ព័ត៍មានទាន់​ហេតុការណ៏
Search
M16-07-16-i

ទីលាន​បាល់ទាត់​បឹង​កេងកង​ ដែល​ជួសជុល​អស់​ជិត​១០​ម៉ឺន​ដុល្លារ​ បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ភ្នំពេញ ​៖ ​ទីលាន​បាល់ទាត់​ស្មៅ​ធម្មជាតិ នៃ​វិទ្យាល័យ​ ជា ស៊ីម បឹង​កេងកង ដែល​បាន​ធ្វើ​ការ​ជួសជុល រួច​​​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​​ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​មន្ដ្រី​មន្ទីរ និង​ខណ្ឌ​ជាច្រើន​ផងដែរ។

លោកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទីលាន​បាល់ទាត់​នេះ បាន​អនុ​គម្រោង​ស្ថាបនា​ចាប់ពី​ខែកុម្ភៈ និង​បញ្ចប់​នៅ​ចុងខែ​មេសា ឆ្នាំ​២០១៦ ដោយ​ចំណាយ​អស់​ថវិកា​សរុប ៩៩.៧៨១​ដុល្លារ ជា​ថវិកា​ ដែល​ទទួល​បាន​ពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោកប៉ា សុជាតិ​វង្ស ក្នុងឱកាស​នោះ បាន​មានប្រសាសន៍​លើកឡើងថា ដោយសារ​វិស័យ​កីឡា កំពុង​តែមាន​សក្ដានុពល និង​ពេញនិយម​លេង​កម្សាន្ដ ដើម្បី​សុខភាព​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ រួមទាំង​សិស្សានុសិស្ស​ផង​នោះ ទើប​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ថាបនា​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង​នេះ​ឡើង ដើម្បី​ផ្ដល់​ឲ្យ​សិស្សានុសិស្ស​មាន​ទីលាន​លេង​ស្រួល ក្រោយ​ទំនេរ​ពី​ការសិក្សា ដើម្បី​បង្កើន​សមត្ថភាព​ផ្លូវកាយ មាន​ភាព​ឆ្លាត​វៃ និង​មាន​ក្រមសីលធម៌​ល្អ​ផងដែរ។

ទន្ទឹម​ជាមួយគ្នា​នោះ លោកប៉ា សុជាតិ​វង្ស​ក៏បាន​ប្រកាស​អំពី​យុទ្ធនាការ​បង្កើត​ឲ្យ​មាន សមាគម​កីឡា​រាជធានី​ភ្នំពេញ មួយ ដើម្បី​គាំទ្រ​រាល់​សកម្មភាព​កីឡា​ក្នុង​រាជធានី​ភ្នំពេញ និង​ជំរុញ​ឲ្យ​គ្រប់​ខណ្ឌ​ទាំង មាន​ចលនា​កីឡា​គ្រប់​ប្រភេទ ដើម្បី​ធ្វើការ​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​ទៀតផង។

លោក​អភិបាល​បាន​បន្ដថា នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បំផុស​សកម្មភាព​កីឡា និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាមួយ​រាជរដ្ឋាភិបាល ដែល​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង ដើម្បី​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣។

ទីលាន​បាល់ទាត់​ស្មៅ​ធម្មជាតិ នៃ​វិទ្យាល័យ​បឹង​កេងកង ដែល​បាន​ចំណាយ​អស់​ជិត ១០​ម៉ឺន​ដុល្លារ​នេះ គឺ​ស្ថាបនា​ឡើង​ដោយ​ការចាក់ដី ​និង​ដាំ​ស្មៅ​លើ​ផ្ទៃដី ៧៩២០​ម៉ែត្រក្រឡា​, ការសាងសង់​វេទិកា ១​ខ្នង​ទំហំ ៩៩.៥០​ម៉ែត្រក្រឡា​, ការរៀបចំ​ក្រាល​ការ៉ូឡា​ទំហំ ១.៦០០​ម៉ែត្រក្រឡា និង​រៀបចំ​ប្រព័ន្ធ​លូ ទុ​យ៉ូ​ទឹកស្អាត ព្រមទាំង​ការ​ដាំ​ដើម​ឈើរ​បន្ថែម​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​សម្ពោធ​នោះ​ក៏​មាន​ការប្រកួត​កីឡាបាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ដើម្បី​ដណ្តើម​ពាន​រង្វាន់​ផង​ដែរ ក្នុង​នោះ​ពានរង្វាន់​លេខ​១​បាន​ទៅលើ​ក្រុម​កីឡាករ​មកពី​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ និង​លេខ​២​បាន​ទៅលើ​ក្រុម​កីឡាករ​មកពី​សាលា​រាជធានី​ភ្នំពេញ ដោយ​លេខ​១​ទទួល​បាន​ពាន​មួយ​និង​ទឹក​ប្រាក់​ចំនួន​៤​លាន​រៀល លេខ​២​បាន​ពាន​មួយ ​និង​ទឹកប្រាក់​២​លាន​រៀល​ពី​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ៕

M16-07-16-i5

M16-07-16-i4

M16-07-16-i3

M16-07-16-i2

M16-07-16-i1



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684