ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-M50

Homeless World Cup ៖ ក្រុម​កម្ពុជា ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Man’s Globe ក្រោយ​ឈ្នះ​អាមេរិក​៤​ទល់​៣

បាល់ទាត់ ៖ តាមរយៈ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី (Happy Football Cambodia Australia) ភាគី​បាន​បញ្ជូន​កីឡាករ​ទាំង​៦​រូប​របស់​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ជន​អនាថា​ពិភពលោក (Homeless World Cup 2016) ដែល​រៀបចំឡើង​នៅ​ប្រទេស​ស្កុតឡែន ខណៈ​ពេលនេះ​ក្រុម​កម្ពុជា ដណ្ដើម​បាន​កៅអី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

ក្រុម​កម្ពុជា​បាន​ប្រកួត​ឈ្នះ​ក្រុម​របស់​សហរដ្ឋអាមេរិក ដោយ​លទ្ធផល ៤​ទល់​៣ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មុន​យកឈ្នះ​លើ​ក្រុម​ហុល្លង់ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ នៃ​ពានរង្វាន់ Man’s Globle​។ សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​កម្ពុជា ត្រូវ​ជួប​ក្រុម​ស៊ុយអែត ដើម្បី​ប្រជែង​យក​ជើងឯក។

ចំពោះ​លទ្ធផល​នាពេល​ចាប់ផ្ដើម​របស់​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ដំបូង គឺ​ស្ថិតក្នុង​ពូ​ល G ជាមួយ​ក្រុម​ជាមួយ​ម៉ិកស៊ីកូ​ ឥណ្ឌូណេស៊ី អាហ្សង់ទីន ឥណ្ឌា និង​ប៊ូ​គី​ណា​ហ្វា​សូ (​ដកខ្លួន​)​។ សម្រាប់​ប្រកួត​បើក​ឆាក​ក្រុម​កម្ពុជា បាន​ប្រកួត​បើកឆាក​ឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន ដោយ​លទ្ធផល ១​ទល់​០ តែ​ប្រកួត​បន្ទាប់​ចាញ់​ឥណ្ឌា ដោយ​លទ្ធផល​ប្រផុតប្រផើយ ៥​ទល់​៦ ហើយ​បន្ត​ចាញ់​ក្រុម​ម៉ិកស៊ីកូ ៨​ទល់​០ និង ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ១០​ទល់​៣​។

ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពូ​ល កម្ពុជា ត្រូវ​ឆ្លង​ទៅ​ប្រកួត​ក្នុង​ពូ​ល​មួយទៀត ជាមួយ ន័រវែស​, ហ្វាំ​ង​ឡង់​, អូទ្រីស​, ក្រិ​ក និង​ស្លូ​វ៉ា​គី។ តែ​ជា​លទ្ធផល​ ប្រកួត​បើកឆាក​បាន​ចាញ់ ប្រទេស​ន័រវែស ដោយ​លទ្ធផល ៧​ទល់​៥ ហើយ​បន្ត​ចាញ់​ក្រុម​ហ្វាំ​ង​ឡង់ ដោយ​លទ្ធផល ៦​ទល់​៣ និង​ចាញ់​ក្រុម​អួ​ទ្រី​ស ៦​ទល់​២​។ ប៉ុន្តែ​២​ប្រកួត​ចុងក្រោយ កម្ពុជា បាន​យកឈ្នះ​ក្រុម​ស្លូ​វ៉ា​គី ៨​ទល់​៣ និង បន្ត​ឈ្នះ​ក្រិ​ក ៦​ទល់​៤​។ ដោយ​បន្ត​ឈរ​លេខ​៤​ក្នុង​ពូ​ល​កម្ពុជា ត្រូវមាន​ឈ្មោះ​ដណ្ដើម​ពានរង្វាន់ Man’s Globe ជាមួយ​ក្រុម​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, ស្វី​ស​, ហុ​ល្លង់​, អួ​ទ្រី​ស​, កូ​ឌី​វ័រ និង ស៊ុត​អ៊ែត ដោយ​ចាប់​គូប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​តែម្ដង។

កីឡាករ​ទាំង​៦​រូប​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ស្កុតឡែន មាន​កីឡាករ ចាន់ មីនា​, កីឡាករ ម៉ែន រ៉ា​ម៉ៅ​, កីឡាករ សង់ កៅ​, កីឡាករ អៀ សារ៉ាក់ និង កីឡាករ ឡុង សុ​ផានិត​។ អ្នក​ទាំង​៦​បាន​ជ្រើស​ចេញពី អង្គការ​ចំនួន​៤​រួមមាន ​អង្គការ មូលនិធិ​កុមារ​កម្ពុជា អង្គការ អនាគត​កុមារ​រុង​រឿង អង្គការ មូលនិធិ​កុមារ​តាម​ដង​ទន្លេ និង​អង្គការ កសាង​អនាគត​របស់​អ្នក​ថ្ងៃនេះ។​

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ពានរង្វាន់ Homeless World Cup បាន​សរសេរ​ថា​ ការប្រកួត​នៅ​ឆ្នាំនេះ​ នឹង​មាន​ក្រុម​ចំនួន​៦៤​ចូលរួម​ មកពី​៥១​ប្រទេស​ជុំវិញ​ពិភពលោក ដែល​ចេញ​ចេញ​ជា​៨​ពូ​ល​ផ្សេងគ្នា ដោយ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូតដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​Glasgow ប្រទេស​ស្កុតឡែន ជា​ប្រទេស​មួយ​ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​ នៃ​ទ្វីប​អឺរ៉ុប។​

ពានរង្វាន់ Homeless World Cup 2015 នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ ​ដោយ​បច្ចុប្បន្ន​មាន​ក្រុម​ចូលរួម​កើត​ដល់ ៦៤ មកពី ៥៣ ប្រទេស ក្នុង​នោះ​មាន​១៦​ក្រុម​ជា​ក្រុម​នារី។ ពានរង្វាន់​នេះ​បង្កើត​ឡើង​ក្រោម​ប្រតិបត្តិការ​រវាង​គណៈកម្មការ Homeless World Cup ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA​ដោយ​កំណត់​ឲ្យ​ប្រកួត​ក្នុង​ទីលាន​ធម្មតា​មួយ​ប្រហាក់​ប្រហែល​នឹង​ទីលាន​បាល់ទាត់​ហ្វូ​ត​សាល ប្រើ​ថិរវេលា ១៤ នាទី (៧នាទី​ក្នុង​១​តង់​) សម្រាប់​ប្រកួត​ខណៈ​ក្រុម​នីមួយៗ​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​លេខ​ម្ខាង​៤​នាក់៕
Pisey-2016-07-16-full-M51

Pisey-2016-07-16-full-M55

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684