ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-15-16-b-full

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ក្នុង​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​

ភ្នំពេញ ៖ ក្នុង​ឱកាស ​នៃ​ការ​អញ្ជើញ​រួម​ដំណើរ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី នៅ​រសៀល​ថ្ងៃ​ទី១៥ ខែកក្កដា នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អម​ដំណើរ​ដោយ​លោកជំទាវ អា​ន្នី សុខ​អាន រួម​ទាំង​លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស អាស៊ី​-​អឺរ៉ុប ដទៃ​ទៀត​បាន​អញ្ជើញ​ទស្សនា តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ក្នុង​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី​។

វត្តមាន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ លោកជំទាវ​ជា​ភរិយា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​-​អឺរ៉ុប ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រាក់ទាក់​បំផុត​ពី​លោកជំទាវ ប៊ូ​ឡូ​ម៉ា ខា​ជិត​ស៊ូ​រ៉េ​ន (Bolormaa Khajidsuren) ស្ត្រី​ទី​១ ប្រទេស​ម៉ុង​ហ្គោ​លី។

វិមាន​រដ្ឋ​ម៉ុង​ហ្គោ​លី ឬ សេត​វិមាន​អ៊ូ​ឡង់​បា​ទ័​រ បង្កើត​ឡើង​នៅ​ឆ្នាំ១៩៥០ នៅ​ទីតាំង​ផ្នែក​ខាងជើង​នៃ​បរិវេណ ឆឹង​ហ្កិ (Chinggis Square) ជាទី​កន្លែង​ដែល​មាន​ស្ថាប័នរដ្ឋ​ចម្រុះ​ជាច្រើន។ វិមាន​រដ្ឋ​នេះ ក៏​ជាទី​កន្លែងធ្វើការ​ប្រចាំ ថ្ងៃ​របស់​ប្រធានាធិបតី សមាជិកសភា និង នាយករដ្ឋមន្ត្រី ដោយ​ក្នុងនោះ​ក៏​មាន​សាល​ប្រជុំ​សភា​ផង​ដែរ។

នៅ​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០១២ វិមាន​រដ្ឋ​ម៉ុង​ហ្គោ​លី​នេះ​ ត្រូវ​បាន​ដាក់​សម្ពោធ​ ដើម្បី​អនុញ្ញាត​ ឲ្យ​សាធារណ​ជនជាតិ​ និង ​អន្តរជាតិ​ឲ្យ​ចូល​ទស្សនា​នៅ​រៀងរាល់​ថ្ងៃអាទិត្យ។ គោលបំណង ​គឺ ​ដើម្បី​ប្រែក្លាយ​កន្លែង​នេះ​ឲ្យ​ទៅជា​ទីកន្លែង​ទាក់ទាញ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ដែល​ចង់​សិក្សា​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​ថែមទៀត​ពី​ប្រវត្តិសាស្ត្រ និង វប្បធម៌​របស់​ប្រទេស​ម៉ុង​ហ្គោ​លី។

ក្នុង​នោះ ទី​១-​សាល​សម្រាប់​រៀបចំ​ពិធី​ផ្លូវការ​នានា ជា ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​ពី​បណ្តា​ប្រទេស​នានា ដែល​មក​ទស្សនកិច្ច​ផ្លូវរដ្ឋ ​និង ​ផ្លូវការ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ទី២-​សាល​ប្រជុំ​សភា​នៃ​វិមាន​រដ្ឋ ​គឺជា​ស្ថាប័ន​កំពូល​របស់​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​មាន​ភារកិច្ច​ដូចជា​ការតែងតាំង​នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី​ធ្វើ​សេចក្តី​ព្រាងច្បាប់​នានា​អនុម័ត និង ធ្វើ​វិសោធនកម្ម​ច្បាប់​អនុម័ត​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​អនុម័ត គោលនយោបាយ​ជាតិ​អន្តរជាតិ។ ទី​៣-​រូប​សំណាក់​អធិរាជ​ឆឹង​ហ្គិ​ខាន់ (Chinggis Khaan) គឺជា​ក្សត្រ​ដ៏​មាន​កេរ្តិ៍ ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ម៉ុង​ហ្គោ​លី​ក៏ដូចជា​ពិភពលោក​ទាំងមូល​នៅ​ក្នុង​សតវត្សរ៍​ទី​១២។ ទី​៤-​ព្រះវិហារ​ហ្កា​ន់​ដាន់​តេច​ឆិ​ន​លេន​គឺជា​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ធំ​ជាង​គេ និង ជា​ទីសក្ការៈ​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី​ ដែល​មាន​លោកសង្ឃ​ឡា​ម៉ា​ជាង​៤០០​អង្គ​ កំពុង​គង់​ស្នាក់នៅ​នា​ពេល​បច្ចុប្បន្ន។

