ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-C51

សេក ចាន់​រាជ អាច​យកឈ្នះ​Thim Chhai ឬ​អត់​?

*ឡុង ជិន សាក​កណ្ដាប់ដៃ​ជាមួយ Yodphit
ប្រដាល់ ៖ អ្នក​ប្រដាល់​ សេក ចាន់​រាជ ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Thim Chhai Loukphitnoy នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ នៅ​លើ​សង្វៀន​CNC។

គូ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ជា​លើក​ទី​៤​ហើយ ដែល​ សេក ចាន់​រាជ បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ។ Thim Chhai នេះ មិន​ជា​ខ្លាំង​នោះ​ទេ បើ​តាម​ប្រវត្តិ​ប្រកួត​របស់​គេ​នោះ ហើយ​បើ​ប្រៀប​ជាមួយ ​សេក ចាន់​រាជ​នោះ គឺ​តិចជាង ដោយ ​ចាន​រាជ ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៣២​លើក ឈ្នះ​២៤​លើក ចាញ់​០៦​លើក និង​ស្មើ​០២​លើក ហើយ​គេ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​០៣​លើក។

សេក ចាន់​រាជ គេ​មាន​ផ្លែ​ល្អ ហើយ​ចិត្ត​ប្រដាល់​ក៏​ធំ​ថែមទៀត។ ចាន់​រាជ ​ធ្លាប់​វាយ​ឈ្នះ​ថៃ​២​នាក់ និង​ចាញ់​១​នាក់។ ការប្រកួត​ចុងក្រោយ ចាន់​រាជ​ វាយ​ចាញ់​ ម៉ន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ពិន្ទុ​ កាលពី​ថ្ងៃ​ទី​០៣​កក្កដា​២០១៦​កន្លងមកនេះ​។​

Thim Chhai គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក​។ ​អ្នក​ប្រដាល់​ថៃ ដែល​មកពី​ក្លិប​ប្រដាល់ Loukphitnoy រូបនេះ គេ​វាយ​ក៏​មាន​ផ្លែ​ល្អ​ដែរ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។

ប៉ុន្តែ​យ៉ាងណា សេក ចាន់​រាជ គេ​មាន​ផ្លែ​ល្អ ពិសេស​ស្នៀត​ទាត់ និង​ជង្គង់​តែម្ដង និយាយ​រួម​សេក ចាន់​រាជ វាយ​ល្អ​ជាង Thim Chhai។ ដូច្នេះ ចាំមើល​រវាង ​សេក ចាន់​រាជ និង Thim Chhai តើន​រណា​ជា​អ្នកឈ្នះ​នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើកដំបូង​នេះ?។​

ឡូង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​Yod Phit មកពី​ក្លិប​ប្រដាល់​Lamnam Moon ប្រទេស​ថៃ។ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

Yod Phit នេះ គេ​ក៏​ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ កន្លងមក​។ ​សម្រាប់​ការ​មក​ប្រកួត​នៅ​កម្ពុជា​លើកដំបូង​ជាមួយ​ ឡុង ជិន​ លើក​នេះ មិនដឹងថា​គេ​ទៅ​រួច​ ឬ​អត់​នោះ​ទេ​?​។

ចំណែក​ ឡុង ជិន ក៏​ជា​លើក​ទី​១​របស់​គេ​ដែរ ដែល​បាន​ប្រកួត​ជាមួយ​ថៃ​នេះ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ លឿន រហ័ស ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ ពិសេស​គេ​ធ្លាប់​ឈ្នះ ​បឺត សង្ឃឹម ហ៊ែ​ល វ៉ា​ម៉ន រដ្ឋា​ ជាដើម។

ដូច្នេះ Yod Phit ដែល​ឡើង​មក​ប្រកួត​ជាមួយ ​ឡុង ជិន នេះ ទំនងជា​មិន​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​ឡើយ។ ចាំ​មើល តើ ​Yod Phit គេ​អាច​យកឈ្នះ​ ឡុង ជិន បាន​ឬ​អត់​?​។

ក្រៅពី​គូ​អន្តរជាតិ​នេះ សម្រាប់​គូ​ខ្មែរ​ និង​ខ្មែរ​វិញ ថន ធារ៉ា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវ​ប្រកួត​ជាមួយ ​អម ខេ​ម អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ក្នុង​លក្ខណៈ​ជា​ការ​ប្រកួត​ប្រដាល់​សកល​អាជីព​ទម្ងន់​៤៥​គីឡូក្រាម។ ​ពីរ​នាក់​នេះ ជា​កីឡាករ​ថ្នាល។

ស៊ុំ សុខ​ឡេង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​ សាន ឡាក់​ហាយ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ជា​លក្ខណៈ​ប្រដាល់សេរី ទម្ងន់​៥១​គីឡូក្រាម ហើយ​ ថា វិ​រះ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ​សិទ្ធ បូ​ណា អ្នក​ប្រដាល់​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​ដែរ។ អេ​លី​ត ណាវី អ្នក​ប្រដាល់​ក្លិប​នាយកដ្ឋាន​អង្គរក្ស នឹង​ជួប​ប្រកួត​ជាមួយ ធន់ ងា​ន​ឌី អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម៕Pisey-2016-07-16-full-C50



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684