ព័ត៍មានទាន់​ហេតុការណ៏
Search
M16-07-16-d

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​៖ ​កម្ពុ​ជា​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ ​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជា​សាកល

ភ្នំពេញ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងថា ​កម្ពុជា​មាន​​ឆន្ទៈ​នយោបាយ​ខ្ពស់​ ក្នុងការ​រួមចំណែក​ ដល់​កិច្ចប្រឹងប្រែង​ជា​សាកល ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ ការ​ប្រែប្រួល​អាកាសធាតុ​ ពិសេស​គោលការណ៍​ស្តីពី​ការ​ទទួលខុសត្រូវ​រួមគ្នា ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេងគ្នា​ស្របតាម​សមត្ថភាព​រៀងៗ​ខ្លួន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅកាន់​បណ្តា​មេដឹកនាំ​ប្រទេស អាស៊ី​-​អឺរ៉ុប ដែល​បាន​ចូលរួម​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ដែរ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃត្រង់​ទី​១៦ ខែ​កក្កដា បន្ទាប់ពី​បាន​ដំណើរការ​រយៈពេល​២​ថ្ងៃ​រួចមក​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី។

នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២ នេះ​ដែរ​ពោល​គឺ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ជា​ការ​ប្រឈម​សន្តិសុខ​មិនមែន​ប្រពៃណី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា​ការប្រែប្រួល​អាកាសធាតុ​គឺជា​បាតុភូត​ប្រទាក់ក្រឡា​គ្នា​ ដែល​ត្រូវ​ដោះស្រាយ​តាមរយៈ​មធ្យោបាយ​ជា​កញ្ចប់​ និង​គ្រប់​ជ្រុងជ្រោយ​ទាំង​លើ​ទិដ្ឋភាព សង្គម​សេដ្ឋកិច្ច​និង បរិស្ថាន។

សម្តេច​តេ​ជោ​បន្តថា ​៖​ យើង​ត្រូវ​បង្កើន​ការផ្តល់​ធនធាន​ហិរញ្ញវត្ថុ​ និង​ការផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស ​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​សម្រាប់​ជួយ​ពង្រឹង​យន្តការ​គ្រប់គ្រង និង ជំរុញ​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​ការស្រាវជ្រាវ​អំពី​ថាមពល​កកើតឡើង​វិញ​ និង​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល​ការ​ការពារ​ព្រៃឈើ​ និង​ការដាំ​ដើមឈើ​ឡើងវិញ​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​បន្សាំ​ជាដើម ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ សម្តេច​តេ​ជោ​បន្តថា​ ការងារ​សំខាន់​មួយទៀត​គឺ​ការ​ជំរុញ​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​ឆាប់​សំដៅ​ធានា​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បន្ត​ថា​ ទោះបីជា​ធនធាន​របស់​ក​ម្ពុ​ជា​នៅមានកម្រិត​ក្តី​កម្ពុ​ជាមាន​ឆន្ទៈ នយោបាយ​ខ្ពស់​ក្នុង​ការរួមចំណែក​ដល់​កិច្ចប្រឹងប្រែង​ជា​សាកល ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាស​ធាតុ​ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្រប​ខណ្ឌ របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ពិសេស​គោលការណ៍​ស្តីពី​ការទទួលខុសត្រូវ​រួមគ្នា​ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេងគ្នា​ស្របតាម​សមត្ថភាព​រៀងៗ​ខ្លួន។

សម្តេច​តេ​ជោ​បាន​បន្តថា ​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​រួចហើយ សម្រាប់​ការកំណត់​វិភាគទាន​ថ្នាក់ជាតិ​ ហើយ​កិច្ច​ការរៀបចំ​ផែនការ គោលនយោបាយ​ជាតិ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា​ ក៏​សុទ្ធតែ​ត្រូវបាន​ដាក់បញ្ចូល​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ​និង​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ ២០៣០​ផងដែរ។

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី ១១ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃត្រង់​ទី ១៦ ខែ កក្កដា បន្ទាប់ពី​បាន​ដំណើរការ​រយៈពេល​២​ថ្ងៃ​រួចមក។ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃនេះ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​-​អឺរ៉ុប បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ និង ឈាន​ទៅ​ដល់​ការ​អនុម័ត​លើ​ឯកសារ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី ១១​ក្នុង​នោះ​រួមមាន​ទី​១-​សេចក្តី​ប្រកាស​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​និង ទី​២-​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ៕

M16-07-16-d1

M16-07-16-d2

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684