ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2016-07-16-full-N4

សិស្ស​ពូកែ​កម្ពុជា​ម្នាក់​ ទទួល​បាន​ពានរង្វាន់​កិត្តិយស​១​គ្រឿង ​ពី​ការ​ប្រឡង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​ នៅ​ហុងកុង​

ភ្នំពេញ ​៖​ សិស្ស​ពូកែ​កម្ពុជា​ម្នាក់​ រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​រាជធានី​ភ្នំពេញ​ បាន​ទទួល​ពានរង្វាន់​កិត្តិយស​១​គ្រឿង​ នៅក្នុង​កម្មវិធី​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ ​អន្តរជាតិ ​លើក​ទី​៥៧ ​នៅ​ទីក្រុង​ហុង​កុង​ ប្រទេស​ចិន។

ការ​ប្រឡង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​ អន្តរជាតិ​ លើក​ទី​៥៧​ នៅ​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៥​ រហូតដល់​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​៦០២​នាក់​ មកពី​១០៩​ប្រទេស​ ជុំវិញ​ពិភពលោក។

លោក ​អ៊ឹង ​ង៉ូ​វ​ហុក ​ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​ នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ទៅ​ទទួល​សិស្ស ​និង​គ្រូ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​កក្កដា​។​

លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រឡង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​ អន្តរជាតិ ​លើក​ទី​៥៧ ​នៅ​ទីក្រុង​ហុងកុង ​ប្រទេស​ចិន​នេះ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​បញ្ជូន​គ្រូ​ដឹកនាំ​ចំនួន​២​នាក់​ និង​សិស្ស​ចំនួន​៦​នាក់​ចូលរួម​ប្រកួត ​ក្នុង​នោះ​មាន​បេក្ខជន​ម្នាក់​ឈ្មោះ​ ង៉ូ​វ ​ហេង​ ភេទ​ប្រុស ​មកពី​វិទ្យាល័យ​បាក់​ទូក ​ទទួល​បាន​ពានរង្វាន់​កិត្តិយស​១​គ្រឿង ​ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រកួត​ទាំង​អស់ ​សរុប​ចំនួន​៦០២​នាក់​ មកពី​១០៩​ប្រទេស​ ជុំវិញ​ពិភពលោក​។​ នេះ​គឺជា​ការ​ប្រឡង​ផ្នែក​គណិត​វិទ្យា​កម្រិត​វិទ្យាល័យ​លំដាប់​ពិភពលោក។​

លោក​បាន​បន្ត​ថា ​«​ការ​ទទួល​បាន​ពានរង្វាន់​កិត្តិយស​នេះ ​វា​ជា​កិត្តិយស​មួយ​ដែល​សិស្ស​យើង​បាន​នាំមក​ជួន​ជាតិ​មាតុភូមិ​យើង​ ព្រោះថា​វា​ជា​ការ​កួត​ប្រជែង​លក្ខណៈ​ពិភពលោក ​ហើយ​កាល​ដែល​យើង​ទទួល​បាន​ពាន​រង្វាន​កិត្តិយស​នេះ ​គឺជា​ជោគជ័យ​ និង​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​លើ​ឆាក​អន្តរជាតិ ​ហើយ​សូម​អរគុណ​ដល់​លោកគ្រូ ​អ្នកគ្រូ​ សាស្ត្រាចារ្យ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​បាន​ខិតខំ​បណ្ដុះបណ្ដាល​ផ្ទាល់​ដល់​សិស្ស​»។

ចំណែក​លោកគ្រូ​ ដែល​ដឹកនាំ​សិស្ស​ទៅ​ចូលរួម​ប្រឡង​លើក​នេះ​បាន​លើក​ឡើង​ដែរ​ថា​ ការ​ប្រឡង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​ អន្តរជាតិ ​លើក​ទី​៥៧​ នៅ​ទីក្រុង​ហុងកុង ​ប្រទេស​ចិន​នេះ ​វា​ជា​វិញ្ញាសា​មួយ​លំបាក​បំផុត​សម្រាប់​សិស្ស​របស់​យើង​ ហើយ​ការ​ទទួល​បាន​បាន​កិត្តិយស​នេះ​វា​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំង​បំផុត ​ហើយ​សម្រាប់​សិស្ស​យើង​ ព្រោះ​វា​ជា​ការ​ប្រឡង​គណិតវិទ្យា​កម្រិត​វិទ្យាល័យ​ កម្រិត​ពិភពលោក​។​

