ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-J10

“ប្រុស​ឡា អ្នកចម្រៀង​Rap ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការលើកតម្កើង​ផលិត​បទ​ចម្រៀង​ដើម​របស់​ខ្មែរ​យើង​តាម​បែប​ចង្វាក់​Hip Hop”

ភ្នំពេញ ៖ ជិះ​ស៊ីក្លូ ជិះ​លម្ហែ​តាម​ទីក្រុង​មើល​អគារ​តូច​ធំ កំលោះ​ក្រមុំ​ទាំង​គូ ជិះ​ស៊ីក្លូ​ឆ្លង​ទៅ​លេង​កោះ​ពេជ្រ​មុន​ថ្ងៃ​រៀប​លិច គេច​ភាព​ស្មុគស្មាញ មួយ​អាទិត្យ​ មាន​មួយថ្ងៃ​ ដើរលេង​កាត់​សាញៗ​…​បទ​ចម្រៀង​មួយ​បទ​នេះ​កំពុងតែ​ល្បី​យ៉ាង​រន្ទឺ​នៅ​ក្នុង​ស្រទាប់​បេះដូង​កូន​ខ្មែរ​គ្រប់រូប ព្រោះ​នៅ​ក្នុង​អត្ថន័យ​ នៃ​បទ​ចម្រៀង “​ជិះ​ស៊ីក្លូ​” និពន្ធ​ឡើង​ក្នុង​គោលបំណង​បំផុស​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ឲ្យ​ងាក​មក​មើល​ និង​ថែរក្សា​ស៊ីក្លូ ដែល​ជា​មរតក​ដ៏​មានតម្លៃ​មួយ​របស់​ប្រទេស​កម្ពុជា​យើង ហើយ​វា​ស្ទើរតែ​បាត់​បង់ ​និង​មិនសូវមាន​ការ​និយម​គាំទ្រ​មធ្យោបាយ​ធ្វើដំណើរ​មួយ​នេះ​ឡើយ​នាពេល​បច្ចុប្បន្ន​។

យុវជន​ម្នាក់​បាន​លះបង់​ទាំង​កម្លាំងកាយ ​និង​ចិត្ត សុខចិត្ត​ចាកចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ដែល​ជា​ទ្រនំ​យ៉ាង​កក់ក្ដៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក មក​រស់នៅ​រាជធានី​ភ្នំពេញ​តែម្នាក់ឯង ក៏​ព្រោះតែ​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​យ៉ាង​ជ្រាលជ្រៅ​កប់​ក្នុង​ក្រអៅបេះដូង ជាពិសេស​ជាមួយ​គោល​គំនិត​ចង់​បង្កើត​បទ​ចម្រៀង​ដើម​របស់​ខ្មែរ (Original Song)។

ម្ចាស់​បទ “​នារី​សក់​ខ្លី​” ដែល​កំពុងតែ​ល្បី​រន្ទឺ​នេះ ​មាន​ស្រុកកំណើត​នៅ​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ ជា​ទឹកដី​កំណើត​របស់​ប្រុស​ឡា ប៉ុន្តែ​គាត់​បាន​ធំធាត់ ​និង​ដឹងក្ដី​លើទឹក​ដី​នា​ខេត្ត​បាត់ដំបង​ឯណោះ​វិញ។ បញ្ហា​គ្រួសារ​បាន​ធ្វើ​ឲ្យ​ប្រុស​ឡា សម្រេចចិត្ត​ចាកចេញ​ពី​ទីកន្លែង​ធ្លាប់​រស់នៅ​តាំងពី​តូច​រហូតដល់​ដឹងក្ដី ទៅ​រស់​នៅ​លើ​ទឹកដី​ដែល​ជា​ប្រទេស​មហាអំណាច​ជាមួយ​អ្នក​ម្ដាយ​នៅ​សហរដ្ឋ​អាមេរិក។ ក្នុង​ដំណើរ​ជីវិត​ដែល​រស់​នៅ​លើ​ទឹកដី​ដ៏​ស៊ីវិល័យ ប្រុស​ឡា ដែល​មាន​ឈ្មោះ​ពិត​ថា ផល ដា​រា បាន​ឲ្យ​ដឹង​ថា “​ដោយ​ចិត្ត​ចេះតែ​នឹក​ស្រមៃ​មកដល់​មាតុភូមិ​កម្ពុជា ដែល​ជា​ទឹកដី​កំណើត ខ្ញុំ​សច្ចា​ក្នុង​ចិត្ត​ថា​ ថ្ងៃ​ណាមួយ ​ខ្ញុំ​នឹង​ត្រឡប់មកវិញ​ក្នុង​ថ្ងៃ​ណាមួយ។ រស់នៅ​លើទឹក​ដី​សហរដ្ឋ​អាមេរិក​ជាង​១០​ឆ្នាំ ខ្ញុំ​បាន​លង់​អារម្មណ៍​ជាមួយនឹង​ចង្វាក់​Hip Hop ហើយ​តែងតែ​គិតក្នុងចិត្ត​ថា បើសិនជា​យក​វា​មក​ច្នៃ​ជា​ចង្វាក់ភ្លេង​នៅក្នុង​ប្រទេស​យើង​ក៏​ល្អ​ម្យ៉ាង​ដែរ​។ អីចឹង​! ចាប់ពីពេលនោះ​មក ខ្ញុំ​ចាប់​ផ្ដើម​រៀន​ធ្វើ​បទ​ចម្រៀង​ដំបូង​ដែល​មាន​ចំណងជើង​ថា នឹក​ស្រុក​ខ្មែរ និង​បទ I’m like ស្រុក​ខ្មែរ និង​បទ​ចម្រៀង​ជាច្រើន​ទៀត។

