ព័ត៍មានទាន់​ហេតុការណ៏
Search
M16-07-16-e2

ភរិយា​លោក​បណ្ឌិត កែម ឡី ប្រកាស​សម្រេច​មិន​ដង្ហែ​​សព​ស្វាមី​ទៅកាន់​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​១៧​កក្កដា​នោះ​ទេ

ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥​ ខែ​កក្កដា ឆ្នាំ​២០១៦ គណៈកម្មាធិការ​បុណ្យ​សព​លោក កែម ឡី និង​សាច់ញាតិ​បានរៀបចំ​ និមន្ត​ព្រះសង្ឃ​ប្រមាណ​៥០០ អង្គ​រាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ដល់​លោក កែម ឡី សម្រាប់​ខួប​៧ ថ្ងៃ​នៃ​ការ​បាញ់សម្លាប់ ហើយ​សម្រាប់​ខួប​៧​ថ្ងៃនេះ មាន​សាច់ញាតិ និង​អ្នក​គោរព​ស្រឡាញ់​លោក​កែម ឡី ចូលរួម​រាប់បាត្រ​យ៉ាងច្រើន។

ទាក់ទង​ដល់​ការ​ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ​នោះ គណៈកម្មការ​ប្រកាស​ធ្វើការ​ពន្យារពេល ដោយ​សម្អាង​ថា ដោយសារតែ​មានការ​ស្នើ​សុំ​ច្រើន​ពី​សាធារណជន ចង់​ឲ្យ​តម្កល់ទុក​នៅ​វត្ត​ចាស់​មួយ​រយៈ​ទៀត។ តាម​គម្រោង​សព​លោក កែម ឡី នឹង​ដង្ហែ​ចេញពី​វត្ត​ចាស់​នៅ​ម៉ោង​៧ ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ទៅ​បញ្ចុះ​នៅ​ភូមិ​អង្គ​តា​កុក ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប៉ុន្តែ​កាលពី​យប់ ថ្ងៃ​សុក្រ ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ សមាជិក​គណៈកម្មការ​ប្រកាស​ធ្វើការ​ពន្យារពេល​ការ​ដង្ហែ​ ហើយ​ពេលវេលា​ដង្ហែ​ពិតប្រាកដ នឹងត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។ ចំណែក​លោកស្រី ប៊ូ រចនា ដែលជា​ភរិយា​លោក​បណ្ឌិត កែម ឡី ប្រកាស​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា នេះថា​ លោកស្រី​ទទួលយក​សេចក្ដីសម្រេច​ទាំងស្រុង​របស់​គណៈកម្មការ​បុណ្យ​ដោយ​សម្រេច​មិន​ដង្ហែ​សព​លោក កែម ឡី ទៅកាន់​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា នោះទេ​។ លោកស្រី​បញ្ជាក់ថា ការមិនចុះសម្រុង​គ្នា​អំពី​ថ្ងៃ​ហែ​សព​នេះ គឺជា​ការ​សម្រេចចិត្ត​របស់​ប្អូនប្រុស​លោក កែម ឡី ប៉ុណ្ណោះ តែ​ចំពោះ​លោកស្រី គឺ​បង្ហាញ​ជំហរ​ច្បាស់​ហើយ​ថា នឹង​មិន​ដង្ហែ​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា នោះទេ។

ដោយឡែក​លោក កែម រិទ្ធី​សិទ្ធិ ប្អូនប្រុស​បង្កើត​នៃ​សព​លោក​បណ្ឌិត កែម ឡី បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ថា តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា សព​លោក កែម ឡី នឹងត្រូវ​ហែ​ពី​វត្ត​ចាស់ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឆ្ពោះទៅ​បញ្ចុះ​នៅ​ស្រុកកំណើត ស្ថិតនៅ​ភូមិ​អង្គ​តា​អុក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ លោក​បាន​បញ្ជាក់ថា សព​នឹង​ហែ​ចេញពី​វត្ត​ចាស់ រហូត​ហួស​ពោធិចិនតុង ទើប​ឡើង​ជិះ​រថយន្ត ឬ​ម៉ូតូ ហើយ​គម្រោង​នេះ ក៏​ត្រូវ​បាន​អនុញ្ញាត​​ពី​សាលាក្រុង​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រោយពី​មរណភាព​របស់​លោក កែម ឡី មាន​អ្នកនយោបាយ ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន ជាពិសេស​លោក សម រង្ស៊ី បាន​ឆ្លៀត​កេង​ចំណេញ​នយោបាយ ដោយ​ធ្វើការ​វាយប្រហារ​ទៅលើ​រាជរដ្ឋាភិបាល​ថា ការ​ស្លាប់​របស់​លោក កែម ឡី ជា​ការ​រៀបចំ​ដោយ​រដ្ឋអំណាច បើ​ទោះ​បីជា​សមត្ថកិច្ច​​បង្ហាញ​មុខ​ឃាតក​​ពិត​រួចហើយ​ក៏ដោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684