លោកគ្រូ​បាន​បន្ត​ថា​ «​សមត្ថភាព​សិស្ស​ប្រកួត​ជាមួយ​គេ​កម្ម​វិធិ​សិក្សា​យើង​មិន​ចាញ់​គេ​ប៉ុន្មាន​ទេ ​តែ​យើង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការ​បំប៉ន​ដល់​សិស្ស​យើង​មុន​ពេល​ចេញទៅ​ប្រកួត​។​ ដោយសារតែ​ការ​បង្វឹក​សល់​សិស្ស​មាន​រយៈពេល​តែ​៦​ ទៅ​៧​ខែ​ជា​ពេល​មួយ​ខ្លី​ បើ​ធៀប​នឹង​ស្រុក​គេ​ បង្វឹក​១​ឆ្នាំ​ ឬ​ជាង​១​ឆ្នាំ​។​ ដូចនេះ​ សូម​សំណូមពរ​ដល់​ក្រសួង ​ជួយ​ទំនុកបម្រុង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បំប៉ន​សិស្ស​ឲ្យ​បាន​យូរ​ជាង​នេះ​ ដើម្បី​ឲ្យ​សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ដណ្ដើម​យក​មេដាយ​មាស ប្រាក់​ ឬ​សំរឹទ្ធ​ជូន​ជាតិ​មាតុភូមិ​»។​

លោកគ្រូ​បន្ថែម​ថា ​ប្រទេស​ដែល​ទទួល​បាន​មេដាយ​ច្រើន​រួមមាន ​សហរដ្ឋអាមេរិក ចិន និង​កូរ៉េខាងត្បូង។​

យុវ​សិស្ស​ ង៉ូ​វ​ ហេង​ មកពី​វិទ្យាល័យ​បាក់​ទូក​បាន​និយាយ​ថា​ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ប្អូន​បាន​ចេញទៅ​ប្រឡង​លំដាប់​អន្តរជាតិ​បែបនេះ​។ ​ប្អូន​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​បទពិសោធន៍​ក្នុង​ការ​ប្រឡង​លើក​នេះ​ ពីព្រោះថា​ប្អូន​ធ្លាប់តែ​ប្រឡង​នៅ​ក្នុង​ស្រុក​ លុះដល់​ពេល​ទៅ​ចូលរួម​នៅ​ក្រៅ​ស្រុក​ មានការ​ខុសគ្នា​ ហើយ​មានជួប​ការ​លំបាក ​ពិសេស​លើ​មេរៀន​ ព្រោះថា​មេរៀន​ខ្លះ​យើង​មិន​ដែល​បាន​រៀន​ ហើយ​ម្យ៉ាងទៀត​ការ​បំប៉ន​មុន​ចេញទៅ​ប្រឡង​ក៏មាន​រយៈពេល​ខ្លី​ទៀត​។​ អីចឹង​គ្រូ​ ឬ​សិស្ស​ខ្លួនឯង​ អាច​មាន​ចំណុច​ខ្វះខាត​ច្រើន។

