ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-14-full-Q90

Homeless World Cup ៖ កម្ពុជា បរាជ័យ​៣​ប្រកួត​ជាប់​គ្នា ​ក្នុង​ពានរង្វាន់​លំដាប់​ទី​២

បាល់ទាត់ ៖ តាមរយៈ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា-​អូស្ត្រាលី (Happy Football Cambodia Australia) ភាគី​បាន​បញ្ជូន​កីឡាករ​ទាំង​៦​រូប​របស់ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជន​អនាថា​ពិភព​លោក (Homeless World Cup 2016) ដែល​រៀបចំឡើង​នៅ​ប្រទេស​ស្កុតឡែន ក្នុង​ខែ​កក្កដា​នេះ។ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង កម្ពុជា ស្ថិត​ក្នុង​ពូ​ល G ជាមួយ​ក្រុម​ជាមួយ ម៉ិកស៊ីកូ ឥណ្ឌូ​ណេស៊ី អាហ្សង់ទីន ឥណ្ឌា និង​ប៊ូ​គី​ណា​ហ្វា​សូ (​ដកខ្លួន​)។

សម្រាប់​ប្រកួត​បើកឆាក ​ក្រុម​កម្ពុជា បាន​ប្រកួត​បើកឆាក​ឈ្នះ​ក្រុម​អាហ្សង់ទីន ដោយ​លទ្ធ​ផល​១​ ទល់​០ តែ​ប្រកួត​បន្ទាប់​ចាញ់​ឥណ្ឌា ដោយ​លទ្ធផល​ប្រផុតប្រផើយ ៥​ទល់​៦ ហើយ​បន្ត​ចាញ់​ក្រុម​ម៉ិកស៊ីកូ ៨​ទល់​០ និង​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ១០​ទល់​៣។ សម្រាប់​ពូ​ល​បន្ទាប់ ក្រុម​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ ន័រវែស​, ហ្វាំងឡង់​, អូទ្រីស​, ក្រិក និង​ស្លូវ៉ាគី។ តែ​ជា​លទ្ធផល ​ប្រកួត​បើកឆាក​បាន​ចាញ់​ប្រទេស​ន័រវែស ដោយ​លទ្ធផល​៧​ទល់​៥ ហើយ​បន្ត​ចាញ់​ក្រុម​ហ្វាំ​ង​ឡង់ ដោយ​លទ្ធផល ៦​ទល់​៣ និង​ចាញ់​ក្រុម​អួទ្រីស ៦​ទល់​២​។ ចំណែក​ប្រកួត​បន្ទាប់​កម្ពុជា ត្រូវ​ជួប​ក្រុម ស្លូ​វ៉ា​គី និង ក្រិ​ក នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​កក្កដា។

កីឡាករ​ទាំង​៦​រូប​ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ស្កុតឡែន មាន​កីឡាករ ចាន់ មីនា​, កីឡា​ករ ម៉ែន រ៉ា​ម៉ៅ​, កីឡាករ សង់ កៅ​, កីឡាករ អៀ សារ៉ាក់ និង កីឡាករ ឡុង សុ​ផានិត។ អ្នក​ទាំង​៦​បាន​ជ្រើស​ចេញពី​អង្គការ​ចំនួន​៤​រួមមាន​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា អង្គការ អនាគត​កុមារ​រុងរឿង អង្គការ មូលនិធិ​កុមារ​តាម​ដង​ទន្លេ និង​អង្គការ កសាង​អនាគត​របស់​អ្នក​ថ្ងៃនេះ​។​

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ពានរង្វាន់ Homeless World Cup បាន​សរសេរ​ថា​ ការប្រកួត​នៅ​ឆ្នាំនេះ ​នឹង​មាន​ក្រុម​ចំនួន​៦៤ ចូលរួម​មកពី​៥១​ប្រទេស​ ជុំវិញ​ពិភពលោក ដែល​ចេញ​ជា​៨​ពូ​ល​ផ្សេងគ្នា ដោយ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូតដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទី​ក្រុង​Glasgow ប្រទេស​ស្កុតឡែន ជា​ប្រទេស​មួយ​ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​ នៃ​ទ្វីប​អឺរ៉ុប។

ពានរង្វាន់ Homeless World Cup 2015 នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ​ ដោយ​បច្ចុប្បន្ន​មាន​ក្រុម​ចូលរួម​កើត​ដល់​៦៤ មកពី​៥៣​ប្រទេស ក្នុង​នោះ​មាន​១៦​ក្រុម​ជា​ក្រុម​នារី។ ពានរង្វាន់​នេះ​បង្កើត​ឡើង​ក្រោម​ប្រតិបត្តិការ​រវាង​គណៈកម្មការ Homeless World Cup ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA​ដោយ​កំណត់​ឲ្យ​ប្រកួត​ក្នុង​ទីលាន​ធម្មតា​មួយ​ប្រហាក់​ប្រហែល​នឹង​ទីលាន​បាល់ទាត់​ហ្វូ​ត​សាល ប្រើ​ថិរវេលា​១៤​នាទី (៧​នាទី​ក្នុង​មួយ​តង់​) សម្រាប់​ប្រកួត​ខណៈ​ក្រុម​នីមួយៗ​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​លេង​ម្ខាង​៤​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684