ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-15-16-p-full

ប៉េអិម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​សកម្ម​គ្រឿងញៀន​ម្នាក់ ​ដកហូត​កាំភ្លើងខ្លី​១​ដើម​ និង​ថ្នាំញៀន​ជិត​១​គីឡូក្រាម

ភ្នំពេញ ៖ ​​កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ព្រមទាំង​មានការ សម្របសម្រួល​ចូលរួម​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ​ បាន​សម្រេច​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿងញៀន​ និង ​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​ រួម​ទាំង​ថ្នាំញៀន​ជិត​១​គីឡូក្រាម។

ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ម៉ោង​៩​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤​ ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ​​​ ពី​បទ​ចែកចាយ​គ្រឿងញៀន និង​ចាប់​យក​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​៣​កញ្ចប់ ​មាន​ទម្ងន់​ជិត​១​គីឡូក្រាម។

ជនសង្ស័យ​ ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​ តូច សំអាត ​ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់នៅ​បន្ទប់​ជួល​ ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង។

តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ធ្វើការ​តាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក ​ទើប​ឈាន​ទៅ​ដល់​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​ជនសង្ស័យ​ខាងលើ​ ហើយ​រក​ឃើញ​វត្ថុ​តាង​ជា​ថ្នាំញៀន​កាំភ្លើងខ្លី​ និង ​ឧបករណ៍​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​មុខ​ទៀត ពោល​គឺ​ដូច​អ្វី​ដែល​ប្រភព​ព័ត៌មាន​បាន​ផ្ដល់​ឲ្យ​សមត្ថកិច្ច​នោះ​ពិត​មែន។

ក្រោយ​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មកកាន់​បន្ទប់​ជួល​លេខ​៩ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មួយទៀត​ដែល​ជា​បន្ទប់​របស់​មេខ្លោង​របស់​ជនសង្ស័យ​រូប​នេះ​ ប៉ុន្តែ​ពេល​កម្លាំង​មកដល់​ជនសង្ស័យ​បាន​គេច​ខ្លួន​បាត់ស្រមោល ​ហើយ​កម្លាំង​សមត្ថកិច្ច​បានសម្រេច​គាស់​បន្ទប់​ឆែកឆេរ​ រក​ឃើញអាវុធខ្លី​១​ដើម​ម៉ាក​K54​ បង់​១​គ្រាប់​ចំនួន​៦​គ្រាប់ ម្សៅ​ក្រាម​សរ​ថ្លា​៣​កញ្ចប់ ​មាន​ទម្ងន់​ជិត​១​គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២គ្រឿង ស្លាក​លេខ​ម៉ូតូ​២ ប្រដាប់​កិប​ស្លាក​លេខ​១ ថង់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ ដប​ជក់​គ្រឿងញៀន​២ លិខិតឆ្លងដែន​១ ទូរស័ព្ទ​ដៃ​១​គ្រឿង។

បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សាទុក​ និង ​ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​ឯកសារ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់​បក្ខពួក​បន្ដ​ទៀត​ យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

T-07-15-16-p-full T-07-15-16-pp-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684