ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-15-16-ii-full

សម្តេច​តេ​ជោ ៖ តាមរយៈ​សេដ្ឋកិច្ច​បើក​ចំហ កម្ពុជា​មាន​ជំនឿ​លើ​ការ​ធ្វើ​សមាហរណកម្ម​ និង​ការ​តភ្ជាប់​អាស៊ី​-​អឺរ៉ុប

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​ជា​ប្រទេស​តូច និង​មាន​សេដ្ឋកិច្ច​បើកចំហ កម្ពុ​ជា​មាន​ជំនឿ​មុតមាំ​លើ​សារៈសំខាន់​ នៃ​ការ​ធ្វើ​សមាហរណកម្ម និង ការ​តភ្ជាប់​អាស៊ី​-​អឺរ៉ុប ព្រមទាំង​សម្លឹង​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​ និង ​ភាពជា​ដៃគូ​របស់​កម្ពុជា​សម្រាប់​អនាគត​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM) លើក​ទី ១១ កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោម​ប្រធានបទ​រយៈពេល ២០ឆ្នាំ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប “​ភាពជា​ដៃគូ​សម្រាប់​អនាគត​ តាមរយៈ​ការ​តភ្ជាប់​” នៅ​ទីក្រុង​អូ​លំ​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី។

ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក ASEM ទាំង ៥១ ប្រទេស​រួម​ទាំង​ប្រធាន​សហគមន៍​អឺរ៉ុប និង អគ្គ​លេខាធិការ​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ ក្រោម​វត្ត​មាន​ នៃ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង កក់​ក្តៅ​បំផុត​ពី​សំណាក់​លោក Tsakhiagiin Elbegdorj ប្រធានាធិបតី​ម៉ុង​ហ្គោ​លី។

ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ី​-​អឺរ៉ុប​ដែរ​នោះ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី២ ស្តី​ពី​ភាពជា​ដៃគូ​សម្រាប់​អនាគត តាមរយៈ​ការ​តភ្ជាប់​រូបវន្ត​ និង ការ​តភ្ជាប់​ផ្នែក​ទន់​ដោយ​បាន​គូស​បញ្ជាក់​ថា​ របៀបវារៈ​នៃ​ការ​តភ្ជាប់​រូបវន្ត និង អរូបវន្ត​គឺជា​ការកែទម្រង់​រចនា​សម្ព័ន្ធ​ដែល​ជា​ជម្រើស​គោលនយោបាយ​ដ៏​សំខាន់​មួយ បន្ថែម​លើ​គោលនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន ហើយ​ដោយ​សារ​មូល​ហេតុនេះ​កិច្ចការ​នេះ គប្បី​ត្រូវ​បាន​ក្លាយ​ជា​អាទិភាព​សំខាន់​សម្រាប់​ភាពជា​ដៃគូ​ដើម្បី​អនាគត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ASEM គួរ​បន្ត​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ការងារ​មួយ​ចំនួន​រួមមាន ទី​១-​ការ​ខិតខំ​បង្កើន​ប្រសិទ្ធភាព នៃ​កិច្ចសន្ទនា​របស់​យើង​ ដើម្បី​ស្វែងរក ​និង ​កំណត់​ថាមភាព​ថ្មី​ទៀត​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ រវាង​ទ្វីប​ទាំងពីរ​សំដៅ​ទាញ​យក​ឱកាស​អភិវឌ្ឍ​នា​ពេល​អនាគត​ ឲ្យ​បាន​ច្រើន​តាមរយៈ​ការ​លើ​កម្ពស់​នូវ​ការ​ភ្ជាប់​រូបវន្ត​ការ​តភ្ជាប់​ស្ថាប័ន និង​ការ​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន។

ទី​២-​ការ​បន្ត​កិច្ចប្រឹងប្រែង​រួម​សំដៅ​លើកស្ទួយ​លំហូរ ​នៃ​ការ​វិនិយោគ និង ពាណិជ្ជកម្ម​សេរី​នៃ​ទំនិញ​និង​សេវា ពិសេស​តាមរយៈ​ការ​លុបបំបាត់​របាំង​នានា ទាំង​របាំង​ពន្ធគយ និង វិធានការ​មិនមែន​ពន្ធ សំដៅ​ធានា​នូវ​របប​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​កាន់តែ​បើកចំហ កាន់​តែ​មាន​តម្លាភាព និង ផ្អែកលើ​គោលការណ៍​និង​វិធានច្បាស់លាស់។

