ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-C

វង្ស​ ណ​យ​ ឡើង​សងសឹក​Watcharalek​ នៅ​សង្វៀន​ស្ទឹងមានជ័យ​

*ពុទ្ធ ​ឆាយ​រិទ្ធី សាក​ជាមួយ Phakao ​
ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង​ពុទ្ធ​ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើ​ស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ។ វង្ស ណ​យ គេ​នឹង​ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​Watcharalek Or. Kwanmueng។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។

Watcharalek គេ​ខ្លាំង​គួរសម​ដែរ ដោយ​ធ្លាប់​វាយ​ឈ្នះ​ ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ ឈ្នះ​ ពេជ្រ សីហា ដោយ​ពិន្ទុ និង​ចុងក្រោយ​គេ​បាន​យកឈ្នះ​លើ ​វង្ស ណ​យ ដោយ​ពិន្ទុ​ទៀត។

អ្នក​ប្រដាល់​ថៃ​រូប​នេះ កំពុងតែ​មោទនភាព​ជាមួយនឹង​ជ័យជំនះ​របស់​គេ ប៉ុន្តែ​លើក​ទី​៤​នេះ ជួប​ជាមួយ ​វង្ស ណ​យ​ លើក​នេះ ក៏​មិន​ជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​ វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការ​ឡើង​សងសឹក​នេះ។ យ៉ាងណា វង្ស ណ​យ​ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើ​ឲ្យ Watcharalek ពិបាក​សង្ឃឹម​ឈ្នះ​ដែរ។

Watcharalek មាន​កំណត់​ត្រា​ប្រកួត​តែ​ចំនួន​១១១​លើក ឈ្នះ​៩៣​លើក ចាញ់​១៧​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​១៨​លើក​ឯណោះ។ យ៉ាងណា ​បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់ ​វង្ស ណ​យ គឺ​នៅតែ​តិច​ជាង​ដែរ ដោយ​ វង្ស ណ​យ មាន​កំណត់​ត្រា​ប្រកួត​រហូតដល់​១៤៤​លើក ឈ្នះ​១០០​លើក ចាញ់​៤១​លើក និង​ស្មើ​៣​លើក។

ទោះជា​យ៉ាង​នេះ​ក្តី វង្ស ណ​យ មិន​អាច​មើលងាយ Watcharalek បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិនទាន់​ដែល​ស្គាល់​ចាញ់​នៅឡើយ​ទេ ក្នុង​ការ​មក​ប្រកួត​នៅ​កម្ពុជា​៣​លើក​កន្លងមក។

ចាំ​មើល វង្ស ណ​យ អាច​សងសឹក Watcharalek នេះ បានសម្រេច​ដែរ​ ឬ​អត់​។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ យ៉​ត ឆី​ង​ឆៃ ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃ​ទី​១០​កក្កដា​កន្លង​មក​នេះ។

ចំពោះ ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Phakao Saksiprapa ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម។
Phakao Saksiprapa​នេះ តាម​ដែល​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា មិន​ជា​ខ្លាំង​ប៉ុន្មាន​ទេ។ ​ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ផ្ដួល ​វង្ស ណ​យ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃ​ទី​១២​មិថុនា​២០១៦។
យ៉ាងណា គេ​ចាត់​ទុក​អ្នក​ប្រដាល់​ថៃ​រូបនេះ​ថា​ មិនធម្មតា​ដែរ ព្រោះ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​តិចនិក​ប្រកួត​របស់​គេ ក៏​ខ្ពស់​ និង​មាន​កលល្បិច​ច្រើន​ដែរ ដែល​មិន​អាច​ឲ្យ​ ឆាយ​រិទ្ធី​ មើល​ស្រាល​បាន​នោះ​ឡើយ។
ទោះជា​យ៉ាងណា ឆាយ​រិទ្ធី​ គេ​ក៏​មិនជា​អន់​នោះដែរ។ គេ​ឡើង​ប្រកួត​ជាមួយ​ថៃ​កន្លងមក មាន​ឈ្នះ ​មាន​ចាញ់។ ​ឆាយ​រិទ្ធី គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១០​នាក់​ហើយ ដោយ​វាយ​ឈ្នះ​៧​នាក់​ និង​ចាញ់​៣​នាក់។ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​រូប​នេះ មិន​មាន​ការ​ខ្លាច​ញញើត​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ​ទេ។ ការប្រកួត​លើក​នេះ ពុទ្ធ ឆាយ​រិទ្ធី មិន​ប្រាកដ​ថា​ចាញ់ ​Phakao Saksiprapa នោះ​ទេ។ ពុទ្ធ ឆាយ​រិទ្ធី មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ឈ្នះ​៦០​លើក ចាញ់​០៩​លើក និង​ស្មើ​០៣​លើក ។

ចាំ​មើល​រវាង ​ពុទ្ធ ឆាយ​រិ​ទ្ធ និង Phakao Saksiprapa តើន​រណា​ឈ្នះ​?។ ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​វិញ ផាន់ សា​រ៉ែ​ម គុជ​សា​កីឡា នឹង​ជួប​ប្រកួត​សងសឹក​ ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ផាន់ សា​រ៉ែ​ម បាន​វាយ​ចាញ់ ​ចាន់ ឆាយ​ម៉ៅ ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ជួប​ប្រកួត​គ្នា កាលពី​ថ្ងៃ​ទី​០៨​កក្កដា​២០១៦។​ គេ​វាយ​ចាញ់​ ឆាយ​ម៉ៅ ដោយ​ប្រផឹតប្រផើយ​តែប៉ុណ្ណោះ ទើប​គេ​មិន​អស់ចិត្ត​សុំ​ជួប​សងសឹក​វិញ​នេះ។ ប៉ុន្តែ​ពុំ​ដឹង​ថា សា​រ៉ែ​ម​ អាច​ធ្វើ​បានសម្រេច​ឬ​អត់​នោះ​ទេ​?។

ផាន់ សា​រ៉ែ​ម ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ ​ស៊ូ ពី អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ក្នុង​ទឹក​ទី​៣ ខណៈ​ដែល​ការ​ប្រ​កួត​ចុងក្រោយ​របស់​ ចាន់ ឆាយ​ម៉ៅ​វិញ គេ​វាយ​ឈ្នះ​ជើងចាស់ ​ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក​ដោយ​ពិន្ទុ។

សែត ប៊ូ​កើត អ្នក​ប្រដាល់​ក្លិប​ដួង​សែន​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ វុត្ថា ប៊ុន​ធាង អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ។ ​ពួកគេ​ជួប​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម៕

Pisey-2016-07-16-full-C1

Pisey-2016-07-16-full-C3



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684