ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-15-16-j-full

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវ​នា​ជំនុំជម្រះ​ទៅលើ​សំណុំរឿង​លោក នី ចរិយា ទាក់ទង​បទ​បរិហារកេរ្តិ៍

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​ទៅលើ​ជនជាប់ចោទ​ឈ្មោះ នី ចរិយា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​និង​អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្ថាធិការ ហើយ​សវនាការ​នោះ មាន​លោក ឃី ឆៃ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ជា​តំណាង​អយ្យការ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក លី សុផាន់​ណា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦។

លោក នី ចរិយា ជា​អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក ហើយ​ជា​អគ្គ​លេខាធិការរង គ​.​ជ​.​ប ត្រូវ​បាន​ព្រះរាជអាជ្ញា​សាលាដំបូង​ចោទប្រកាន់​ពី​បទ​សមគំនិត និង​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​ថា មាន​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា ប៉ុន្តែ​មកដល់ពេលនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិនទាន់​សម្រេច​ជ្រើសរើស​អគ្គ​លេខាធិការរង គ​.​ជ​.​ប ថ្មី​ជំនួស​លោក នី ចរិយា នៅឡើយ ដោយហេតុថា តុលាការ​មិនទាន់​ចេញ​សាលក្រម​ស្ថាពរ​នៅឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បានទេ កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា គ​.​ជ​.​ប មិនទាន់​សម្រេច​ជ្រើសរើស​អគ្គ​លេខាធិការ​រង​ថ្មី​ ជំនួស​តំណែង​លោក នី ចរិយា ទេ ដោយ​រង់ចាំ​តុលា​ការ​ចេញ​សាលក្រម​ស្ថាពរ​។

លោក​បញ្ជាក់​ថា ដរាបណា​មិន​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ គឺ គ​.​ជ​.​ប មិន​មាន​គិត ឬក៏​មិន​មាន​វិធី​ណាមួយ​ក្នុង​ការ​ជ្រើសរើស​អគ្គលេខាធិការ​រង​ថ្មី​នោះ​ទេ។

មាត្រា​១៣​ នៃ​ច្បាប់​ស្តី​ពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​ នៃ​គណៈគម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លើក​ឡើង​ថា ប្រធាន អនុប្រធាន សមាជិក និង​មន្ត្រី គ​.​ជ​.​ប ត្រូវ​ទទួល​បាន​ការធានា​ការពារ​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​មិន​លម្អៀង ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ដោយ​មិន​ទទួល​ការគាបសង្កត់ ការ​គំរាមកំហែង ការ​បំភិតបំភ័យ ឬ​ការ​បង្គាប់​បញ្ជា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ​​កោះហៅ​សាកសួរ រួច​សម្រេច​ឃុំខ្លួន​ និង ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់​។ ក្រោយមក​លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​សមគំនិត​និង​សូកប៉ាន់​សាក្សី ហើយ​យោង​តាម​ក្រមព្រហ្មទណ្ឌ​មាត្រា​២៩ និង​៥៤៨ ពី​បទ​សមគំនិត​និង​បទ​សូកប៉ាន់​សាក្សី លោក នី ចរិយា អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ ពី​៥ឆ្នាំ ទៅ​១០ឆ្នាំ។

ក្នុង​ក្រមព្រហ្មទណ្ឌ​ដូចគ្នា​ដែរ មាត្រា​៥៤៧ ចែង​ពី​បទ​ស៊ីសំណូក​របស់​សាក្សី ដើម្បី​ធ្វើ​សក្ខីកម្ម​ក្លែងក្លាយ​ក៏​ត្រូវ​ផ្តន្ទាទោស​ពី​៥ ទៅ​១០ ឆ្នាំ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684