បទ​ទាំងពីរ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ក្រៅ​ប្រទេស ហើយ​បទ​នេះ​ទៀតសោត ខ្ញុំ​បាន​ច្រៀង​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់ខ្ញុំ​លើទឹក​ដី​អាមេរិក ​និង​ក្ដី​នឹករលឹក​ចំពោះ​ស្រុក​ខ្មែរ។ គោលដៅ​មួយទៀត​ដែល​ខ្ញុំ​លះបង់​អ្វីៗ​ចំពោះ​សិល្បៈ​នោះ​ គឺ​ខ្ញុំ​ចង់​បង្កើត​បទ​ដែល​មិន​ចម្លង​ពី​គេ​ គឺជា​បទ​Original​របស់​ខ្មែរ​យើង​។ ខ្ញុំ​បាន​រង​នូវ​ភាព​អាម៉ាស់​មួយ ​បន្ទាប់ពី​មិត្តភ័ក្ដិ​របស់ខ្ញុំ​នៅ​អាមេរិក​គាត់​ចង់​ស្ដាប់​បទ​ចម្រៀង​សម័យ​របស់​ខ្មែរ​យើង ខ្ញុំ​ក៏បាន​លើក​យក​បទ​ចម្រៀង​របស់ idol ខ្ញុំ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ស្រាប់តែ​គេ​ថា បទ​នេះ​យក​តាម​កូរ៉េ បទ​នេះ​យក​តាម​បទ​របស់​ចិន មួយ​បទ​ណា​ក៏​យក​តាម​បទ​ចម្រៀង​គេ​ដែរ​! ដល់​អីចឹង មាន​អារម្មណ៍​ថា​អៀន​គេ​ណាស់​បង​! ប្រុស​ឡា បាន​បញ្ចប់​ថ្នាក់​ទី​១២ ​នៅ​វិទ្យាល័យ Henry Sibley នឹង​បាន​បន្ត​ការសិក្សា​លើ​ផ្នែក​សិល្បៈ​នៅ Normandale community college​។ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ប្រុស​ឡា បានសម្រេច​ចិត្ត​ចាក​ចេញពី​សហរដ្ឋអាមេរិក​មក​រស់នៅ​រាជធានី​ភ្នំពេញ​តែម្នាក់ឯង​ក្នុង​អារម្មណ៍​ភ័យ​ផង​អរ​ផង ដែល​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ព្រោះ​ប្រុស​ឡា ​ត្រូវ​លះបង់​ការងារ​ទាំងអស់​នៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ដែល​ចង់​បង្កើត​បទ​ចម្រៀង​ដើម​(original song)​។