ព្រះវិហារ​នេះ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ ១៨៣៥ ដោយ​ព្រះ​គ្រូ​សង្ឃរាជ​ឡា​ម៉ា​ ជំនា​ន់ទី​៥ នៃ​ប្រទេស​ម៉ុង​ហ្គោ​លី។ ព្រះវិហារ​នេះ ត្រូវ​បាន​ប្រែ​មក​ក្នុង​អត្ថន័យ​ថា ទីកន្លែង​ដ៏​បវរ​នៃ​សេចក្តី​សុខ។ នៅ​ក្នុង​ព្រះវិហារ​នោះ​រួមមាន វិហារ​សម្រាប់​ពិធី​នានា ចំនួន ៣ សកល​វិទ្យាល័យ​ព្រះពុទ្ធ​ម៉ុង​ហ្គោ​លី​នៅក្នុង​ឆ្នាំ ១៩៧០ ដោយ​ចែកចេញជា​មហាវិទ្យាល័យ​ទស្សនៈ​ព្រះពុទ្ធ ចំនួន​៣ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​តារាសាស្ត្រ​។ ទី​៥-​កម្មវិធី​វប្បធម៌​ណូ​ម៉ា​ដី​ក​-​ហ្វៃ​ស្ទី​វ៉​ល​-​ណា​ដាម ជា​ពិធី​បុណ្យជាតិ របស់​ប្រទេស​ម៉ុង​ ហ្គោ​លី​ ជាពិសេស​ដើម្បី​ភ្ញៀវ​ជាតិ​ និង ​អន្តរជាតិ​បាន​ទទួល​នូវ​បទពិសោធន៍​យ៉ាង​រំភើប​ក្រៃលែង នូវ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ដែល​មាន​រាប់ពាន់​ឆ្នាំ​ មក​ហើយ​របស់​ប្រជាជន​ម៉ុង​ហ្គោ​លី​។

សូម​បញ្ជាក់​ដែរ​ថា ប្រទេស​ម៉ុង​ហ្គោ​លី​មាន​ផ្ទៃដី​ទំហំ ១លាន ៦ សែន​គីឡូ​ម៉ែត្រការ៉េ មាន​ព្រំប្រទល់​ជាប់​នឹង ប្រទេស​រុស្ស៊ី​ ប្រទេស​ចិន​ និង ​មាន​ប្រជាជន​រស់នៅ​ជាង ៣​លាន ៦ម៉ឺន​នាក់។ ប្រជាពលរដ្ឋ​កាន់សាសនា​ព្រះពុទ្ធ ៥៣ ភាគរយ​និង​សាសនា​ដទៃ​ទៀត។ ក្រៅពី​ព្រះពុទ្ធសាសនា​ប្រជាពលរដ្ឋ​កាន់សាសនា Shamanist មាន​ចំនួន​២,៩ ភាគរយ ,​សាសនា​គ្រឹះ​មាន​២,២ ភាគរយ ,​សាសនា​មូស្លី​ម​មាន ៣ ភាគរយ សាសនា​ផ្សេងៗ មាន ០,៤​ភាគរយ​ក្រៅពីនោះ​ប្រជាពលរដ្ឋ​ម៉ុង​ហ្គោលី​ ដែល​មិន​កាន់សាសនា​អ្វី​ទាំងអស់​មាន​ចំនួន ៣៨,៦ ភាគរយ។

ដោយឡែក​ទី​អារាម​វត្ត​ហ្កា​ន់​ដាន់​តេច​ឆិ​ន​លេន​ គឺជា​ព្រះវិហារ​បុរាណ​មួយ​ដែល​បាន​កកើត​ឡើង​ជាច្រើន​ទសវត្សរ៍​រួច​មក​ហើយ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​គង់​ដើម្បី​សិក្សា​រៀន​សូត្រ​ប្រមាណ ៣ពាន់​អង្គ។ នៅ​ក្នុង​ឆន្ទៈ​នយោបាយ របស់​ខ្លួន​អនាគត​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​ គឺ​ មិនមែន​ពឹង​ផ្អែកលើ​ធនធាន​រ៉ែ​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​កសាង​នូវ​ធនធានមនុស្ស​ដោយ​ត្រូវ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ ដល់​កុមារ​ដែល​មាន​សក្តានុពល និង ភាព​ប្រកួតប្រជែង​ឲ្យ​ក្លាយទៅជា​មនុស្ស​ពេញវ័យ​ប្រកបដោយ​សមត្ថភាព​និង​មាន​បេះដូង​យ៉ាង​កក់ក្តៅ។

ប្រទេស​ម៉ុង​ហ្គោ​លី​ បច្ចុប្បន្ន​កំពុងតែ​អភិវឌ្ឍ សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​កាន់ការ​អភិវឌ្ឍ​ និង ​ការ​ពង្រឹង​ការ​តភ្ជាប់​ជាមួយនឹង​បណ្តា​ក្នុង​តំបន់ និង​ក្រៅ តំបន់៕

T-07-15-16-bbb-full T-07-15-16-bb-full T-07-15-16-b-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684