ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-D3

រឿង សោ​ភ័​ណ្ឌ​ និង Thay Oulek ស្មើគ្នា​ទៀត ខណៈ ​ចាន់ ​ស៊ី​ណាត​ និង Yorth Sing ក៏​ស្មើ​ដែរ​

ប្រដាល់ ៖ រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ដែល​ឡើង​ប្រកួត​ជម្រះ​បញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thay Oulek លើ​សង្វៀន​K.Cement នៅ SEA-TV នា​យប់​ថ្ងៃ​សុក្រ ទី​១៥ ខែ​កក្កដា ២០១៦​នេះ គឺ​ស្មើគ្នា​ទៀត បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

Thay Oulek នេះ បាន​ចាញ់​ប្រៀប​ រឿង​ សោ​ភ័​ណ្ឌ នៅ​ក្នុង​ការប្រកួត​ទឹក​ទី​៣ ដោយ​ត្រូវ​ សោ​ភ័​ណ្ឌ ​វាយ​កែង​ត្រូវ​ថ្ងាស បណ្តាល​ឲ្យ​បែក​ឈាម ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​រំខាន​ដល់​ការប្រកួត​របស់​គេ​នោះ​ទេ គឺ​គេ​អាច​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​៥។

ក្រោយ​ត្រូវរបួស​បែក​ឈាម​នោះ Thay Oulek បាន​ផ្ទុះ​កំហឹង​ ហើយ​បង្កើន​ការវាយប្រហារ​ទៅ​លើ​ សោ​ភ័​ណ្ឌ ​វិញ គ្មាន​បណ្តាក់​ជើង​ និង​ជង្គង់​នោះ​ទេ ដោយ​គេ​ទាត់​ចូល​កណ្ដៀត​ក្អម និង​អុក​ជង្គង់​ចូល​ពោះ ​សោ​ភ័​ណ្ឌ ​ពេញៗ ដែល​ធ្វើឲ្យ សោ​ភ័​ណ្ឌ ​ចាញ់​ប្រៀប​វិញ​ម្តង។ តែ​យ៉ាងណា រឿង សោ​ភ័​ណ្ឌ គេ​ក៏បាន​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​របស់​គេ ដាល់​ត្រូវ Thay Oulek​ច្រើន​ដៃ​ណាស់​ដែរ ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ​រឹងមាំ​ណាស់ មិន​ស្រុត ​និង​ខ្លាច​កណ្ដាប់ដៃ ​សោ​ភ័​ណ្ឌ​ នោះ​ឡើយ គឺ​រឹតតែ​ដើរចូល​ទាត់ ​និង​បោះ​ជង្គង់​សង​ទៅ ​សោ​ភ័​ណ្ឌ​ វិញ។

ទោះជា​យ៉ាងណា ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ពួកគេ​ទាំងពីរ ទទួល​លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា កាលពី​ជួប​គ្នា​លើក​មុន​ រឿង សោ​ភ័​ណ្ឌ និង Thay Oulek ប្រកួត​ស្មើគ្នា​ដែរ។

ចំពោះ ចាន់ ស៊ី​ណាត ដែល​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yorth Sing ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​វិញ​នោះ ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក គេ​ទាំងពីរ​ក៏​ទទួល​បាន​លទ្ធផល​ស្មើគ្នា​ដែរ។

នេះ​ជា​ការ​ស្មើ​លើក​ទី​៣ របស់ Yorth Sing ដែល​មក​ប្រកួត​នៅ​SEA-TV​នេះ​ចំនួន​១១​លើក​ហើយ​កន្លងមក។ ក្នុង​១១​លើក​នេះ គេ​វាយ​ស្មើ​ជាមួយ​ ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ និង សែន រ៉ា​ឌី ក្លិប​អប្សរា​គុន​ខ្មែរ ហើយ​ពេលនេះ​ស្មើ​ជាមួយ​ ចាន់ ស៊ី​ណាត ​ម្នាក់ទៀត។

ចាន់ ស៊ី​ណាត បាន​ប្រើ​អស់​ស្នៀត​វាយប្រហារ​ទៅលើ Yorth Sing ប៉ុន្តែ​មិន​អាច​វាយ​ចូល​កន្លែង​សំខាន់​របស់​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ឡើយ ព្រោះ​គេ​មាន​ស្នៀត​ការពារ​រឹងមាំ ហើយ​ការ​វាយ​សង​មកវិញ ក៏​ធ្វើឲ្យ ​ចាន់ ស៊ី​ណាត វេទនា​គួរសម​ដែរ។​

និយាយ​រួម ក្នុង​ការ​ប្រកួត​គ្នា​ប្រាំ​ទឹក​នេះ ចាន់ ស៊ី​ណាត មានប្រៀប​ឈ្នះ​លើ Yorth Sing តិចតួច​បំផុត ទើបបាន​ត្រឹម​ស្មើ​នេះឯង។

យុគ យក្ស​ខួច អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ខេត្ត​បាត់ដំបង បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើងចាស់ ប៊ិ​ត​ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

ចំណែក នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ខណៈ​ដែល​ សេក ធី​ណា អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ផ្តួល ពៅ ចន្ថា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្ត​ព្រៃវែង អោយ​សន្លប់​ក្នុង​ទឹក​ទី​១៕Pisey-2016-07-16-full-D

Pisey-2016-07-16-full-D1
Pisey-2016-07-16-full-D5



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684