ប្រុស​ឡា​ បាន​បន្ត​ថា “​មកដល់​ភ្នំពេញ​ភ្លាម ​ខ្ញុំ​គ្មាន​មិត្តភ័ក្ដិ​សូម្បីតែ​ម្នាក់ ណា​បង​! ហេតុដូច្នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ ដើម្បី​ស្គាល់​មិត្តភ័ក្ដិ ដែល​អាច​ធ្វើ​ការងារ​នេះ​ជាមួយគ្នា​បាន។ បទ​ចម្រៀង​ដែល​ខ្ញុំ​រៀប​មកពី​សហរដ្ឋអាមេរិក​ដូចជា​ ការ​ធ្វើ​បទ​ភ្លេង​តាម​បែប​Hip Hop វា​ដើរ​ទាន់សម័យ​ពេក​ដោយឡែក​នៅ​ស្រុក​ខ្មែរ​ ចង្វាក់​នេះ​ហាក់​មិនទាន់មាន​ការពេញនិយម​ខ្លាំង​នោះ​ទេ ហេតុដូច្នេះ​បើ​ខ្ញុំ​ព្រលែង​បទ​ទាំង​នោះ​ចេញទៅ ទីផ្សារ​ក្នុងស្រុក​ខ្មែរ​ពិតជា​ទទួលយក​មិន​បានទេ ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​បរាជ័យ ហេតុដូចនេះ នៅពេល​មកដល់​ស្រុក​ខ្មែរ ខ្ញុំ​ត្រូវ​រៀបចំ​បទ​ចម្រៀង​សាជាថ្មី​ឡើងវិញ​។ ខ្ញុំ​សង្កេតឃើញថា​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គេ​និយម​បទ​បែប​Remix សម័យ​លាយ​ជាមួយ​បទ​ចម្រៀង​ក្នុង​ទសវត្សរ៍​ទី​៦០​ជាដើម។ ក្នុងនាម​ជា​អ្នក​ចម្រៀង​Rap ប្រុស​ឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​យើង​ចេះ​Rap ហើយ​អត់​ចេះ​បង្កើតជា​សាច់ភ្លេង​ក៏​មិនកើត​ដែរ ហេតុដូច្នេះ ឡា បាន​រៀន​ធ្វើ​បទ​ភ្លេង​ដោយ​ខ្លួនឯង ដើម្បី​បទ​ចម្រៀង​ដែល​បាន​ធ្វើ​ចេញទៅ​មាន​ស្នាដៃ​ល្អ ម្យ៉ាងវិញទៀត ប្រុស​ឡា បាន​គិត​ថា​សម័យនេះ​អ្នកចម្រៀង​បើ​ចេះ​និពន្ធ​ទំនុកច្រៀង​ដោយ​ខ្លួនឯង​ទៀត​វា​រឹតតែ​ប្រសើរ​ឡើង។ ជាក់ស្ដែង​បទ “​ជិះ​ស៊ីក្លូ​” ដែល​ច្រៀង​ដោយ​ប្រុស​ឡា រួម​ជា​មួយ​អ្នកចម្រៀង​Rab ដ៏​មាន​ទេព កោសល្យ​២​រូប​ទៀត ​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង ព្រោះ​តែ​អត្ថន័យ និង​ចង្វាក់ភ្លេង​ថ្មី​តាមបែប​Hip Hop គួរ​ឲ្យ​ចាប់អារម្មណ៍​ ព្រមជាមួយ​នឹង​ការ​ច្រៀង​Rap​យ៉ាង​ពីរោះ​រណ្ដំ ដែល​អាច​សណ្ដំ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​ភ្លេច​អស់​ក្ដី​នឿយណាយ​។ ក្នុង​ការ​ផលិត​បទ “​ជិះ​ស៊ីក្លូ​” ត្រូវ​ចំណាយ​រយៈពេល​១​ខែ ដើម្បី​ផលិត​ចេញ​មក​បាន ព្រោះ​ការផលិត​បទ​ចម្រៀង​ដើម​មិន​ចម្លង​ពី​គេ​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​ និង​ការគិតគូរ​យ៉ាងច្បាស់​លាស់​ក្នុង​ការ​និពន្ធ​ទាំង​សាច់ភ្លេង​ និង​ទំនុកច្រៀង រួមផ្សំ​ជាមួយនឹង​ការ​ថត​MV​ផង​ដែរ​។