យុវ​សិស្ស​រូប​នេះ​បាន​សំណូម​ដល់​ក្រសួង​ថា ​«​ខ្ញុំ​គិត​ថា​យក​ល្អ​គួរតែ​តៀម​សិស្ស​ដែល​ត្រូវ​ប្រឡង​អន្តរជាតិ​តាំងពី​ថ្នាក់​១០​ឡើង​ទៅ​ ព្រោះ​ថាបើ​បំប៉ន​នៅតែ​ថ្នាក់​ទី​១២ ​អាច​មាន​រយៈពេល​ខ្លី​ក្នុង​ការ​ទៅ​ប្រកួតប្រជែង​ជាមួយ​គេ​។ ​ដូចនេះ​គួរតែ​បន្ថែម​ការ​បំប៉ន​ឲ្យ​បាន​ច្រើន​ថែមទៀត​»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​ អ៊ឹង ​ង៉ូ​វ​ហុក​ បាន​ទទួល​ស្គាល់​ថា​ ចំណុច​ខ្វះខាត​សម្រាប់​ប្រឡង​លក្ខណៈ​អន្តរជាតិ​មិនមែន​លើ​គណិតវិទ្យា​ ឬ​វិទ្យាសាស្ត្រ​ទេ​ ភាគច្រើន​យើង​ខ្វះខាត​ផ្នែក​ពិសោធន៍​។ ​មានន័យថា ​យើង​សិក្សា​តែ​នៅពេលដែល​រៀន​បំប៉នបន្ថែម​មុន​ចេញទៅ​ប្រលង​នេះ​ទេ​តែ​នៅតាម​សាលា​សិស្ស​យើង​ជួប​បញ្ហា​សម្ភារៈ​ពិសោធន៍​ជាច្រើន​។ ​ដូច្នេះ​ នេះ​ជា​ចំណុចខ្សោយ​ ទោះ​បីជា​គណិតវិទ្យា ​ឬ​វិទ្យាសាស្ត្រ ​ក៏​ត្រូវ​ការពិសោធន៍​ដូចគ្នា​។​

ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រឡង​លំដាប់​អន្តរជាតិ​ទទួល​បាន​លទ្ធផល​ប្រសើរ​បន្ថែម​ទៀត​ លោក​បាន​បញ្ជាក់​ថា ​«​យើង​នឹង​ជំរុញ​អ្វី​ដែល​ជា​ចំណុចខ្សោយ​នេះឯង​ ដោយ​យើង​នឹង​បំប៉ន​បន្ថែម​លើ​ការ​ពិសោធន៍​ ដោយ​យក​អ្វី​ដែល​ជា​គំនិត​ថ្មីៗ​ ជា​បទពិសោធន៍​អ្នក​ធ្លាប់​ទៅ​ចូលរួម​ប្រឡង​ និង​វិញ្ញាសា​ដែល​ចេញ​ប្រឡង​ឲ្យ​អ្នកជំនាន់ក្រោយ​ដឹង​ពី​លំនាំ​ និង​របៀប​វិញ្ញាសា​លំដាប់​ពិភពលោក​ ហើយ​ធ្វើ​ការ​ណែនាំ​តម្រង់​ទិស​គ្នា​ដើម្បី​ត្រៀមលក្ខណៈ​ស្អី​ខ្លះ ​ទាំង​កម្លាំង​ចិត្ត​ និង​ពុទ្ធិ មុន​ទៅ​ចូលរួម​ប្រឡង​» ។​

ដោយ​យើង​បាន​ពង្រឹង​ជា​បន្តបន្ទាប់​ ពិសេស​បាន​ជួយ​ពី​ដៃគូ​រួមមាន​ ចាយ​កា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB​ និង​ធនាគារ​ពិភពលោក​WB​ ដែល​ផ្ដោត​ខ្លាំង​លើ​មុខវិជ្ជា​STEM​ ផ្តោត​លើ​មុខវិជ្ជា​វិទ្យា​សាស្ត្រ គណិតវិទ្យា វិស្វកម្ម​ និង​ព័ត៌មាន​វិទ្យា​។​ នេះ​ជា​មុខវិជ្ជា​ស្តេ​ម​ ដែល​ក្រសួង​ជំរុញ​ខ្លាំង​នៅ​តាម​វិទ្យាល័យ៕

Pisey-2016-07-16-full-N

Pisey-2016-07-16-full-N1

Pisey-2016-07-16-full-N3



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684