១ ពេលនោះ ហើយ​មក​ជ្រៀតជ្រែក​កិច្ចការ​របស់ខ្ញុំ ជាមួយ​លោក​ចៅសង្កាត់ ក្នុង​សាលាសង្កាត់​ជា​នរណា​? ហេតុអ្វី បានជា​លោក ឈិ​ត សុផាត មិន​ឃាត់​ក្រុម​នោះ កុំឱ្យ​ចូលមកក្នុង​សាលាសង្កាត់ ឬម្ដេច​ក៏​លោក ឈិ​ត សុផាត មិន​ប្រាប់​ពួក​នោះ​ឱ្យ​ចេញពី​សាលាសង្កាត់​? តើ​ក្រុម​នេះ ជា​ក្រុម ដែលមាន​អ្នករៀបចំ​ឱ្យមក​រំខាន​ខ្ញុំ កុំ​ឱ្យធ្វើ​កិច្ចការ​នេះ ព្រោះថា​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​គេ ឬ?”



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684