ព័ត៍មានទាន់​ហេតុការណ៏
Search
M16-07-16-b3

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អបអរ​ស្វាគមន៍​ជើង​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា

ភ្នំពេញ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​មកកាន់​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​យល់ឃើញ​ដូចគ្នា​ថា​ តាមរយៈ​នៃ​ការហោះហើរ​ត្រង់នោះ ​នឹង​ជំរុញ​កំណើន ភ្ញៀវ​ទេសចរ​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើង​ថែមទៀត​ដែល​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ។

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្លៀតពេល​សម្រាក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ី -​អឺរ៉ុប លើក​ទី​១១ នៅ​ទីក្រុង អ៊ូ​ឡំ​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ហ្សិ​ន​ហ្សូ​អា​បេ​នាយករដ្ឋមន្ត្រី​ជប៉ុន។

ប្រភព​ព័ត៌មាន ​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នក​យក​ព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ទ្វេ​ភាគី​នោះ​លោក ហ្សិ​ន​ហ្សូ​អា​បេ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​មានប្រសាសន៍ថា លោក​ធ្លាប់បាន​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំនួន​៧​ដង​រួចមកហើយ​ ពិសេស​ការជួបគ្នា​កាលពីពេល​ថ្មីៗ​នេះ​ក្នុងប្រទេស​ម៉ាឡេស៊ី។ លោក​អា​បេ​មានប្រសាសន៍​បន្តថា ​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន អ្នក​លឿង (​ត្សឹ​សា​បា​) កាលពីពេល​កន្លងទៅ​គឺជា​ផ្នែក​មួយ​នៃ​ការ​រឹត​ចំណង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ​ហើយ​ការដាក់​ឈ្មោះ​ស្ពាន​ដ៏​មាន​សារៈសំខាន់​នោះ​ ក៏​ជា​និម្មិត​រូប​នៃ​ការចូលរួមចំណែក​របស់​ជប៉ុន​ក្នុង​ការជួយ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង ក៏ដូចជា​ការតភ្ជាប់​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​ នៅក្នុង​ខែកញ្ញា​ខាងមុខ ​នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​ តាមរយៈ​នៃ​ការហោះហើរ​ត្រង់នោះ​ នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត​ ដែល​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ។

នៅ​ចំពោះមុខ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​អា​បេ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​គូសបញ្ជាក់​ពី​ជំហរ​មិន​ងាករេ​ក្នុង​ការបន្ត​ផ្តល់ជំនួយ​គ្រប់បែបយ៉ាង​ក្នុងការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ការមកដល់​នៃ​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​ក៏បាន​ចាត់ទុកថា​ការមកដល់​នៃ​ជើងហោះហើរ​ត្រង់នោះ​ នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​សន្ទុះ​ខ្ពស់​ឡើង​ថែមទៀត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ​កន្លង​មក​កម្ពុជា ជប៉ុន បានធ្វើការ​ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន​ក្នុង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​កើនឡើង​ថែមទៀត​ បើទោះបីជា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅពេល​បច្ចុប្បន្ន​មាន​ទំហំ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក៏ពិតមែន​ ប៉ុន្តែ​ទំហំ​នោះ​ហាក់​នៅមានកម្រិត​នៅឡើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយចំនួនទៀត​នោះ​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ ដែ​ល​បានផ្តល់​ជំនួយ​ដល់​ដំណើរការ​រៀបចំ​ការចុះ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​កម្ពុជា​ដែល​នោះ​គឺ​បានបង្ហាញ​ពី​ដំណើរការ​ប្រជាធិបតយ្យ​នៅ​កម្ពុជា។

ក្នុងជំនួប​ពិភាក្សា​ប្រកបដោយ​អត្ថន័យ​នោះ ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ជប៉ុន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​តំបន់ ​និង​អន្តរជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ដូចគ្នា​ពិសេស​ការ​បន្ត​សហការ​ក្នុង​ការ​ជួយ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​នៃ​កង​ថែរក្សា​សន្តិភាព​របស់​ប្រទេស​ទាំងពីរ​ ដែល​កំពុង​ចូលរួម​ប្រតិបត្តិការ​សន្តិភាព​របស់​ពិភពលោក។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​តាមរយៈ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​សូម​អញ្ជើញ​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​បុត្រ​ច្បង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលជា​អ្នក​បន្តវេន​ដ៏​ល្អ​របស់​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​វេលា​ដ៏​សមស្រប​ខាងមុខ៕


M16-07-16-b1\ M16-07-16-b



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684