ទី​៣-​ការ​លើ​កម្ពស់​ការ​តភ្ជាប់​ឌីជីថល (Digital) និង​ការ​តភ្ជាប់​ផ្នែក​ទន់​ផ្សេងទៀត ពិសេស​តាមរយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស វិទ្យាសាស្ត្រ​និង​ការផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ស្ថាប័ន។

ទី​៤-​ការ​ពង្រឹង​យន្តការ​ធានា​សុវត្ថិភាព​ចាំបាច់​នានា ដើម្បី​ការពារ​ប្រជាជន​ និង ប្រទេស​ពី​ហានិភ័យ ដែល​អាច​កើត​ចេញ​ពី​ការ​តភ្ជាប់​កាន់តែ​ប្រសើរ​ឡើង ដូចជា​បញ្ហា​សន្តិសុខ​មនុស្សជាតិ ការ​ជួញដូរ​គ្រឿងញៀន អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​អាច​នឹង​កើតមានឡើង​ចំពោះ​មុខ​កំណើន​នៃ​លំហូរ​ប្រជាជន​និង​ទំនិញ។

ទី​៥-​ការ​បន្ត​គាំទ្រ​ និង ​ជំរុញ​ការអនុវត្ត​យន្តការ​តំបន់​និង​អនុ​តំបន់​ផ្សេងៗ ដែល​បម្រើ ឲ្យ​គោលដៅ​សមាហរណកម្ម ​និង ​ការ​តភ្ជាប់​រួមមាន​ដូចជា មូលនិធិ​ផ្លូវ​សូត្រ មូលនិធិ​សហប្រតិបត្តិការ​ផែន​សមុទ្រ​ចិន​-​អាស៊ាន ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង យន្តការ​ពហុភាគី​មាន​ស្រាប់​ផ្សេងទៀត ដើម្បី​រួមចំណែក​ដល់​ការ​លើកកម្ពស់​ការ​តភ្ជាប់ ក្នុង​តំបន់។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ASEM​លើក​ទី១១ លោក Tsakhiagiin Elbegdorj ប្រធានាធិបតី​ម៉ុង​ហ្គោ​លី លោក D Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប , លោក Htin Kyaw ប្រធានាធិបតី​មីយ៉ាន់​ម៉ា និង ជា​អ្នក​សម្របសម្រួល​អាស៊ាន លោក Robert Fico នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី និង ជា​អ្នក​សម្របសម្រួល​សហភាព​អឺរ៉ុប​, លោក Murruy McOuly រដ្ឋមន្ត្រីការបរទេស​ញូ​ហ្សេ​ឡែ​ន​និង​ជា​អ្នក​សម្របសម្រួល​ប្រទេស​អាស៊ី​ខាងត្បូង​អាស៊ី​ឦសាន បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា វេទិកា អាស៊ី​-​អឺរ៉ុប កំពុងតែ​បោះជំហាន​ទៅមុខ​ឆ្ពោះ​ទៅ​រក​ភាពជា​ដៃគូ​ ដែល​មាន​ចរិត​កាន់តែ ទូលំទូលាយ​សំដៅ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ និង ​បញ្ហា​ប្រឈម​ក្នុង​តំបន់។

កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប​(ASEM) លើកដំបូង​ត្រូវ​បាន​រៀបចំឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ឆ្នាំ ១៩៩៦ ដែល​មាន​សមាជិក ២៦ ប្រទេស​ចូលរួម។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺ​ផ្តល់​ឱកាស សម្រាប់​បណ្តា​ប្រទេស​នៅ​អាស៊ី និង អឺរ៉ុប បាន​ជួបពិភាក្សា​ចែករំលែក​បទពិសោធន៍​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​យោគយល់​គ្នា​ដើម្បី​កសាង​ទំនុក​ចិត្ត​ទៅវិញទៅមក​ដោយមាន​ការ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង មន្ត្រី​ជាន់ ខ្ពស់​ផ្សេងៗ​ទៀត។