ដោយឡែក​ ទាក់ទង​នឹង​ការផលិត​បទ​ចម្រៀង ប្រុស​ឡា ជា​អ្នក​ចេញ​ថវិកា​ដោយ​ខ្លួនឯង​ផ្ទាល់ ព្រោះ​មិនទាន់​រក​បាន​អ្នក​ឧបត្ថម្ភ​នៅ​ក្នុង​ការផលិត​បទ​ចម្រៀង​នៅឡើយ​ទេ “​ការរស់នៅ​ដោយ​គ្មាន​បងប្អូន​សាច់ញាតិ​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចំណាយ​ថវិកា​ច្រើន កាលពី​ពីរ​ទៅ​បី​ខែ​មុន ខ្ញុំ​ពិបាកចិត្ត​មែនទែន​បង​! ក៏​ព្រោះតែ​ថវិកា​មួយ​ចំនួន​របស់ខ្ញុំ ខ្ញុំ​បាន​ចាយវាយ​ស្ទើរតែ​ជិត​អស់​ទៅ​ហើយ​ ជាមួយ​ការផលិត​បទ​ចម្រៀង ប៉ុន្តែ​សំណាងល្អ​ ខ្ញុំ​ទទួល​បានការ​ក្រៅ​ម៉ោង​ជា​អ្នក​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​អាច​បន្ត​ឲ្យ​ខ្ញុំ​មាន​ថវិកា ជួល​ផ្ទះ​បន្ត​ការ​ស្នាក់នៅ​ និង​ការ​ចាយវាយ​” ប្រុស​ឡា​និយាយ។
បើ​ទោះ​បី​ជា​កេរ្តិ៍ឈ្មោះ​របស់ ប្រុស​ឡា ចាប់ផ្ដើម​មាន​គេ​ស្គាល់​ក៏ពិតមែន ប៉ុន្តែ​ទីផ្សារការងារ​ហាក់​មិនទាន់​អំណោយផល​ដល់​រូបគាត់​ឡើយ។ ទោះបីជា​យ៉ាងនេះ​ក្ដី​ ក៏​ប្រុស​ឡា ហាក់​មិនទាន់​អស់សង្ឃឹម​ក្នុង​ការ​តាំងចិត្ត​ក្លាយ​ជា​អ្នកចម្រៀង​Rap តាម​បែប​ចង្វាក់​Hip Hop នេះ​នៅឡើយ​ទេ ព្រោះ​ទើបតែ​រយៈពេល​ជិត​១០​ខែ​ប៉ុណ្ណោះ ដែល​គាត់​បាន​បោះជំហាន​មកកាន់​ប្រទេស​កំណើត​មួយ​នេះ​ដើម្បី​កសាង​ស្នាដៃ​ក្នុងការ​ផលិត​បទ​ចម្រៀង​ថ្មី មិន​ចម្លង​ស្នាដៃ​ពី​អ្នកណាម្នាក់​ឡើយ។

ប្រុស​ឡា បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា “​ពេល​រស់នៅ​សហរដ្ឋអាមេរិក ខ្ញុំ​មានការ​ងារ​ល្អ​ធ្វើ​អាច​ចិញ្ចឹមជីវិត​បាន​យ៉ាង​ស្រួល ប៉ុន្តែ​ខ្ញុំ​តែងតែ​សួរ​ខ្លួនឯង​ថា​ តើ​ជីវិត​ខ្ញុំ​មានតែ​ប៉ុណ្ណឹង​ឬ​! ប្រសិនបើ​ចាស់​ទៅ ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ដែលជា​ក្ដី​ស្រមៃ​របស់ខ្ញុំ ខ្ញុំ​ប្រាកដជា​មានការ​សោកស្ដាយ​អស់​មួយ​ជីវិត​ជា​មិន​ខាន ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ​ហើយ​វា​មិន​ទទួល​លទ្ធផល​ល្អ ​ឬ​មិន​មាន​អ្នកគាំទ្រ​ខ្ញុំ​ក៏​អស់ចិត្ត​ហើយ​”។ តាំងពី​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ​ក្រោយពេល​ទំនេរ​ពី​ការសិក្សា​ប្រុស​ឡា តែងតែ​ចំណាយ​ពេល​វេលា​ជាមួយនឹង​សិល្បៈ​ច្រើន​ណាស់ បើ​និយាយ​ទៅ​វា​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ហេតុ​ដូច្នេះ​ប្រុស​ឡា មិន​អាច​បោះបង់​ក្ដី​ស្រមៃ​ដែល​ចង់​ក្លាយទៅជា​អ្នកចម្រៀង​Rap ដែល​ផលិត​បទ​ចម្រៀង​ដើម​របស់​ខ្មែរ​បានទេ គាត់​នឹង​តស៊ូ​ពុះពារ​នូវ​ការ​លំបាក​ទាំងឡាយ បើ​ទោះ​គាត់​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ក៏ដោយ​។ ទន្ទឹម​នឹង​នោះ​ដែរ​ ការ​តស៊ូ​ព្យាយាម​របស់​ប្រុស​ឡា ពិតជា​ទទួល​បាន​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រុស​ឡា​ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ក្រាស់ក្រៃ​ពី​សំណាក់​ទស្សនិកជន​៕
Pisey-2016-07-16-full-J

Pisey-2016-07-16-full-J1

Pisey-2016-07-16-full-J6

Pisey-2016-07-16-full-J7

Pisey-2016-07-16-full-J8

Pisey-2016-07-16-full-J9
Pisey-2016-07-16-full-J15



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684