២០​ឆ្នាំ​ក្រោយមក ASEM មាន​ដៃគូ​កើន​ឡើង​ដល់ ៥៣ សមាជិក​ក្នុង​នោះ ២១ ប្រទេស​មក ពី​អាស៊ី និង ៣០ ប្រទេស​មកពី​អឺរ៉ុប​បូក​ នឹង ​សហភាព​អឺរ៉ុប និង អាស៊ាន។ ASEM តំណាង​ឲ្យ​ប្រមាណ ៦០ ភាគរយ នៃ​ប្រជាជន​ពិភពលោក​និង ៦០ ភាគរយ​នៃ​GDP និង​ពាណិជ្ជកម្ម​ពិភពលោក។

គោលដៅ​សំខាន់​មួយ​ក្នុងចំណោម គោលដៅ​ផ្សេងៗ​របស់ ASEM គឺ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​ ការ​តភ្ជាប់​រវាង​អាស៊ី​ និង ​អឺរ៉ុប​។ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងទៅ ASEM បាន​ឈាន​ដល់​ការ​បង្កើត​វេទិកា​សំខាន់ៗ សម្រាប់​ការសន្ទនា​ និង ​កិច្ច​សហប្រតិបត្តិការ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ទាំង ៥៣ នៅ​អាស៊ី​ និង ​អឺរ៉ុប។

ទោះបីជា​យ៉ាង​នេះ​ក៏ដោយ ក៏​មេដឹកនាំ អាស៊ី​-​អឺរ៉ុប បាន​ចាត់ទុកថា​កិច្ចប្រជុំ​កំពូល ASEM លើក​ទី ១១ នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ចំ​ពេល​មាន​ព្រឹត្តិការណ៍​លេចធ្លោ​ថ្នាក់​តំបន់​មួយ​ចំនួន ដូចជា​ការបោះឆ្នោត​ចាកចេញ​របស់​ចក្រភព​អង់គ្លេស ពី​សហភាព​អឺរ៉ុប​ការ​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម​ទីក្រុង​ឡាអេ ពាក់ព័ន្ធ​នឹង​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង ការ​ឡើង​កម្តៅ​នៅ​ឧបទ្វីប​កូរ៉េ ការ​កើនឡើង​នៃ​អំពើ​ភេរវកម្ម ការ​អូសបន្លាយ​នៃ​សង្គ្រាម ស៊ីវិល នៅ​ស៊ី​រី យេ​ម៉ែន លី​ប៊ី អឺ​រ៉ា​ក់ ម៉ាលី អាហ្កានីស្ថាន និង ការ​ប្រឈមមុខ​ដោយ​យោធា​រវាង​កងទ័ព NATO ជាមួយ និង កងទ័ព​រុស្ស៊ី ពិសេស​ព្រឹត្តិការណ៍ នៃ​អំពើ​ភេរវកម្ម​រថយន្ត​ធុន​ធំ ​បើក​បុក​រះ​សម្លាប់​មនុស្ស នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង។

ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១១​នេះ នឹង​ពិភាក្សា​អំពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ គ្រោះ​ធម្មជាតិ ជំងឺឆ្លង សន្តិសុខ​ស្បៀង​និង​ថាមពល​ផងដែរ​។

បន្ទាប់មក​មេដឹកនាំ​ នៃ​ប្រទេស​អាស៊ី​-​អឺរ៉ុប បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​លើក​ទី​១ ស្តី​ពី​ទសវត្សរ៍​នៃ​ភាពជា​ដៃគូ ការពិនិត្យ​ឡើងវិញ​និង​ការ​សម្លឹង​ទៅមុខ ក្រោម​ប្រធានបទ ការវាយតម្លៃ​លើ​បទពិសោធន៍ ២០ ឆ្នាំ នៃ​កិច្ច​សន្ទនា​នយោបាយ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​ផ្លាស់ប្តូរ​សង្គម វប្បធម៌ កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង វិនិយោគ​ព្រមទាំង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង ​ប្រជាជន​ការអប់រំ​និង​វប្បធម៌ ដោយ​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​បំផុត៕

T-07-15-16-ii-full T-07-15-16-i-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684